Connect with us

ព័ត៌មាន

អាជីវករនៅផ្លូវថ្មើរជើង (Walk Street) រកចំណូលបានកើនឡើងខ្ពស់ក្នុងពិធីបុណ្យអុំទូក និងស្នើបន្តបើក ៣ ថ្ងៃក្នុងមួយសប្តាហ៍

ភ្នំពេញ៖ ក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ៥ ថ្ងៃកន្លងទៅនេះ ក្រុមអាជីវករលក់ដូរនៅតាមបណ្តោយផ្លូវថ្មើរជើង (Walk Street) រាជធានីភ្នំពេញ បានបង្ហាញក្តីសប្បាយរីករាយយ៉ាងខ្លាំង ខណៈការលក់ដូររបស់ពួកគាត់ទទួលបានការគាំទ្រភ្លូកទឹកភ្លូកដី និងអាចរកប្រាក់ចំណូលបានកើនឡើងខ្ពស់ជាងថ្ងៃចុងសប្តាហ៍ធម្មតា។

អាជីវករលក់គ្រឿងអលង្ការ និងគ្រឿងតុបតែងខ្លួននៅលើផ្លូវថ្មើរជើង (Walk Street) បានបញ្ជាក់ថា ក្នុងអំឡុងពេលរៀបចំពិធីបុណ្យអុំទូក ការលក់ដូររបស់អ្នកស្រីមានភាពមមាញឹកខ្លាំងជាងថ្ងៃចុងសប្តាហ៍ធម្មតា ដោយអាចរកចំណូលបានប្រមាណ ៨០ ម៉ឺន ទៅ ៩០ ម៉ឺនរៀល ក្នុងមួយថ្ងៃ ហើយថ្ងៃខ្លះអាចរកបានលើសពីនេះទៀត។

អ្នកស្រីបានបង្ហាញពីការសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលបានបង្កើតផ្លូវថ្មើរជើងនេះឡើង ដើម្បីផ្តល់ឱកាសឱ្យអាជីវករអាចប្រកបរបររកចំណូលបន្ថែម។ លើសពីនេះ ទីតាំងនេះមិនត្រឹមតែជួយលើកកម្ពស់ជីវភាពអាជីវករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងសម្រាប់ប្រជាពលរដ្ឋមកលំហែកាយ និងបន្ធូរភាពតានតឹងក្រោយពេលបំពេញការងារពេញមួយសប្តាហ៍ផងដែរ។

អាជីវកររូបនេះបានមានប្រសាសន៍ថា៖ «ផ្លូវ Walk Street ជួយបង្កើនប្រាក់ចំណូលដល់អាជីវករ ដែលអាចជួយដោះស្រាយថ្លៃសាលាកូន និងជីវភាពប្រចាំថ្ងៃបានប្រសើរជាងមុន»។

ចំណែកអាជីវករលក់នំម៉ូឈិបែបជប៉ុនមួយរូបទៀត បានឱ្យដឹងថា នំម៉ូឈិរបស់កញ្ញាត្រូវបានផលិតឡើងដោយផ្ទាល់ដៃ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកខ្មែរទាំងអស់ និងដាក់លក់ក្នុងតម្លៃសមរម្យ។ កញ្ញាបន្តថា ក្នុងឱកាសបើកដំណើរការផ្លូវថ្មើរជើងរយៈពេល ៥ ថ្ងៃនៃពិធីបុណ្យអុំទូក គឺការលក់ដូរមានភាពមមាញឹកខ្លាំង ដោយកញ្ញាអាចលក់នំអស់គ្មានសល់ជារៀងរាល់ថ្ងៃ។ ជាធម្មតា កញ្ញាផលិតនំប្រមាណ ៥០ ទៅ ៦០ នំក្នុងមួយថ្ងៃ ប៉ុន្តែក្នុងឱកាសពិធីបុណ្យទាន កញ្ញាបានបង្កើនការផលិតរហូតដល់ជាង ១០០ នំក្នុងមួយថ្ងៃ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន។

កញ្ញាបានបញ្ជាក់ថា៖ «បន្ទាប់ពីពិធីបុណ្យអុំទូក កញ្ញានឹងបន្តមកលក់ដូរនៅទីតាំង ផ្លូវ Walk Street ជាប្រចាំ ដើម្បីបង្កើនប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាព»។

ជាមួយគ្នានេះ ក្រុមអាជីវករបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ដែលបានបង្កើតផ្លូវថ្មើរជើង (Walk Street) នៅរាជធានីភ្នំពេញ ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនប្រាក់ចំណូលដល់ពលរដ្ឋ និងផ្តល់ជាកន្លែងកម្សាន្តបន្ធូរអារម្មណ៍ដ៏ស្រស់ស្រាយតាមមាត់ទន្លេ។ ទន្ទឹមនឹងនេះ ក្រុមអាជីវករក៏បានស្នើសុំឱ្យអាជ្ញាធរបន្តបើកដំណើរការផ្លូវថ្មើរជើងនេះឱ្យបាន ៣ ថ្ងៃក្នុងមួយសប្តាហ៍ គឺចាប់ពី ថ្ងៃសុក្រ ដល់ ថ្ងៃអាទិត្យ ជាប្រចាំ ដើម្បីបន្តបង្កើតឱកាសរកចំណូល និងផ្តល់ទីតាំងសម្រាប់ប្រជាពលរដ្ឋលំហែកាយផងដែរ៕អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia