Connect with us

ព័ត៌មាន

ការហ្វឹកហ្វឺន ជា​ការ​កសាង​​សមត្ថភាព បំប៉នជំនាញ ពង្រឹងគុណភាពកម្លាំង ដែល​ជា​មូលដ្ឋាន​ដ៏​រឹងមាំ​សម្រាប់​ការពារជាតិ

ក្នុងឱកាស​អញ្ជើញចុះពិនិត្យដោយផ្ទាល់នូវសកម្មភាពហ្វឹកហ្វឺន និង​បំប៉ន​ជំនាញ​បើកបរ​រថយន្ត​ធុន​ធ្ងន់​ជំនាន់ទី១១ នាព្រឹកថ្ងៃទី២៧ ខែ​វិច្ឆិកា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេ​បញ្ជាកា​រកងពលតូចដឹកជញ្ជូនលេខ៩៩ ថ្លែងគូស​បញ្ជាក់ថា ​ការ​ហ្វឹក​ហ្វឺន គឺ​ជា​ការ​កសាង​​សមត្ថភាព បំប៉នជំនាញ ពង្រឹងគុណភាពកម្លាំង ដែលជា​មូលដ្ឋាន​ដ៏រឹងមាំ​សម្រាប់​ការ​ពារជាតិ និង​​បម្រើ​មា​តុភូមិ។

សកម្មភាពហ្វឹកហ្វឺន និង​បំប៉ន​ជំនាញ​បើកបរ​រថយន្តធុនធ្ងន់ជំនាន់ទី១១ មាន​​សិក្ខា​កាម​ចំនួន ១២០នាក់ ដែលកំពុងអនុវត្ត​ការ​ហ្វឹក​ហ្វឺន​បើកបរឆ្លងកាត់ទីប្រជុំជន ផ្លូវឆ្ងាយ និងតំបន់ព្រៃភ្នំ រយៈ​ពេល២ថ្ងៃ ​នៅតំបន់ជើងភ្នំដំរីរមៀល ស្រុកត្រាំកក់ ខេត្តតាកែវ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បា​ន​គូស​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​ការ​ហ្វឹក​ហ្វឺន​បំប៉ន​​ជំនាញ​បើកបររថយន្តធុនធ្ងន់ ដែលជាកត្តាចាំបាច់ក្នុងការកសាងធនធានមនុស្ស និង​ពង្រឹង​សមត្ថ​ភាព​វិជ្ជាជីវៈរបស់យោធិនឱ្យមានចំណេះដឹងចំណេះធ្វើ និងបទពិសោធន៍ជាក់ស្តែង ស្រប​តាម​​តម្រូវ​ការភារកិច្ចរបស់អង្គភាព ខណៈការហ្វឹកហ្វឺននេះ មិនត្រឹមតែផ្តោត​លើ​ជំនាញ​បញ្ជា​យាន​យន្ត​​ក្នុង​ស្ថានភាពផ្លូវ និងភូមិសាស្ត្រផ្សេងៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​ពង្រឹង​ចំណេះ​ដឹង​លើ​ការ​គ្រប់​​គ្រង​បច្ចេកទេស ការជួសជុល និងថែទាំមធ្យោបាយ ការប្រើប្រាស់ស​ម្ភារៈ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព និងសន្សំសំចៃ ព្រមទាំងការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីធានាសុវត្ថិភាព សណ្តាប់​​ធ្នាប់ និងការទទួលខុសត្រូវខ្ពស់ក្នុងពេលបំពេញភារកិច្ចផងដែរ។

ជាក់ស្តែង សមត្ថ​ភាព​របស់​កង​កម្លាំងដឹកជញ្ជូន គឺជាផ្នែកមួយដ៏​សំខាន់​ក្នុងការ​ធានា​នូវ​ប្រសិទ្ធ​ភាព​នៃ​ការ​បំពេញ​ភារ​កិច្ច​របស់​កងទ័ព។ ដូច្នេះការបណ្តុះបណ្តាលជំនាញឱ្យបានត្រឹមត្រូវ និង​ការ​ភ្ជាប់​ទ្រឹស្តី​ទៅ​នឹង​ការ​អនុវត្ត​ជាក់​ស្តែង គឺជាមូលដ្ឋានគ្រឹះក្នុងការកសាងកម្លាំងដែលមានសមត្ថភាព វិជ្ជាជីវៈ វិន័យ និង​ភាព​ម្ចាស់ការខ្ពស់ រួមចំណែកដល់ការពង្រឹងខឿនការពារជាតិ ការការ​ពារ​អធិប​តេយ្យ​ភាព​ជាតិ និង​បូរណភាពទឹកដីនៃមាតុភូមិជាដើម។ លោកឧត្តមសេនីយ៍បានគូសបញ្ជាក់ថា «ការហ្វឹកហ្វឺន គឺជា​ការ​កសាង​​សមត្ថភាព ការបំប៉នជំនាញ គឺជាការពង្រឹងគុណភាពកម្លាំង ហើយ​ការ​​កសាង​ធន​ធាន​មនុស្ស​ប្រកប​ដោយវិជ្ជាជីវៈ វិន័យ និងការទទួលខុសត្រូវ គឺជាមូលដ្ឋាន​ដ៏​រឹង​មាំស​ម្រាប់​ការពារជាតិ និង​បម្រើមា​តុភូមិ។

ក្នុងឱកាសនោះដែរមេបញ្ជាការកងពលក៏បានក្រើនរំលឹកដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំយក​ចិត្ត​ទុក​ដាក់​រៀនសូត្រ ហ្វឹកហាត់ឱ្យបានហ្មត់ចត់ គោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងវគ្គ មាន​សាមគ្គី​ភាព​ផ្ទៃ​ក្នុង​ល្អ គោរពពេលវេលា និងកសាងអត្តចរិត សីលធម៌ និងឥរិយាបថ​ឱ្យ​សក្តិសម​ជា​កង​យោធ​ពល​ខេមរភូមិន្ទផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia