ព័ត៌មាន
សហរដ្ឋអាម៉េរិក និងកម្ពុជាបានសហការគ្នារៀបចំជាលើកដំបូង នូវរបៀបវារៈទៀងទាត់នៃកិច្ចសន្ទនារវាងរដ្ឋនិងឯកជន ដើម្បីថែទាំវិនិយោគិនអាម៉េរិកមានស្រាប់ និងបង្ហាញសញ្ញាណវិជ្ជមានសម្រាប់វិនិយោគិនថ្មីដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចសន្ទនារវាងរដ្ឋនិងឯកជន កម្ពុជា-អាម៉េរិក លើកទី១ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ប្រធានសភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា (AmCham Cambodia), ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ABC), វិស័យឯកជន និងមន្ត្រីជំនាញជាច្រើនរូប។
កិច្ចសន្ទនារវាងរដ្ឋនិងឯកជន កម្ពុជា-អាម៉េរិក លើកទី១នេះបានក្លាយជារបៀបវារៈថ្មីនៃកិច្ចសន្ទនាផ្លូវការដើម្បីស្ដាប់និងពិភាក្សាដោះស្រាយរាល់កង្វល់នានារបស់វិនិយោគិនអាម៉េរិក អនុវត្តក្រោមស្មារតីសហការនិងឯកភាពរួមគ្នារវាងប្រមុខថ្នាក់ដឹកនាំកម្ពុជា ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្ដេចធិបតីនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំសហរដ្ឋអាម៉េរិក។ យន្តការថែទាំវិនិយោគដែលរៀបចំឡើងនាឱកាសនេះ បានបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងជំនឿចិត្តរបស់តួអង្គពាក់ព័ន្ធ រួមមានវិស័យឯកជនទាំងមានស្រាប់និងវិនិយោគិនថ្មីៗ តាមរយៈបង្កើនប្រសិទ្ធភាពយន្តការសន្ទនារវាងរដ្ឋនិងឯកជនទាំងក្នុងកម្រិតគោលនយោបាយ និងបច្ចេកទេស ដើម្បីជំរុញការពិភាក្សាស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា អនុវត្តស្របតាមកម្មវីធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីសង្គម-សេដ្ឋកិច្ចកម្ពុជា។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះវត្តមានរបស់លោកស្រីភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចំណាយពេលវេលាដើម្បីចូលរួមក្នុងកិច្ចសន្ទនាឱកាសនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យវិស័យឯកជនរបស់សហរដ្ឋអាម៉េរិក តាមរយៈស្ថានទូត និងសភាពាណិជ្ជកម្មសហរដ្ឋអាម៉េរិក លើកឡើងអំពីបញ្ហាប្រឈមនានារបស់ខ្លួន ដើម្បីធានាស្វែងរកដំណោះស្រាយសមស្រមពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ការរៀបចំកិច្ចសន្ទនានាឱកាសនេះ គឺស្របតាមចក្ខុវិស័យរបស់កម្ពុជាក្នុងធ្វើពិពិធកម្មប្រភពវិនិយោគ ពិសេសពីសហរដ្ឋអាម៉េរិកបន្ថែមទៀត។ អាស្រ័យហេតុនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រំពឹងថានឹងទទួលបានសញ្ញាណល្អពីវិនិយោគិនអាម៉េរិក ក្នុងអំឡុងបេសកកម្មគោះទ្វារវិនិយោគិននៅសហរដ្ឋអាម៉េរិកប្រមាណ២សប្ដាហ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ។
លើកឡើងនាឱកាសនេះដែរ លោកស្រីភារធារី បានបង្ហាញភាពសប្បាយរីករាយដែលបានសហការរៀបចំកិច្ចសន្ទនារវាងរដ្ឋនិងឯកជនលើកទី១នេះ ដែលអាចរួមគ្នាពិនិត្យពិភាក្សាលើបរិយាកាសវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះដែរលោកស្រីបានបន្ថែមថា សហរដ្ឋអាម៉េរិក នឹងបន្តខិតខំធ្វើការរួមគ្នា ដើម្បីពង្រីកពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ ក្នុងក្របខណ្ឌការវិនិយោគ សហរដ្ឋអាម៉េរិកបានមើលឃើញអំពីការចូលរួមរបស់ក្រុមហ៊ុនឯកជនអាម៉េរិកដែលបានវិនិយោគបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា ហើយលោកស្រីជឿជាក់ថា វត្តមាននិងប្រតិបត្តិការក្រុមហ៊ុនរបស់សហរដ្ឋអាម៉េរិកកាន់តែច្រើន នឹងចូលរួមបានកាន់តែប្រសើរក្នុងការជំរុញកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ច។ លោកស្រីភារធារី ជាថ្មីម្ដងទៀតបានបង្ហាញសុទិដ្ឋិនិយមខ្ពស់នូវកិច្ចខិតខំរបស់កម្ពុជាក្នុងការទាក់ទាញវិនិយោគិន និងបេសកកម្មការងាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទៅសហរដ្ឋអាម៉េរិកនាសប្ដាហ៍ក្រោយនេះ៕

-
កីឡា1 week ago
ក្នុងឱកាសខួប ៥ឆ្នាំ នៃកីឡដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី បង្ហើបពីតម្រុយថ្មី
-
ព័ត៌មាន1 week ago
មន្ត្រីសង្ឃខេត្តសៀមរាប នាំយកជំនួយសប្បុរសជននៅអាមេរិក ជូនកងទ័ពជួរមុខ ក្នុងខេត្តឧត្តរមានជ័យ
-
ព័ត៌មាន5 days ago
ជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងកងទ័ពចាប់ខ្លួនភ្លាមៗ ក្រោយពួកគេព្យាយាមដឹកកូនត្រីខុសច្បាប់ក្នុងរដូវបិទនេសាទទៅលក់បន្តអោយឈ្មួញ
-
ព័ត៌មាន1 day ago
សភាពការណ៍ជួរមុខតាមបន្ទាត់ព្រំដែនខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យមានសភាពស្ងប់ស្ងាត់
-
ព័ត៌មាន1 week ago
ករណីគ្រោះថ្នាក់រថភ្លើងដឹកប្រេងក្រឡាប នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង តែមិនបង្ករអោយមានអ្នករបួសនោះទេ
-
ព័ត៌មាន1 week ago
កម្ពុជាបន្តដាស់តឿនឲ្យថៃគោរពឲ្យបានខ្ជាប់ខ្ជួនបទឈប់បាញ់ និងបន្តទាមទារឲ្យដោះលែងទាហានខ្មែរទាំង១៨នាក់
-
ព័ត៌មាន1 week ago
ពលរដ្ឋខ្មែរនិងព្រះសង្ឃ ជាង ១០០០អង្គ/នាក់ ជួបជុំគ្នាបាតុកម្ម សុំឱ្យសហគមន៍អន្តរជាតិ អន្តរាគមន៍ឱ្យប្រទេសថៃ គោរពបទឈប់បាញ់ និងដោះលែងកងទ័ពកម្ពុជាដោយឥតលក្ខខណ្ឌ
-
ព័ត៌មាន4 days ago
កម្ពុជាជឿជាក់កិច្ចប្រជុំថ្នា RBCថ្ងៃនេះ នឹងទទួលបានលទ្ធផលល្អ រហូតដល់គោរពបាន នូវបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព