ព័ត៌មាន
ដំណើរទស្សនកិច្ចខេត្តទិសឦសានលើកទី៣ បញ្ចប់ដោយជោគជ័យ ខណៈរាជរដ្ឋាភិបាលបន្តរៀបចំរហូតដល់បំណាច់ឆ្នាំ
ដំណើរទស្សនកិច្ចខេត្តទិសឦសានសម្រាប់ជើងទីបី បានបញ្ចប់ដោយជោគជ័យ និងភាពសប្បាយរីករាយ ខណៈការចុះឈ្មោះសម្រាប់ដំណើរទស្សនកិច្ចប៉ែកឦសានបាន និងកំពុងបន្តរហូតដល់បំណាច់ឆ្នាំ២០២៤នេះ។ នេះបើតាមឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន។

ឯកឧត្តម ទេព អស្នារិទ្ធ បានឱ្យដឹងថាដំណើរទស្សនកិច្ចពលរដ្ឋទៅកាន់ប៉ែកឦសាន ដោយឥតគិតថ្លៃជើងទី៣ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤នេះ មានអ្នកចូលរួមដល់ទៅជាង ៦០០ នាក់ មកពីគ្រប់មជ្ឈដ្ឋាន ហើយបានប្រព្រឹត្តទៅដោយជោគជ័យ និងមានសុវត្ថិភាពទាំងចាប់ពីពេលចេញដំណើរពីរាជធានីភ្នំពេញ រហូតដល់ពេលត្រលប់មកដល់រាជធានីភ្នំពេញវិញ នៅក្នុងថ្ងៃដដែល។

ដំណើរទស្សនកិច្ចទាំងបីលើកនេះត្រូវបានរៀបចំឡើង និងសម្របសម្រួលយ៉ាងរលូនដោយក្រុមការងារដែលដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនៃអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រដ្ឋលេខាធិការដ្ឋានទទួលបន្ទុកកិច្ចការព្រំដែន ថ្នាក់ដឹកនាំខេត្តនិងអាជ្ញាធរក្នុងភូមិសាស្ត្រខេត្តពាក់ព័ន្ធ ក៏ដូចជាមន្ត្រីជំនាញខាងព្រំដែនផងដែរ។
ក្រោមការផ្តួចផ្តើមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដំណើរទស្សនកិច្ចនេះផ្តល់សារៈសំខាន់ចំពោះការចូលរួមពីសំណាក់សាធារណជន ប្រជាពលរដ្ឋទូទៅ ឱ្យបានឃើញដោយផ្ទាល់អំពីស្ថានភាពពិតនៃការគ្រប់គ្រង និងការពារទឹកដីរបស់កម្ពុជា ជាពិសេសតាមរយៈការស្វែងយល់ឱ្យបានស៊ីជម្រៅអំពីការងារព្រំដែន ការបោះបង្គោលព្រំដែន ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងការអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាជននៅក្នុងបណ្តាខេត្តដែលស្ថិតនៅតាមណ្តោយព្រំដែន។ ក្រុមការងាររៀបចំដំណើរទស្សនកិច្ចបាននិងកំពុងបន្តទទួលការចុះឈ្មោះរបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់ តាមប្រព័ន្ធចុះឈ្មោះអនឡាញ ជាមួយទម្រង់ចុះឈ្មោះងាយស្រួលសម្រាប់លើកទឹកចិត្តដល់ប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋានដែលមានបំណងចូលរួមក្នុងដំណើរទស្សនកិច្ចនេះ។

ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន«ជាគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃកម្ពុជាក្រុមការងារអន្តរក្រសួងបាននឹងកំពុងរៀបចំដំណើរទស្សនកិច្ច សម្រាប់ប្រជាពលរដ្ឋទូទៅបានចូលរួមទាំងអស់គ្នាទៅទស្សនាខេត្តទិសឦសានរបស់កម្ពុជា។ ដំណើរទស្សនកិច្ច៣លើកបានបញ្ចប់ទៅដោយជោគជ័យនឹងត្រូវរៀបចំរហូតដល់បំណាច់ឆ្នាំ២០២៤នេះ»។
សូមរំលឹកជូនថា ដំណើរទស្សនកិច្ចនេះត្រូវបានបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ពីគ្រប់មជ្ឈដ្ឋានឱ្យចូលរួមដោយស្ម័គ្រចិត្ត ដោយឥតគិតថ្លៃ ដោយត្រូវបំពេញព័ត៌មានងាយៗតាមការចុះឈ្មោះអនឡាញ និងដោយអនុវត្តគោលការណ៍៖ ចុះឈ្មោះមុន បានចូលរួមមុន។ រីឯថវិកាសម្រាប់ការចំណាយ គឺជាការឧបត្ថម្ភដោយ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ព្រមទាំងមានការចូលរួមពីសប្បុរសជន។ ថវិកានេះជាថវិកាផ្ទាល់ដោយឡែក របស់សម្តេចធិបតី និងលោកជំទាវ ដែលថវិកានេះ មិន ពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ៕





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN