ព័ត៌មាន
ក្រសួងសុខាភិបាលបើកកិច្ចប្រជុំ ស្តីពីការណែនាំតួនាទីភារកិច្ចគណៈកម្មការ និងអនុគណៈកម្មការ ការប្រឡងថ្នាក់ជាតិ
នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសុខាភិបាល បានបើកកិច្ចប្រជុំ ស្តីពីការណែនាំតួនាទីភារកិច្ចរបស់គណៈកម្មការ និងអនុគណៈកម្មការនានា សម្រាប់ការប្រឡងថ្នាក់ជាតិចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥។
លោកស្រីវេជ្ជបណ្ឌិត លឹម រត្ននារី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស នៃក្រសួងសុខាភិបាល និងជាអនុប្រធានលេខាធិការដ្ឋានប្រឡងថ្នាក់ជាតិ បានឲ្យដឹងថា ចំនួនបេក្ខជន ដែលត្រូវចូលរួមការប្រឡងថ្នាក់ជាតិ ចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥ មានចំនួនសរុប១០.៥២៨នាក់ ការប្រឡងនេះនឹងប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ គឺនៅថ្ងៃទី១ និងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ នៅមណ្ឌលប្រឡងសំណេរចំនួន៤ទីតាំងផ្សេងៗគ្នា គឺសាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាល័យជាស៊ីមសន្ធរម៉ុក វិទ្យាល័យឥន្ទ្រទេវី និងវិទ្យាល័យបាក់ទូក។ ការប្រឡងថ្នាក់ជាតិចូលរៀននេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីជ្រើសរើសនិស្សិតពូកែមានសមត្ថភាពខ្ពស់ចូលរៀនក្នុងវិស័យសុខាភិបាល ដើម្បីរួមចំណែកផលិតធនធានមនុស្សក្នុងវិស័យសុខាភិបាលប្រកបដោយសមត្ថភាព និងគុណភាពខ្ពស់។
យោងសេចក្តីជូនដំណឹងលេខ ០០៦/២៥ គបជ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ស្តីពីការប្រឡងថ្នាក់ជាតិចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រ និងថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររង នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥ មានបេក្ខជនចំនួន ១០ ៥៦៩នាក់ បានដាក់ពាក្យចូលរួមប្រឡង ក្រោយពីបានពិនិត្យលើឯកសារពាក្យសុំរបស់ បេក្ខជន គណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រេចឱ្យបេក្ខជនចំនួន ១០ ៥២៨នាក់ អាចមានសិទ្ធចូលរួមប្រឡងបាន។ ការប្រឡងនេះនឹងប្រព្រឹត្តទៅតាមកម្មវិធីដូចខាងក្រោម៖ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥៖ ចាប់ពីម៉ោង១៣ និង៣០នាទី ដល់ម៉ោង១៤ និង៣០នាទី ប្រឡងមុខវិជ្ជាជីវវិទ្យា, ចាប់ពីម៉ោង១៥ និង៣០នាទី ដល់ម៉ោង១៦ និង៣០នាទី ប្រឡងមុខវិជ្ជាគីមីវិទ្យា។ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥៖ ចាប់ពីម៉ោង១៤ និង០០នាទី ដល់ម៉ោង១៥ និង០០នាទី ប្រឡងមុខវិជ្ជាគណិតវិទ្យា។
នាឱកាសនេះឯកឧត្តម សុក ផេង រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងប្រធានគណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្ដុះបណ្ដាលក្នុងវិស័យសុខាភិបាល និងឯកឧត្តមសាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសហប្រធានគណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្ដុះបណ្ដាលក្នុងវិស័យសុខាភិបាល បានថ្លែងរួមគ្នាថា កិច្ចប្រជុំនាថ្ងៃនេះរៀបចំឡើងក្នុងគោលបំណងណែនាំពីតួនាទី ភារកិច្ចដល់គណៈកម្មការ និងអនុគណៈកម្មការនានាដែលនឹងត្រូវអនុវត្តភារកិច្ចនាថ្ងៃទី១-២ ខែមីនា ឆ្នាំ២០២៥ឱ្យយល់ច្បាស់ និងយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់។….សម្លេងឯកឧត្តម សុក ផេង យកជិត០១នាទី…(sound 01)
សូមបញ្ជាក់ថា គណៈកម្មការ និងអនុគណៈកម្មការនានា សរុបចំនួន១៧៥០នាក់ ត្រូវបានចាត់តាំងឡើង ដែលមានសមាសភាព ថ្នាក់ដឹកនាំ និងមន្ត្រីមកពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា គ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលទាំងសាធារណៈ និងឯកជន ដើម្បីគ្រប់គ្រង និងដំណើរការប្រឡងសំណេរ កំណែ និងប្រកាសលទ្ធផល។ ការប្រឡងនេះមានការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយផងដែរ៕ អត្ថបទ៖ រដ្ឋា




-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប