ព័ត៌មាន
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ លើកទឹកចិត្តឱ្យ JMAS ជប៉ុន បន្តសកម្មភាពការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដើម្បីគាំទ្រដល់កិច្ចការអភិវឌ្ឍសហគមន៍
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយលោក URANO Shigeyuki ប្រធាន JMAS និងសហការី នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីនដើម្បីពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីននៅកម្ពុជា។
ក្នុងជំនួបនោះ លោក URANO Shigeyuki បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងការអនុវត្តគម្រោងរវាង JMAS និងអង្គភាពស៊ីម៉ាក់ និងសកម្មភាពប្រតិបត្តិការរបស់ JMAS ក្នុងប្រទេសកម្ពុជា ក្នុងនោះរួមមាន ការគាំទ្រការងារបោសសម្អាតគ្រាប់បែកចង្កោមក្នុងខេត្តស្ទឹងត្រែង ឆ្នាំ២០២៥ គម្រោងបោសសម្អាតមីនក្នុងខេត្តបន្ទាយមានជ័យឆ្នាំ២០២៥ និងគម្រោងវិស័យកសិកម្មក្នុងខេត្តបាត់ដំបងឆ្នាំ ២០២៤-២០២៥។
ជាមួយគ្នានោះ លោក URANO Shigeyuki បានបញ្ជាក់ទៀតថា JMAS មានផែនការបង្កើតនូវគម្រោងថ្មីក្នុងភាពជាដៃគូជាមួយអង្គភាពស៊ីម៉ាក់ ព្រមទាំងបានស្នើសុំឱ្យអាជ្ញាធរមីនបន្តផ្តល់ការគាំទ្ររាល់កិច្ចសហប្រតិបត្តិការជាមួយ JMAS ពាក់ព័ន្ធនឹងកិច្ចការសកម្មភាពមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។
តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងដឹងគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលចូលរួមចំណែកក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ក្នុងនោះរួមទាំងសកម្មភាពមីនអស់រយៈពេលជាង ៣០ឆ្នាំ ហើយ JMAS ជប៉ុន គឺជាដៃគូមួយ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោងបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគមន៍ក្រោយបោសសម្អាតរួច ព្រមទាំងបានបញ្ជាក់ថា កម្ពុជា និងជប៉ុន នឹងបន្តរក្សានូវទំនាក់ទំនង និងវឌ្ឍនភាពរួមគ្នាលើវិស័យសកម្មភាពមីន។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានជំរុញលើក ទឹកចិត្តឱ្យ JMAS បន្តសកម្មភាពរបស់ខ្លួនក្រោមកិច្ចសហការជាមួយអង្គភាពស៊ីម៉ាក់ ក្នុងការគាំទ្រការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងកិច្ចការអភិវឌ្ឍន៍សហគមន៍នៅនឹងកន្លែង ដើម្បីផ្តល់ដីសុវត្ថិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតាមមូលដ្ឋាន ជាពិសេសគាំទ្រដល់ទស្សនវិស័យដឹកនាំ និងប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី៕ អត្ថបទ៖ភារម្យ







-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន5 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
PR NEWS24 hours agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន5 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន5 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន6 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា1 week agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន6 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)