ព័ត៌មាន
សម្ដេចធិបតី៖ ព្រះសីហនុជាខេត្តសក្ដានុពលត្រូវកសាងអភិវឌ្ឍន៍ ខណៈខេត្តមានកំពង់ផែទឹកជ្រៅធំជាងគេ
ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ខេត្តព្រះសីនុ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ខេត្តព្រះសីហនុ ជាខេត្តសក្ដានុពលមួយដែលត្រូវកសាងមិនអាចអត់បានឡើយ ខណៈខេត្តនេះគឺជាខេត្តនាំមុខដែលមានកំពង់ផែទឹកជ្រៅធំជាងគេនៅកម្ពុជា។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានថ្លែងថា ខេត្តព្រះសីហនុមានអគារខ្ពស់ៗ សណ្ឋាគារ តំបន់ពាណិជ្ជកម្ម តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស អាកាសយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវដែក កំពង់ផែសមុទ្រទឹកជ្រៅដែលរាជរដ្ឋាភិបាល បាននឹងកំពុងអភិវឌ្ឍសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ជំហានទី២ និងជំហានទី៣ បន្ថែមទៀត ដែលអនុញ្ញាតឱ្យកំពង់ផែរបស់កម្ពុជា មានសមត្ថភាពទទួលការចូលចតរបស់នាវាដឹកទំនិញធំៗលើពិភពលោកអាចចូលចតបានស្ទើរតែ១០០% នៅក្នុងឆ្នាំ២០២៩។
សម្ដេចធិបតីបានបញ្ជាក់ថា ជាពិសេសកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់ចំនួន១លានTEUs ជាលើកដំបូង។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បន្តថា សក្ដានុពលខេត្តព្រះសីហនុនឹងកាន់តែរីកធំតទៅទៀតនាពេលខាងមុខ ប៉ុន្ដែអ្វីដែលត្រូវការសំខាន់បំផុតសម្រាប់ខេត្ត គឺធនធានមនុស្សក្នុងខេត្ត ដើម្បីបម្រើដល់ការអភិវឌ្ឍរីកចម្រើនទាំងនេះ។
សូមជម្រាបថា រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តរៀបចំគោលនយោបាយអាទិភាពសម្រាប់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។ «ផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» គឺជាត្រីវិស័យក្នុងការអភិវឌ្ឍខេត្តព្រះសីហនុឱ្យទៅជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយសំដៅជំរុញកំណើនសេដ្ឋកិច្ច, ការអភិវឌ្ឍសង្គម និងការការពារបរិស្ថានប្រកបដោយចីរភាព និងនិរន្តរភាព ។ នេះជាវឌ្ឍនភាពថ្មីមួយដ៏សំខាន់របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ស្របតាម «យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១» ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
«ផែនការមេ» អភិវឌ្ឍខេត្តព្រះសីហនុនេះ មានចក្ខុវិស័យរយៈពេលវែងឆ្ងាយដើម្បីអភិវឌ្ឍខេត្តនេះទៅជា៖ទី១. ច្រកទ្វារអន្តរជាតិរបស់ប្រទេសកម្ពុជា ដោយប្រែក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនពហុមធ្យោបាយ និង ឡូជីស្ទិក, មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ, ទី២. ប៉ូលអភិវឌ្ឍន៍ជាតិ ដោយប្រែក្លាយជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រ និងប្រជុំកោះលំដាប់សកលលោក, មជ្ឈមណ្ឌលជាតិនៃការអភិវឌ្ឍឧស្សាហកម្ម និងមជ្ឈមណ្ឌលជាតិសម្រាប់នវានុវត្តន៍បច្ចេកវិទ្យា និង ទី៣. ទីក្រុងធំមួយនៅក្នុងតំបន់អាស៊ាន ជាមួយនឹងកិត្តិនាមជាទីក្រុងគំរូបៃតងប្រកបដោយចីរភាព, ចម្រុះវប្បធម៌ និងឆ្លាតវៃ៕អត្ថបទ៖ វ៉ន ដារ៉ា










-
PR NEWS2 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 day agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន6 days agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន1 week agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់