ព័ត៌មាន
ឥណ្ឌាគ្រោងបង្កើនការផ្ដល់សត្វខ្លាធំដល់កម្ពុជា ខណៈទីតាំងព្រលែងអំណោយផលក្នុងការពង្រីកពូជ
ភ្នំពេញ៖ រដ្ឋាភិបាល នៃប្រទេសឥណ្ឌា គ្រោងនឹងបង្កើនការផ្ដល់នូវអំណោយសត្វខ្លាធំ ដល់កម្ពុជា ខណៈអ្នកបច្ចេកទេសរបស់ឥណ្ឌា បង្ហាញពីការពេញចិត្ត ចំពោះទីតាំង ដែលត្រូវព្រលែងសត្វខ្លាធំទាំងនោះ មានស្ថានភាពល្អ និងអំណោយផលដល់ការពង្រីកពូជ ។

ក្នុងកិច្ចសម្ភាសន៍ជាមួយBTV ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា សម្រាប់ទីតាំង ដែលត្រូវព្រលែងសត្វខ្លាធំ បានត្រៀមរួចជាស្រេចហើយ ហើយកាលពីចុងឆ្នាំ២០២៤កន្លងទៅនេះ ក្រុមការងារនៃប្រទេសឥណ្ឌា បានចុះមកធ្វើការពិនិត្យ និងតាមដានទៅក្នុងតំបន់ដែលគ្រោងដាក់សត្វខ្លាធំនោះ ដោយជំហានដំបូង គឺគ្រោងបញ្ចូនមកចំនួន ៤ក្បាល (ឈ្មោល១ក្បាល និងមេ៣ក្បាល) ប៉ុន្តែថ្មីៗនេះ រដ្ឋាភិបាលនៃប្រទេសឥណ្ឌា ក៏គ្រោងបន្ថែមចំនួន ២ក្បាលទៀត ។
ឯកឧត្តមបានបន្តថា ការប្រែប្រួលចំនួនសត្វខ្លាធំ ដែលត្រូវផ្ដល់ដល់កម្ពុជានេះ ប្រហែលដោយសារក្រុមបច្ចេកទេសឥណ្ឌា រកឃើញថា ទីតាំងនោះសមស្រប សម្រាប់បង្កើននូវចំនួនសត្វខ្លា ស្ថិតក្នុងតំបន់ការពារធម្មជាតិ នៃខេត្តកោះកុង ដែលមានសុវត្ថិភាព ទាំងសត្វខ្លាធំ និងមនុស្សដែលរស់នៅក្នុងសហគមន៍ក្បែរនោះផងដែរ ។
ឯកឧត្តមអ្នកនាំពាក្យ បានបន្ថែមថា ពាក់ព័ន្ធនឹងពេលវេលា ដែលត្រូវបញ្ជូនមកនេះ គឺក្រសួងបរិស្ថាន នឹងជូនដំណឹងនៅពេលក្រោយទៀត បន្ទាប់ពីក្រុមការងារបច្ចេកទេស និងមន្ត្រីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) ចំនួន៥នាក់ ត្រូវទៅសិក្សាបច្ចេកទេសបន្ថែម ពីប្រទេសឥណ្ឌា លើការងារថែទាំសត្វខ្លាធំ ដែលពួកគេនឹងធ្វើដំណើរទៅនៅក្នុងខែឧសភា ឆ្នាំ២០២៥នេះ ។
សម្រាប់ទីតាំងត្រូវព្រលែងនោះ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រសួងបរិស្ថាន ក៏បានរៀបចំដំឡើងកាំមេរ៉ាចំនួន ៤១០គ្រឿង នៅទូទាំងតំបន់ទេសភាពជួរភ្នំក្រវាញ ដើម្បីសិក្សាឱ្យបានច្បាស់នូវរបាយចំនួនសត្វព្រៃ ដែលជាចំណីសត្វខ្លាឱ្យបានជាក់លាក់ ។ សត្វខ្លាធំទាំងនោះ នឹងលែងក្នុងតំបន់ស្នូលនៃជួរភ្នំក្រវាញ ដែលត្រូវបានការពារ និងចាត់ទុកថាមានសុវត្ថិភាពបំផុតក្នុងការស្តារសត្វខ្លាធំ នៅកម្ពុជាឡើងវិញ។ ក្នុងនោះដែរក៏មានបំពាក់ឧបករណ៍ GPS ដើម្បីតាមដានដឹងពីដំណើររបស់សត្វខ្លាធំទាំងនេះ ក៏ដូចជាការពារសុវត្ថិភាពពួកវា និងការពារជាមុននូវសុវត្ថិភាពប្រជាពលរដ្ឋផងដែរ ។
គួរបញ្ជាក់ថា គម្រោងស្តារសត្វខ្លាធំឡើងវិញនេះ បានបង្កើតឡើងបន្ទាប់ពីបាត់វត្តមានពីទឹកដីកម្ពុជាកាលពីអំឡុងឆ្នាំ២០០៧ ខណៈនៅទូទាំងពិភពលោក គេប៉ាន់ប្រមាណថាសត្វខ្លាធំនៅមានប្រហែល ៣ ២០០ក្បាល នៅឆ្នាំ២០១០។ ចំនួននេះមានការថយចុះ ៩៥ភាគរយ បើធៀបនឹងចំនួនសត្វខ្លាធំ ធ្លាប់មានវត្តមានក្នុងដើមទសវត្សទី២០ ដែលមានប្រហែល ១០ម៉ឺនក្បាលនៅក្នុងពិភពលោក៕ អត្ថបទ បាន សុខរិទ្ធិ

-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប