Connect with us

ព័ត៌មាន

មន្រ្ដីជាន់ខ្ពស់ក្រសួងការពារជាតិ៖ ធនធានមនុស្ស គឺជាកត្តាសំខាន់របស់សង្គមជាតិនីមួយៗ ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនទៅមុខ

ភ្នំពេញ៖ ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញហិរញ្ញវត្ថុថ្នាក់មធ្យមជំនាន់ទី៦ របស់កងយោធពលខេមរភូមិន្ទ នៅទីស្តីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនា​យក អគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ ក្រសួងការពារជាតិ បានថ្លែងថា ប្រភពធនធានមនុស្សជាកត្តាសំខាន់របស់សង្គមជាតិនីមួយៗ ដែលមិនអាចខ្វះបាន ខណៈមានធនធានមនុស្សទើបមានការអភិវឌ្ឍរីក ចម្រើនទៅមុខបានយ៉ាងឆាប់រហ័ស។

ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក បានលើកឡើងថា អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ មានតួនាទីយ៉ាងសំខាន់ ក្នុងការគ្រប់គ្រងចិញ្ចឹមទ័ព ជាពិសេសការស្វែងរកប្រភពថវិកា សម្រាប់ធានាឱ្យប្រាក់បៀវត្សប្រាក់ចំណាយផ្សេងៗ និងថវិកាសម្រាប់ទូទាត់រាល់មុខទំនិញ ដែលត្រូវផ្គត់ផ្គង់ ជូនកងយោធពលខេមរភូមិន្ទទូទាំងព្រះរាជាណាចក្រកម្ពុជា។ ដើម្បីគ្រប់គ្រងការងារនេះឱ្យបានល្អ និងត្រឹមត្រូវតាមក្រឹត្យក្រម នៃច្បាប់ស្ថាប័នហិរញ្ញវត្ថុនោះ ត្រូវតែមានប្រភពធនធានមនុស្សដែលមានសមត្ថភាពគ្រប់គ្រាន់ ចេះជំនាញច្បាស់លាស់ អត្តចរិកស្លូតបូត ស្មោះត្រង់ គោរពវិជ្ជាជីវៈរបស់ខ្លួន គោរពការចាត់តាំង គោរពវិន័យ សកម្មប្រយុទ្ធ ស្វិតស្វាញនឹងការងារ មានសីលធម៌ល្អ សាមគ្គីភាពសហការល្អ នោះទើបអាចឈានទៅសម្រេច ភារកិច្ចបានប្រកបដោយគុណភាពខ្ពស់។

ថ្លែងនៅក្នុងឱកាសនោះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក បានរំលេចផងដែរថាបច្ចុប្បន្នប្រទេសកម្ពុជាកំពុងរងការឈ្លានពានទឹកដីពីប្រទេសថៃ ដែលបង្កឱ្យមានការប្រយុទ្ធ ប៉ះទង្គិចគ្នា ជាបន្តបន្ទាប់ដោយភាគីថៃបានបាញ់ប្រហារមកលើប្រទេសកម្ពុជាមុន ថែមទាំងបច្ចុប្បន្នភាគីថៃ បានចូលជ្រៅដោយខុសច្បាប់មកក្នុងដែនបូរណភាពទឹកដីកម្ពុជា។ ក្នុងស្ថានភាពប្រយុទ្ធដ៏លំបាកនេះ អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ បានចូលរួមយ៉ាងសំខាន់ក្នុងកិច្ចការងារធានា ទាំងប្រេងឥន្ធនៈ ស្បៀងសម្រាប់ប្រយុទ្ធ សម្ភារៈបរិក្ខារប្រុយទ្ធ សុខាភិបាល គិលានដ្ឋាន មន្ទីរពេទ្យ ត្រៀមថវិកាសម្រាប់ដោះស្រាយការងារបន្ទាន់ចាំបាច់ចំពោះមុខ និងកិច្ចការងារដឹកជញ្ជូនដ៏សកម្មជាដើម។

ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់កងទ័ព និងធានាឱ្យការងារប្រយុទ្ធ ត្រៀមប្រយុទ្ធបានល្អចាំបាច់ត្រូវតែមានចំណែកក្នុងការធានាភស្តុភារ ហិរញ្ញវត្ថុ ជាកត្តាសំខាន់ដែលមិនអាចកាត់ផ្តាច់បាន ព្រោះថាប្រសិនបើការធានាជីវភាពរស់នៅ ជូនយោធិនគ្រប់រូបមិនបានដិតដល់ ការផ្គត់ផ្គង់ស្បៀងអាហារ ហូបចុកមិនបានគ្រប់គ្រាន់ទាន់ពេលវេលាទេនោះ អាចនឹងធ្វើឱ្យប៉ះពាល់ដល់ស្មារតីសតិអារម្មណ៍កងទ័ព ក្នុងការកាន់អាវុធ ប្រឈមមុខតទល់ជាមួយខ្មាំងសត្រូវ។ ដូច្នេះនាយទាហានហិរញ្ញវត្ថុទាំងអស់ ត្រូវតែមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការគ្រប់គ្រងបើកចែកប្រាក់បៀវត្ស ប្រាក់ហូប ឬចំណាយផ្សេងៗ ឱ្យបានទាន់ពេលវេលា ហើយតម្រូវឱ្យចេះជំនាញហិរញ្ញវត្ថុច្បាស់លាស់ ដើម្បីគ្រប់គ្រង និងអនុវត្តកិច្ចការនេះឱ្យបានម៉ឹងម៉ាត់ ត្រឹមត្រូវតាមច្បាប់រដ្ឋកំណត់។

ជាមួយគ្នានោះដែរឯកឧត្តម បានថ្លែងនូវការកោតសសើរ និងគោរពចំពោះវីរៈភាពយុទ្ធជន វីរកងទ័ព ដែលកំពុងឈរជើងយ៉ាងអង់អាច ក្លាហាន លះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងការការពារឱ្យខាងតែបាននូវបូរណភាពទឹកដី និងអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសយោធិនទាំងអស់ ត្រូវតែមានជំនឿជឿជាក់លើការដឹកនាំរបស់គណៈបញ្ជាការគ្រប់ជាន់ថ្នាក់ អគ្គបញ្ជាការ ក្រសួងការពារជាតិ ជាពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលលោកកំពុងតែខិតខំរិះរកគ្រប់មធ្យោបាយ តស៊ូស្វែងរកដំណោះស្រាយ ដោយសន្តិវិធីតាមរយៈកិច្ចចរចារទ្វេភាគីរវាងកម្ពុជា និងថៃ និងកិច្ចព្រមព្រៀងអន្តរជាតិនានា ដើម្បីបញ្ចប់​វិវាទព្រំដែនកម្ពុជា និងថៃ ដើម្បីធ្វើយ៉ាងណាវិលទៅរកសន្តិភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាជាប្រក្រតីឡើងវិញ៕អត្ថបទបាន​ចក់

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia