Connect with us

ព័ត៌មាន

ខេត្តត្បូងឃ្មុំ ប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ជំរុញឱ្យមាន​ការចូលរួម​រៀបចំ​មូលដ្ឋាន សាលារៀន វត្តអារាម និងលំនៅឋាននានាមានភាពស្អាត បៃតង និងចីរភាព

ក្រសួងបរិស្ថាន សហការជាមួយ រដ្ឋបាលខេត្ត មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ រដ្ឋបាលស្រុកអូររាំងឪ បានប្រារព្ធ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា រៀបចំឡើងនៅក្នុងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ខេត្តត្បូងឃ្មុំ ក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីបង្កើនចំណេះដឹងអំពីបញ្ហាបរិស្ថាន ក៏ដូចជាជំរុញឱ្យមានការអនុវត្តសកម្មភាពមេត្រីបរិស្ថាន នៅតាមសាលារៀន នៅតាមវត្តអារាមនិងមូលដ្ឋាននានា។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ាត សីលា រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងឱកាសធញ្ជើញបើកវេទិកានេះ បានថ្លែងអអំណរគុណនិងចងចាំជានិច្ចចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកជីវិតធ្វើជាដើមទុន ដើម្បីការរស់រានមានជីវិតរបស់ប្រជាជនកម្ពុជាទាំងមូល និងបាននាំសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជា ក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានប្រកបដោយនិរន្តរភាព។

ឯកឧត្តម បានថ្លែងថា សម្រាប់នីតិកាលទី៧នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាក្រកម្ពុជា បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបន្តលើការងារកែទម្រងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ជាការងារអាទិភាពមួយ ដែលមានក្រសួងបរិស្ថាន បានដឹកនាំអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន រួមមានការកាត់បន្ថយការបំពុលបរិស្ថាន ការពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ការអប់រំផ្សព្វផ្សាយនិងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព និងការលើកម្ពស់ការទូតបៃតង។

ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា គឺជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការជំរុញឱ្យប្រទេសកម្ពុជា ក៏ដូចជាពិភពលោក ឈានទៅសម្រេចបាននូវគោលដៅ «សំណល់សូន្យ» (Zero Waste)។ ឯកឧត្តម បានលើកឡើងផងដែរថា គោលដៅនៃការធ្វើឱ្យសាលារៀន និងវត្តអារាមមានមេត្រីភាព គឺមានការលើកកម្ពស់ការគ្រប់គ្រងសំរាម ឱ្យបានត្រឹមត្រូវ ជាពិសេសការកាត់បន្ថយ ការប្រើប្រាស់ប្លាស្ទិក និង មានការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ចេះញែក និងទាញប្រយោជន៍សេដ្ឋកិច្ចពីសំរាម។ លើសពីនេះ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ចូលរួមសកម្មភាពដើម្បីបរិស្ថានបៃតង ដោយជំរុញការដាំដើមឈើឱ្យបានច្រើន និងការពារថែរក្សាអភិរក្សជីវៈចម្រុះ។

សូមបញ្ជាក់ថា ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ឆ្នាំ២០២៦ នៅខេត្តត្បូងឃ្មុំ ត្រូវបានប្រារព្ធឡើង នៅថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ដែលបានរៀបចំឡើងដោយ មានកូនឈើចម្រុះប្រមាណ ១លានដើម ដើម្បីទុកចែកជូនប្រជាពលរដ្ឋដាំនៅក្នុងរដូវវស្សឆ្នាំនេះ ក្នុងយុទ្ធនាការពន្លកបៃតង ដែលបង្កើតឡើងដោយអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ការប្រារព្ធអង្គពិធីអបអរសាទរទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក ឆ្នាំ២០២៦ នៅក្នុងខេត្តត្បូងឃ្មុំត្រូវ បានបង្កើតឱ្យមានសកម្មភាពសំខាន់ៗ ដូចជាការជួបជុំគ្នាផ្សព្វផ្សាយ «សំណល់សូន្យ» ដែលជាប្រធានបទនៃទិវាបរិស្ថានឆ្នាំនេះ និងសកម្មភាពអប់រំ ការធ្វើបទបង្ហាញសាលាមេត្រីបរិស្ថាន អារាមមេត្រីបរិស្ថាន សំណួរចម្លើយ លើកកម្ពស់ចំណេះដឹងជាមួយយុវជន សិស្សានុសិស្ស ដើម្បីរួមចំណែកធ្វើឱ្យសាលារៀន វត្តអារាម និងសហគមន៍ទាំងមូល ក្លាយជាទីតាំងស្អាត បៃតង និងមានការរស់នៅប្រកបដោយសុខុមាលភាព និងជីវភាពមានការរីកចម្រើន៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia