ព័ត៌មាន
នាវាចម្បាំងកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ីចំនួនបីគ្រឿងកំពុងបន្តធ្វើទស្សនកិច្ចនៅកម្ពុជា
នៅថ្ងៃនេះ នាវាចម្បាំងកងទ័ពជើងទឹករបស់ប្រទេសរុស្ស៊ីចំនួនបីគ្រឿង កំពុងបន្តធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកងទ័ពជើងទឹកកម្ពុជា-រុស្ស៉ី រយៈពេល៤ថ្ងៃ ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។
កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នាវាចម្បាំងរបស់កងទ័ពជើងទឹកប្រទេសរុស្ស៉ីចំនួន ៣ គ្រឿង ដឹកនាំដោយវរនាវីឯក ALEKSEI ANTSIFEROV នាយសេនាធិការនៃផ្នែកនាវានៅលើផ្ទៃទឹកកងនាវាប៉ាស៊ីហ្វិក ប្រទេសរុស្ស៊ី បានចាប់ផ្តើមទស្សនកិច្ចនៅប្រទេសកម្ពុជា ដោយចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ និងមានការទទួលស្វាគមន៍ដោយឧត្តមនាវីត្រី ជួន ទី មេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងទឹកសមុទ្ររាម និងឯកឧត្តម អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំកម្ពុជា។
ការបំពេញទស្សនកិច្ចរបស់នាវាចម្បាំងកងទ័ពជើងទឹកប្រទេសរុស្ស៉ីចំនួន៣គ្រឿង មាននាវិកសរុបចំនួន២៦២នាក់ ដោយក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូនាវានឹងចូលជួបសំដែងការគួរសមជាមួយឯកឧត្តម មាំង ស៊ីណេត អភិបាលខេត្តព្រះសីហនុ, មេបញ្ជាការមូលដ្ឋានសមុទ្ររាម, មេបញ្ជាការកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងមានការលេងកីឡាជាមិត្តភាពបាល់ទះ និងបាល់ទាត់ រវាងនាវិកកងទ័ពជើងទឹករុស្ស៊ី ជាមួយនាវិកកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម។
ទស្សនកិច្ចនាវាចម្បាំងរបស់ប្រទេសរុស្ស៉ីនាពេលនេះ បង្ហាញពីការពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសការចូលចតរបស់នាវានេះធ្វើឡើងស្របខួបលើកទី៦៩ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា -រុស្ស៊ីផងដែរ។
សូមជម្រាបថា អំឡុងពេលនាវាចម្បាំងរុស្ស៉ីចំនួន៣គ្រឿងមកកម្ពុជា នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ម្សិលមិញ មាននាវាកងទ័ពជើងទឹកប្រជាជនវៀតណាម ០១គ្រឿង លេខ២៦១ ដឹកនាំដោយវរនាវីឯកបំរ៉ុង ម៉ាយ ដាំងហ្សាញ់ មេបញ្ជាការរង និងជានាយ សេនាធិការបញ្ជាការដ្ឋានតំបន់៥ កងទ័ពជើងទឹកប្រជាជនវៀតណាម បានចូលសំចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ដើម្បីចូលរួមកិច្ចប្រជុំដកបទពិសោធន៍ការងារល្បាតរួមលើកទី៣៥រវាងកងទ័ពជើងទឹកកម្ពុជា-វៀតណាម៕ អត្ថបទ សេក ឧត្តម






-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន4 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន4 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន4 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា6 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន4 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)