ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន៖ អាស៊ានត្រូវតែធ្វើការជាមួយគ្នាឱ្យរឹងមាំបន្ថែមទៀត និងត្រូវតែក្រឡេកមើលការផ្គត់ផ្គង់ទីផ្សារក្នុងតំបន់
នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន តំណាងគណៈកម្មាធិការអចិន្ត្រៃយ៍អាស៊ាន និងឯកអគ្គរដ្ឋទូតទីម័រឡេស្តេប្រចាំអាស៊ាន នៅលេខាធិការដ្ឋានអាស៊ាន នាទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។

នៅក្នុងជំនួបនេះ ជាកិច្ចចាប់ផ្ដើម ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន តំណាងគណៈកម្មការអចិន្ត្រៃយ៍អាស៊ាន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជាដែលបានអញ្ជើញមកទស្សនកិច្ចនៅលេខាធិការដ្ឋានអាស៊ាន។
ឯកឧត្តម អគ្គលេខាធិការអាស៊ាន បានលើកឡើងថា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី កម្ពុជាបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ដែលមកដល់ពេលនេះគឺជាខួបលើកទី២៦ឆ្នាំ ដែលកម្ពុជាបានចូលជាសមាជិកអាស៊ាន។ ឯកឧត្តមបានរំលេចថាចាប់តាំងពីកម្ពុជាបានចូលជាសមាជិកអាស៊ានមក កម្ពុជាបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការងាររបស់អាស៊ាន និងដោះស្រាយបញ្ហារបស់អាស៊ាន តួយ៉ាងដូចជាកម្ពុជាបានធ្វើជាប្រធានអាស៊ានចំនួន៣លើក គឺនៅឆ្នាំ២០០២ ឆ្នាំ២០១២ និងឆ្នាំ ២០២២ ដែលតួនាទីរបស់កម្ពុជាជាប្រធានអាស៊ានបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកាតដោះស្រាយបញ្ហាប្រឈមរបស់អាស៊ាន នាពេលកន្លងមកក៏ដូចជានៅថ្ងៃអនាគត ដែលកម្ពុជាកំពុងចូលរួមចំណែកយ៉ាងសកម្មផងដែរ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម កៅ គឹមហួន ក៏បានរំលេចនូវតួនាទីដ៏សំខាន់របស់កម្ពុជាជាពិសេស សម្ដេចតេជោ ដែលបានជួយគាំទ្រដល់ទីម័រឡេស្តេឲ្យបានចូលជាសមាជិកពេញសិទ្ធិអាស៊ាន ជាពិសេសនៅក្នុងឆ្នាំ២០២២ កន្លងទៅនេះ នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន សម្ដេចតេជោបានជួយឲ្យ ទីម័រឡេស្តេ បានចូលជាសមាជិកអង្កេតការណ៍របស់អាស៊ាន ហើយសូមបញ្ជាក់ថា ទីម័រឡេស្តេ នៅពេលនេះគឺជាសមាជិកអង្កេតការណ៍ របស់អាស៊ាន។ ហើយសម្ដេចតេជោកំពុងតែខិតខំជំរុញឲ្យ ទីម័រឡេស្តេ បានចូលជាសមាជិកពេញសិទ្ធរបស់អាស៊ាននៅឆ្នាំ២០២៥នេះ។

នៅក្នុងឱកាសនោះដែរ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអរគុណចំពោះ ឯកឧត្តម អគ្គលេខាធិការអាស៊ាន ដែលបានស្វាគមន៍ចំពោះសម្ដេចនិងសហការី ក្នុងឱកាសនៃការទស្សនកិច្ចលេខាធិការដ្ឋានអាស៊ាននៅពេលនេះ។ សម្ដេចតេជោបានរំលេចថានៅពេលដែលសម្ដេចបានធ្វើជាប្រធានអាស៊ាន៣ដងនៅក្នុងកិច្ចប្រជុំអាស៊ានកាលពីពេលសម្ដេចនៅជានាយករដ្ឋមន្ត្រី គឺនៅឆ្នាំ២០០២ ២០១២ និង២០២២ សម្ដេចមិនដែលបានអញ្ជើញមកទស្សនកិច្ចនៅលេខាធិការដ្ឋានអាស៊ាននោះទេ។ ហើយនេះជាដំណើរទស្សនកិច្ចលេខាធិការដ្ឋានអាស៊ានលើកដំបូងរបស់សម្ដេច ថ្វីត្បិតកាលពីឆ្នាំ ២០២១ សម្ដេចបានមកប្រជុំនៅលេខាធិការដ្ឋានអាស៊ានលើបញ្ហាមីយ៉ាន់ម៉ា ប៉ុន្តែសម្ដេចក៏មិនបានធ្វើដំណើរទស្សនកិច្ចពិនិត្យមើលលេខាធិការដ្ឋានអាស៊ានដូចលើកនេះឡើយ។

នៅក្នុងឱកាសនេះដែរសម្ដេចតេជោ ក៏បានរំលេចនូវព្រឹត្តិការណ៍២៦ឆ្នាំមុន នៅពេលដែលកម្ពុជាបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ដែលក្នុងពេលនោះកម្ពុជាបានចូលរួមចំណែក និងខិតខំប្រឹងប្រែងទម្រាំបានចូលជាសមាជិកអាស៊ាន។ ហើយនៅក្នុងចំណុចនេះសម្ដេចតេជោក៏បានប្រៀបធៀបទៅនឹងករណីទីម័រឡេស្តេ។ កម្ពុជាកាលពី២៦ឆ្នាំមុននៅមុនពេលកម្ពុជាចូលជាសមាជិកអាស៊ាន និងទីម័រឡេស្តេបបច្ចុប្បន្នគឺស្ថានភាពរបស់ទីម័រឡេស្តេគឺប្រសើរជាងកម្ពុជាឆ្ងាយណាស់។ ហើយសម្ដេចសង្ឃឹមថាទីម័រឡេស្តេ នឹងអាចចូលជាសមាជិកអាស៊ាននៅឆ្នាំ២០២៥នេះពីព្រោះវត្តមានរបស់ទីម័រឡេស្តេនៅក្នុងអាស៊ាននឹងធ្វើឲ្យអាស៊ានពង្រីកខ្លួនកាន់តែធំនៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិថែមទៀត។

នៅក្នុងឱកាសនោះសម្ដេចតេជោ ក៏បានចែករំលែកនូវបញ្ហាដែលកំពុងប្រឈមក្នុងពេលបច្ចុប្បន្ន គឺពិសេសគឺបញ្ហាសង្គ្រាមពាណិជ្ជកម្ម។ សម្ដេចតេជោបានរំលេចថានាពេលបច្ចុប្បន្ននេះសង្គ្រាមពាណិជ្ជកម្មកំពុងតែភ្ជាប់នឹងបញ្ហាឧបសគ្គនយោបាយដែលធ្វើឲ្យមានផលប៉ះពាល់ដល់បណ្ដាលប្រទេសនានា លើសាកលលោកក៏ដូចជាក្នុងតំបន់អាស៊ានផងដែរ។ សម្ដេចតេជោបានបញ្ជាក់ទៅកាន់អគ្គលេខាធិការណ៍អាស៊ានថាប្រទេសទាំងអស់ ពិសេសនៅក្នុងតំបន់អាស៊ានកំពុងជួបបញ្ហា ដូច្នេះអាស៊ានត្រូវតែធ្វើការជាមួយគ្នារឹងមាំនិងខ្លាំងបន្ថែមទៀតហើយអាស៊ានត្រូវតែក្រឡេកមើលការផ្គត់ផ្គង់ទីផ្សារនៅក្នុងតំបន់អាស៊ាន ជាពិសេសទីផ្សារដែលមានស្រាប់តាមរយៈកិច្ចព្រមព្រៀង RCEP ដែលប្រទេសនៅក្នុងអាស៊ានមិនគួរមើលរំលងនោះឡើយ។ សម្ដេចតេជោក៏បានរំពឹងថា ក្នុងឆ្នាំនេះនៅពេលដែលប្រទេសម៉ាឡេស៊ីធ្វើជាប្រធានអាស៊ានប្ដូរវេន នឹងអាចចូលរួមចំណែកដោះស្រាយនូវបញ្ហាទាំងអស់នេះបាន។
ជាចុងក្រោយនៃជំនួបនេះឯកឧត្តម កៅ គឹមហួន បានសម្ដែងនៅក្ដីត្រេកអរសារជាថ្មីហើយបញ្ជាក់ពីមោទនភាពដែល ឯកឧត្តម និងសហការីបានទទួលវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ នៅលេខាធិការដ្ឋានអាស៊ាន ហើយក៏បានអរគុណចំពោះសម្ដេចតេជោ ដែលបានចែករំលែកនូវសារសំខាន់ៗទាក់ទងទៅនឹងការងាររបស់សម្ដេចក្នុងពេលធ្វើជានាយករដ្ឋមន្ត្រី៕


-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន4 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន4 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន4 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា5 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន4 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)