ព័ត៌មាន
សម្ដេចតេជោប្រាប់វិនិយោគិនឥណ្ឌូណេស៊ីថា កម្ពុជាកំពុងខិតខំលើកកម្ពស់ និងបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគបរទេសមកវិនិយោគនៅកម្ពុជា
នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ លោកសាស្ត្រាចារ្យបណ្ឌិត Dato’ Sri Tahir សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់របស់ ប្រធានាធិបតីឥណ្ឌូណេស៊ី និងស្ថាបនិកក្រុមហ៊ុន Mayapada Group ចូលជួប និងសម្តែងការគួរសម នៅសណ្ឋាគារ JW Marriot រដ្ឋធានីហ្សាការតា។

សម្ដេចតេជោ បានបង្ហាញក្តីរីករាយ ដែលបានជួបជាមួយលោកសាស្ត្រាចារ្យបណ្ឌិត ដែលជាសមាជិកក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ប្រធានាធិបតីឥណ្ឌូនេស៊ី រួមទាំងប្រធានក្រុមហ៊ុនមួយចំនួន ដូចជា លោក រ៉ូណា គូម៉ាឡា ពុធកា ដែលជាប្រធានក្រុមហ៊ុន ប៊ី ប៊ី អិច គ្រឌីត យូនៀន និងលោក ប៊ីឌីសេ ទីវ៉ាន់ ដែលជាប្រធានក្រុមហ៊ុន ភីធី សូណា ធូផាស ធូរីសេមិន ដាសទ្រី ធីប៊ីខេ ។ សម្ដេចតេជោ បានសម្ដែងក្តីរីករាយលើការចែរំលែក អំពីស្ថានភាព នៃការធ្វើវិនិយោគនៅកម្ពុជា ។
នៅក្នុងឱកាសនោះ លោកសាស្ត្រាចារ្យបណ្ឌិត បានសម្តែងនូវការស្វាគមន៍ ចំពោះសម្ដេចតេជោ ដែលបានអញ្ជើញមកទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី ។ លោក បានអរគុណ ចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យលោកសាស្ត្រាចារ្យ និងប្រធានក្រុមហ៊ុននានា បានជួបសម្ដែងការគួរសមនាពេលនេះ ។ លោកសាស្ត្រាចារ្យ បានគោរពស្នើសុំសម្ដេចតេជោ បង្ហាញផ្លូវក្នុងការស្វែងរកឱកាសវិនិយោគ នៅកម្ពុជា ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរីករាយចំពោះចំណាប់អារម្មណ៍ របស់លោកសាស្ត្រាចារ្យ ទៅលើការស្វែងរកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ សម្ដេចតេជោ បានបញ្ជាក់ថា កម្ពុជា កំពុងខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ ក៏ដូចជា បង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគបរទេសមកវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែម ហើយទន្ទឹមនេះ កម្ពុជា ក៏កំពុងតែខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍ ក៏ដូចជា ការកាត់បន្ថយនៃភាពក្រីក្រ របស់ខ្លួន ដែលនៅមុនកូវីដ១៩ ប្រទេសកម្ពុជា មានអត្រាភាពក្រីក្រខ្ទង់ ១០% ប៉ុន្តែដោយសារកូវីដ អត្រានៃភាពក្រីក្របានកើនឡើងវិញ តែយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា កំពុងតែខិតខំប្រឹងប្រែង ក្នុងការកាត់បន្ថយភាពក្រីក្រនេះ ដូច្នេះ ការទាក់ទាញអ្នកវិនិយោគ គឺជាគោលការអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន ហើយសម្ដេចតេជោ បានរំលេចថា កម្ពុជា បន្តរក្សា និងប្រែក្លាយសន្តិភាព ទៅជាការអភិវឌ្ឍ ឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យឆ្នាំ ២០៣០ និងឆ្នាំ២០៥០។
នៅក្នុងឱកាសនោះ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានឆ្លើយតបទាក់ទងទៅនឹងការវិនិយោគ ដោយបានបង្ហាញប្រាប់ទៅលោកសាស្ត្រាចារ្យបណ្ឌិត ថា សម្រាប់ក្នុងបរិបត្តិប្រទេសកម្ពុជា ការវិនិយោគទៅលើវិស័យកសិកម្ម គឺជារឿងចាំបាច់ដែលរាជរដ្ឋាភិបាលកម្ពុជា ត្រូវការ ក្នុងនោះ សម្ដេច បានរំលេចអំពីការវិនិយោគទៅលើប្រព័ន្ធស្រោចស្រព ដែលជាគោលនយោបាយអាទិភាព និងរាជរដ្ឋាភិបាលកម្ពុជាកំពុងតែជំរុញ ។ សម្ដេចតេជោ បន្តថា បញ្ហាកសិកម្ម នៅក្នុងនោះ ប្រទេសកម្ពុជា ក៏កំពុងតែជំរុញឲ្យមានការវិនិយោគទៅលើវិស័យកសិ-ឧស្សាហកម្ម មានន័យថា ការកែច្នៃនូវផលិតផលរបស់កម្ពុជា។ សម្ដេចបានលើកជាឧទាហរណ៍ថា ប្រទេសកម្ពុជា មានការផលិតស្វាយចន្ទីឈរលំដាប់ទី១ នៅក្នុងពិភពលោក នាពេលបច្ចុប្បន្ន។ ប៉ុន្តែការកែច្នៃយកទៅលក់នៅលើទីផ្សារបរទេសមានចំនួនតិច ។ ក្រៅពីនោះ កម្ពុជា នាំចេញទៅលក់នូវស្វាយចន្ទី ជាវត្ថុធាតុដើមទៅកាន់ប្រទេសវៀតណាម ។ ដូច្នេះប្រសិនបើ ក្រុមហ៊ុនវិនិយោគឥណ្ឌូនេស៊ី ចាប់អារម្មណ៍ទៅលើការវិនិយោគការកែច្នៃផលិតផលស្វាយចន្ទី ឬការបង្កើតនូវរោងចក្រ កសិ-ឧស្សាហកម្ម ដើម្បីកែច្នៃ គឺជារឿងដែលមានសារៈសំខាន់ សម្រាប់ការចូលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម នៅក្នុងប្រទេសកម្ពុជា ។
នៅក្នុងឱកាសនោះ លោកសាស្ត្រាចារ្យបណ្ឌិត បានសម្ដែងការពេញចិត្ត ចំពោះការបង្ហាញផ្លូវ របស់សម្ដេចតេជោ ដែលលោកបានចាប់អារម្មណ៍ទៅលើការបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្ម របស់កម្ពុជា ហើយលោកក៏បានជម្រាបសម្ដេចតេជោថា លោកនឹងទៅបំពេញទស្សនកិច្ច នៅប្រទេសកម្ពុជា ដើម្បីសិក្សា និងស្វែងយល់អំពីឱកាសវិនិយោគបន្ថែមទៀត ។ លោកបានជម្រាបសម្ដេចតេជោទៀតថា សម្រាប់លោកផ្ទាល់ ក៏ដូចជាអ្នកវិនិយោគឥណ្ឌូនេស៊ី មានការទុកចិត្តទៅលើស្ថានភាព ក៏ដូចជាការវិវត្តនៃសេដ្ឋកិច្ចនៅកម្ពុជា ជាពិសេស ក្រោមការដឹកនាំរបស់សម្ដេចតេជោ កាលពីសម្ដេចនៅជាអតីតនាយករដ្ឋមន្ត្រី និងបន្តដោយ សម្ដេចធិបតី ដោយលោកសាស្ត្រាចារ្យ បានតាមដានជានិច្ច អំពីស្ថានការណ៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ លោកសាស្ត្រាចារ្យបណ្ឌិត បានកោតសរសើរថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ កាលពីអតីតជានាយករដ្ឋមន្ត្រី បានរក្សានូវកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរង្វង់ ៧% ជាង ២ទសវត្សរ៍ ដែលជាកំណើនមួយមានលក្ខណៈល្អប្រសើរសម្រាប់ប្រទេសកម្ពុជា និងគួរជាទីចាប់អារម្មណ៍សម្រាប់អ្នកវិនិយោគ ។ នៅក្នុងឱកាសនោះ សម្ដេចតេជោ បានរំពឹងថា លោកសាស្ត្រាចារ្យបណ្ឌិត នឹងអញ្ជើញទៅទស្សនកិច្ច នៅក្នុងប្រទេសកម្ពុជានាពេលខាងមុខដ៏ខ្លី ហើយនិងជួបជាមួយភាគីពាក់ព័ន្ធ ដើម្បីស្វែងរកឱកាស វិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជាការរួមចំណែកមួយ ដើម្បីកាត់បន្ថយនូវភាពក្រីក្រ និងការបង្កើតការងារដល់ប្រជាជនកម្ពុជាបន្ថែមទៀត ។
ជាចុងក្រោយនៃជំនួប លោកសាស្ត្រាចារ្យបណ្ឌិត បានជូនពរដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ប្រកបដោយជោគជ័យ ហើយរកពឹងថា នឹងបានជួបសម្ដេចតេជោ នាឱកាសក្រោយទៀត ជាពិសេសនៅក្នុងពេលដែលលោក អញ្ជើញទៅធ្វើទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា៕



-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន4 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន4 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន4 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា5 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន4 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)