ព័ត៌មាន
ព្រឹកស្អែក សម្ដេចធិបតីនាយករដ្ឋមន្រ្ដីនឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងប្រគល់សញ្ញាបត្រជូនដល់និស្សិត គរុនិស្សិតនៅវិទ្យាស្ថានជាតិអប់រំ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីសម្ពោធ សមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត គរុនិស្សិតនៅវិទ្យាស្ថាន ជាតិអប់រំ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី ពិធីសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំរបស់ក្រសួងអបរំ។
សេចក្ដីប្រកាសបានឱ្យដឹងថា ចាប់ពីខែមិថុនា ឆ្នាំ២០២១ ដល់ខែឧសភា ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែ ទម្រង់ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយនៅវិទ្យាស្ថានជាតិអប់រំ ទាំងផ្នែករឹង និងផ្នែកទន់ ដោយសម្រេចបាន លទ្ធផលដូចខាងក្រោម៖
ផ្នែករឹង៖ ក្រសួងបានកែលម្អហេដ្ឋារចនាសម្ព័ន្ធវិទ្យាស្ថានជាតិអប់រំទាំងមូល រួមបញ្ចូលទាំង៖ ១). ការ សាងសង់អគារសិក្សាមួយខ្នងសម្រាប់មហាវិទ្យាល័យគរុកោសល្យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ២). ការសាងសង់ បណ្ណាល័យ សម្តេចព្រះសង្ឃរាជ ជួន ណាត ៣).ការជួសជុលកែលម្អអគារ បេតិកភណ្ឌ អគារសិក្សា និងអគារការិយាល័យចំនួន១៦ ដែលរួមទាំងអគារសិក្សានៃវិទ្យាល័យអនុវត្ត និងបឋម សិក្សាអនុវត្ត ៤). ការសាងសង់របង ខ្លោងទ្វារ និងខឿនព័ទ្ធជុំវិញ ៥). ការរៀបចំសួនច្បារ ទីលានកីឡា ចំណត យានជំនិះ អាហារដ្ឋាន ប្រព័ន្ធផ្លូវ ប្រព័ន្ធភ្លើង ប្រព័ន្ធទឹក ប្រព័ន្ធលូ ប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធបច្ចេកវិទ្យា និង ៦).ការបំពាក់សម្ភារសិក្សា បន្ទប់រៀនឆ្លាតវៃ បន្ទប់ពិសោធន៍វិទ្យាសាស្ត្រ និងសម្ភារៈការិយាល័យទំនើប។
ផ្នែកទន់៖ វិទ្យាស្ថានជាតិអប់រំបានសហការជាមួយអង្គភាពពាក់ព័ន្ធ និងដៃគូអភិវឌ្ឍជាតិ និង អន្តរជាតិ ក្នុងការកែលម្អកម្មវិធីបណ្តុះបណ្តាលដំបូង និងកម្មវិធីបណ្តុះបណ្តាលបន្ត។ បន្ថែមពីនេះ ស្តង់ដាប្រតិបត្តិ និងបទបញ្ញត្តិសម្រាប់ការគ្រប់គ្រងទូទៅ រួមទាំងប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងការងារ និងការសិក្សា ត្រូវបាន រៀបចំឡើង ដើម្បីឱ្យដំណើរការការងារទាំងមូលមានលក្ខណៈជាប្រព័ន្ធ តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពព្រមទាំងរៀបចំសកម្មភាពក្រៅម៉ោងសិក្សា រួមមានក្លឹបសិក្សា ពិព័រណ៍ស្នាដៃ ការងារគម្រោង បណ្ណាល័យ ពិសោធន៍វិទ្យាសាស្ត្រ សុខភាពសិក្សា សិក្ខាសាលា បាឋកថា ទស្សនកិច្ចសិក្សា ការបញ្ចូលបច្ចេកវិទ្យាព័ត៌មាន និងបញ្ញាសិប្បនិម្មិតនៅក្នុងការបង្រៀននិងរៀន។ គ្រូឧទ្ទេស បុគ្គលិក និស្សិត និងគរុនិស្សិតទទួលបានការលើក កម្ពស់សមត្ថភាពស្រាវជ្រាវអប់រំ និងនវានុវត្តន៍ ដើម្បីចូលរួមចំណែកក្នុងកំណែទម្រង់អប់រំ ស្របតាមចក្ខុវិស័យ អភិវឌ្ឍជាតិ និងនិន្នាការអប់រំថ្មីក្នុងតំបន់ និងសកលលោក។ គ្រូឧទ្ទេសក៏ទទួលបាននូវការអភិវឌ្ឍសមត្ថភាព វិជ្ជាជីវៈជាប្រចាំពាក់ព័ន្ធនឹងការអប់រំស្លែម ការគ្រប់គ្រងបណ្ណាល័យ សមត្ថភាពផ្នែកបច្ចេកវិទ្យាព័ត៌មាន និងបញ្ញា សិប្បនិម្មិត ការអនុវត្តសហគមន៍សិក្សាវិជ្ជាជីវៈតាមមុខវិជ្ជា និងការអនុវត្តវិធីសាស្ត្របង្រៀនថ្មី។
គណៈកម្មការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា បានផ្តល់ការទទួលស្គាល់គុណភាពអប់រំពេញសិទ្ធិ ដល់វិទ្យាស្ថានជាតិអប់រំ ដែលបានបំពេញតាមលក្ខខណ្ឌតម្រូវនៃស្តង់ដាជាតិសម្រាប់រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ២០២៦ និងការទទួលស្គាល់គុណភាពអប់រំពេញសិទ្ធិដល់កម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់អប់រំ វិជ្ជាជីវៈគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+២) ដែលបានបំពេញស្របតាមលក្ខខណ្ឌតម្រូវនៃស្តង់ដាជាតិ កម្រិតកម្មវិធី សម្រាប់រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨។ ជាមួយគ្នានេះ នៅក្នុងសន្និបាតអប់រំ ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ កន្លងមក ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសទទួលស្គាល់វិទ្យាស្ថានជាតិអប់រំជា សាលាគរុកោសល្យគំរូ។ គិតមកត្រឹមឆ្នាំសិក្សា២០២៤-២០២៥ វិទ្យាស្ថានជាតិអប់រំបានបណ្តុះបណ្តាល គរុនិស្សិតកម្រិតឧត្តមតាមរូបមន្តបរិញ្ញាបត្រ+១ និងបរិញ្ញាបត្រ+២ បានប្រមាណ ១៨,៥២៧នាក់ ស្រី ៥,៩៥៧ នាក់។
និស្សិត គរុនិស្សិតជ័យលាភីនៅក្នុងពិធីចែកសញ្ញាបត្ររួមមាន៖ និស្សិតបណ្ឌិត ឯកទេសគ្រប់គ្រងអប់រំ ជំនាន់ទី១ ចំនួន ៤នាក់ និស្សិតអធិការអប់រំ ជំនាន់ទី៧ ចំនួន១៩នាក់ និស្សិតបរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេស វិជ្ជាជីវៈនាយកសាលាមធ្យមសិក្សាទុតិយភូមិ ជំនាន់ទី៦ ចំនួន១៥នាក់ ជំនាន់ទី៧ ចំនួន១៦នាក់ និស្សិត បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសគ្រប់គ្រងអប់រំ ជំនាន់ទី១០ ចំនួន៣៤នាក់ ជំនាន់ទី១១ ចំនួន៤២នាក់ និស្សិតបរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសវិធីសាស្ត្របង្រៀនភាសាបារាំង ជំនាន់ទី៣ ចំនួន១៤នាក់ ជំនាន់ទី៤ ចំនួន៩នាក់ និស្សិតបរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសប្រឹក្សាគរុកោសល្យជំនាន់ទី៤ ចំនួន២៤នាក់ និង គរុនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសវិជ្ជាជីវៈគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+២) ជំនាន់ទី១ ចំនួន ៩៨នាក់៕



-
PR NEWS2 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន7 days agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីការបរទេសកម្ពុជា ចូលគាល់ ព្រះមហាក្សត្រ ប្រទេសព្រុយណេដារូស្សាឡាម
-
ព័ត៌មាន3 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន7 days agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន1 week agoUNESCO គ្រោងជួយបីរឿងចម្បង ដើម្បីជួសជុលប្រាសាទព្រះវិហារដែលរងការខូចខាតពីថៃឈ្លានពាន
-
ព័ត៌មាន7 days agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១