ព័ត៌មាន
មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារកម្ពុជា-កូរ៉េ បើកដំណើរការ ជំរុញឧស្សាហកម្មអាហារក្នុងស្រុក
មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារកម្ពុជា-កូរ៉េ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅក្នុងបរិវេណ វិទ្យាស្ថានជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាវឌ្ឍនភាពដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ការកែច្នៃអាហារ និងភាព ប្រកួតប្រជែងរបស់សហគ្រាសក្នុងឧស្សាហកម្មផលិតអាហារនៅកម្ពុជា។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងនៅក្នុងពិធីសម្ពោធ ដាក់ឱ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារកម្ពុជា-កូរ៉េ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នេះថា មជ្ឈមណ្ឌលថ្មី មួយនេះ តំណាងឱ្យជំហានឆ្ពោះទៅមុខដ៏សំខាន់ ក្នុងការបង្កើតឱកាសសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដើម្បីបង្កើន សុវត្ថិភាព និងគុណភាពផលិតផលអាហារ តាមរយៈការគាំទ្រក្នុងស្រុក និងសក្តានុពលនាំចេញទៅអន្តរជាតិ ហើយមជ្ឈមណ្ឌលនេះ នឹងដើរតួនាទីសំខាន់ ក្នុងការបង្កើតតម្លៃបន្ថែម សម្រាប់ផលិតផលក្នុងស្រុកបង្កើតការងារនិងជំរុញកំណើនសេដ្ឋកិច្ច។
មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារកម្ពុជា-កូរ៉េ មានខ្សែច្រវាក់ផលិតកម្មគំរូបំពាក់ដោយម៉ាស៊ីនទំនើបចំនួន ៨៣គ្រឿង ត្រូវ បានរៀបចំឡើងដើម្បីផ្តល់លទ្ធភាពឱ្យសហគ្រាសក្នុងស្រុក ធ្វើការសាកល្បងកែច្នៃផលិតផលអាហារថ្មីៗ។ ម៉ាស៊ីនទាំងនេះមានសមត្ថ- ភាពកែច្នៃវត្ថុធាតុដើមដូចជា សាច់ បន្លែ និងគ្រាប់ធញ្ញជាតិ ទៅជាផលិតផលគុយទាវ-មី អាហារសម្រន់ ភេសជ្ជៈ និងអាហារសុខភាព ជាច្រើនប្រភេទ។ ចំណែកផ្នែកវិភាគគុណភាព និងសុវត្ថិភាពអាហារ មានឧបករណ៍បច្ចេកវិទ្យាចំនួន ៣៤ គ្រឿង រួមទាំងម៉ាស៊ីន HPLC-MSMS និងម៉ាស៊ីន ICP-OES សម្រាប់ធ្វើតេស្តវិភាគច្បាស់លាស់លើសារធាតុចិញ្ចឹម សារធាតុពុល សារធាតុបន្ថែម សំណល់ ថ្នាំសម្លាប់សត្វល្អិត លោហធាតុធ្ងន់ និងសារធាតុកខ្វក់ នៃអតិសុខុមប្រាណ ដែលគាំទ្រផលិតផលអាហារកម្ពុជា ឱ្យទទួលបានវិញ្ញាបន- បត្រអន្តរជាតិដូចជា HACCP និង GMP ជាដើម។
លោកបណ្ឌិត Paik Hyun Dong ប្រធានវិទ្យាស្ថានស្រាវជ្រាវអាហារកូរ៉េ (KFRI) លើកឡើងថា គម្រោងនេះមិនត្រឹមតែផ្តល់ ការគាំទ្រផ្នែកបច្ចេកទេសប៉ុណ្ណោះទេ តែក៏កសាងហេដ្ឋារចនាសម្ព័ន្ធ បណ្តុះបណ្តាលអ្នកជំនាញ និងគាំទ្រសហគ្រាសធុនតូច និង មធ្យម ឱ្យត្រៀមខ្លួនសម្រាប់ឧស្សាហូបនីយកម្ម និងការឈានចូលទីផ្សារជាក់ស្តែង។ លោកសង្ឃឹមថា មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃ អាហារកម្ពុជា-កូរ៉េ នឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍឧស្សាហកម្មអាហាររបស់កម្ពុជា។ សហគ្រាសធុនតូច និងមធ្យម ក៏នឹង ទទួលបានអត្ថប្រយោជន៍ពីជំនួយបច្ចេកទេស ការចែករំលែកចំណេះដឹង និងសេវាប្រឹក្សាយោបល់ផ្សេងៗ រួមទាំងការគាំទ្រ ដើម្បីទទួល បានវិញ្ញាបនបត្រចាំបាច់។
លោក Jung Jae Hak អនុប្រធាននាយកដ្ឋានកំណើនសកលនៃវិទ្យាស្ថានអភិវឌ្ឍន៍បច្ចេកវិទ្យាកូរ៉េ (KIAT) លើកឡើង ផងដែរថា តាមរយៈខ្សែច្រវាក់ផលិតកម្មគំរូ ការធ្វើតេស្តវិភាគផលិតផលអាហារ និងការបណ្តុះគំនិតអាជីវកម្មថ្មីៗ ដែលបញ្ហានេះ KIAT ចង់រួមចំណែកបង្កើតប្រព័ន្ធអេកូឡូស៊ីកែច្នៃអាហារកម្ពុជាប្រកបដោយចីរភាព។ វិទ្យាស្ថានអភិវឌ្ឍន៍បច្ចេកវិទ្យាកូរ៉េ នឹងបន្តគាំទ្រ មជ្ឈមណ្ឌលនេះ ឱ្យក្លាយជាមជ្ឈមណ្ឌលនៃកិច្ចសហប្រតិបត្តិការ និងនវានុវត្តន៍សម្រាប់ប្រទេសយើងទាំងពីរ៕ អត្ថបទ៖ សុន រ៉ាឌី















-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ
-
ព័ត៌មាន2 days agoសម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យពិនិត្យមើលលើការបំពេញបន្ថែមចំនួនអនុវិទ្យាល័យនៅតាមបណ្តាឃុំ ក្នុងខេត្តស្វាយរៀង