Connect with us

ព័ត៌មាន

គ្រឿងញៀនជាង១០គីឡូ​ ត្រូវអាជ្ញាធរខេត្តកំពង់ចាមដុតកម្ទេចចោលក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម​ បានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធ​ រួមនឹងប្រជាពលរដ្ឋ​ត្រូវចូលរួមបង្ការ ទប់ស្កាត់ និងលុបបំបាត់ នូវបញ្ហាគ្រឿងញៀន​នេះឲ្យមានប្រសិទ្ធិភាពខ្ពស់។

ឯកឧត្តម​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី២៤ ខែមិថុនា​ ឆ្នាំ២០២៦​ ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលពិធីនេះប្រារព្ធធ្វើឡើងនៅភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឯកឧត្តម​អភិបាលខេត្ត បានលើកទឹកចិត្ត​ និងជំរុញឲ្យបងប្អូនប្រជាពលរដ្ឋ​ បន្តបំផុស ដាស់តឿនដល់យុវវ័យ និងសិស្សានុសិស្សទាំងអស់ សូមឱ្យបន្តស្វែងយល់ថែមទៀតអំពីផលប៉ះពាល់និងគ្រោះថ្នាក់ដែលបង្កឡើងដោយសារធាតុញៀន ក៏ដូចជាការចូលរួមជាមួយរាជរដ្ឋាភិបាល បង្កើតជាចលនាជាតិមួយ ចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហារួម នឹងត្រូវចូលរួមបង្ការ ទប់ស្កាត់ និងលុបបំបាត់ទាំងអស់គ្នា ស្របតាមទស្សនៈវិស័យ ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន។

ឯកឧត្តម​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត បានសង្កត់ធ្ងន់ថា និងមិនមានការយោគយល់ និងលើកលែង ជាដាច់ខាតចំពោះករណីល្មើសមួយនេះ ។ ផ្ទុយទៅវិញ ឯកឧត្តម​នឹងចាត់វិធានការយ៉ាងតឹងរឹងបំផុតកុំឱ្យមានការពាក់ព័ន្ធនឹងគ្រឿងញៀន ទាំងប្រើប្រាស់ និងការជួញដូរ ឬបទល្មើសនានាក្នុងរង្វង់បញ្ហាគ្រឿងញៀននេះ។ បើរកឃើញថាពាក់ព័ន្ធនឹងអនុវត្តវិន័យយ៉ាងតឹងរឹងតាមកម្រិតកំហុស ដែលអាចឈានទៅបណ្ដេញចេញពីក្របខណ្ឌ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌ ដែលជាសមត្ថកិច្ចរបស់តុលាការ៕ ដោយ ៖ សីហា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia