ព័ត៌មាន
គណៈកម្មការទី១និងគណៈកម្មការទី៤នៃរដ្ឋសភា ជួបពិភាក្សាការងារជាមួយ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា
គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច (គណៈកម្មការទី១)និងគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន(គណៈកម្មការទី៤) នៃរដ្ឋសភា នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បានទទួលជួបប្រជុំជាមួយលោក បេនចាមីន ម៉ូរ៉ូ (Benjamin Moreau) មន្ត្រីទទួលបន្ទុកនិងជាតំណាងរងនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជានៅវិមានរដ្ឋសភា។
ក្នុងជំនួបពិភាក្សា ឯកឧត្តម សរ ចំរ៉ុង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា បានលើកឡើងពីកិច្ចសហប្រតិបត្តិការរបស់រដ្ឋសភាជាមួយដៃគូអភិវឌ្ឍន៍នានា នៅកម្ពុជាក្នុងការនាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋ។ ឯកឧត្តមបានគូសបញ្ជាក់ថា កាលពីថ្ងៃទី២៥ សីហាកន្លងមកនេះ រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ដែលនឹងក្លាយជាឧបករណ៍គតិយុត្តសំខាន់មួយដើម្បីធានាបាននូវសន្តិភាព ខឿនការពារជាតិ ឯកភាពជាតិ អធិបតេយ្យ បូរណភាពទឹកដី សន្តិសុខជាតិ និងឧត្តមប្រយោជន៍ជាតិ និងដើម្បីទប់ស្កាត់ និងប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅចូលក្នុងកិច្ច ការផ្ទៃក្នុងរបស់កម្ពុជា ជាពិសេសការប្រឆាំងនឹងអំពើក្បត់ជាតិ និងអំពើឃុបឃិតជាមួយរដ្ឋ បរទេស ឬភ្នាក់ងារបរទេស ពង្រឹងនូវការអនុវត្តកាតព្វកិច្ចជាប្រជាពលរដ្ឋខ្មែរស្របតាមមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមប្រធានគណៈកម្មការទី១នៃរដ្ឋសភា បានសង្កត់ធ្ងន់ថា ការដកសញ្ជាតិខ្មែរ គឺជាការកាត់ផ្តាច់ចំណងគតិយុត្តនិងនយោបាយចំពោះជនដែលក្បត់ជាតិ ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ ដូចជា អំពើ វិទ្ធង្សនា ឬអំពើភេរវកម្ម ជាដើម ការប្រព្រឹត្តអំពើ ឬស្ថានភាពដែលបង្ហាញពីភាពមិនស្មោះត្រង់ចំពោះរដ្ឋ (Disloyalty) ឬ ការប្រកាសភក្តីភាពចំពោះរដ្ឋបរទេស (Allegiance) ដូចជា ការចូលធ្វើជាទាហាននៃរដ្ឋបរទេស ជាដើម។
ចំណែក ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភាវិញ បានលើកឡើងថា សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមានគោលបំណងដ៏សំខាន់ ដើម្បីទប់ស្កាត់ នូវសកម្មភាពនានា ដែលនាំឱ្យប៉ះពាល់ដល់ឧត្តមប្រយោជន៍ជាតិ ឬនាំឱ្យអន្តរាយដល់សន្តិភាព ឯកភាពជាតិ អធិបតេយ្យ បូរណភាពទឹកដី និងសន្តិសុខជាតិ ជាពិសេសប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូល មកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា ព្រមទាំងប្រឆាំងនឹងអំពើឃុបឃិតជាមួយបរទេសប្រព្រឹត្តអំពើក្បត់ជាតិ របស់ខ្លួន ដែលធ្វើសកម្មភាពបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ សេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ ។ ប្រទេសកម្ពុជាប្រឈមមុខនឹងភាពអយុត្តិធម៌ពីការឈ្លានពានពីប្រទេសជិតខាង ថៃ ដែលបានប្រព្រឹត្តយ៉ាងគឃ្លើន ដូច្នេះកម្ពុជាត្រូវតែពង្រឹងផ្ទៃក្នុង ហើយច្បាប់ដកសញ្ជាតិនេះបានអះអាងច្បាស់លាស់ ម៉ត់ចត់និងម៉ឺងម៉ាត់បំផុត ធានាបាននូវការគោរពធម្មនុញ្ញភាពនៃច្បាប់ស្តីពីសញ្ជាតិស្របតាមមាត្រា៣៣ថ្មី នៃរដ្ឋធម្មនុញ្ញ និងធានាការគោរព មាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញ។
លោក បេនចាមីន ម៉ូរ៉ូ បានថ្លែងអំណរគុណដល់រដ្ឋសភា ដែលឯកឧត្តមប្រធានគណៈកម្មការទំាងពីរនៃរដ្ឋសភា ក៏ដូចជាសហការីទំាងអស់ ដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួបពិភាក្សាការងារនៅក្នុងឱកាសនេះ។ លោកបានអរគុណចំពោះការចែករំលែកព័ត៌មានថ្មីៗ ពិសេសអត្ថន័យដ៏សំខាន់នៃសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ៕










-
PR NEWS1 week agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន1 week agoកម្ពុជាស្នើស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ
-
កីឡា1 week agoMohamed Salah ប្រកាសចាកចេញពី Liverpool នៅដំណាច់រដូវកាលនេះក្រោយចំណាយពេល ៩ឆ្នាំ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីជំរុញឱ្យមន្រ្ដីសុខាភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើមរណភាពមាតា និងទារកពេលបង្កកំណើត
-
ព័ត៌មាន5 days agoប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់លើការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន4 days agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន2 days agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង