ព័ត៌មាន
ដំណើរការប្រឡងសញ្ញាបត្របាក់ឌុបថ្ងៃទី១ ចាប់ផ្តើមនៅព្រឹកនេះ ខណៈមានបេក្ខជនជាង ១៤ម៉ឺននាក់
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅកាត់ថា បាក់ឌុប បានចាប់ផ្តើមហើយ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ ជាមួយបេក្ខជនចូលរួមប្រឡងសរុបជាង ១៤ម៉ឺននាក់ ដែលមណ្ឌលសំណេរ មានចំនួនសរុប ២៤១ មណ្ឌល ត្រូវជា ៥ ៩២៤ បន្ទប់។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានីភ្នំពេញ ព្រមទាំង ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណកម្មការទី៧ នៃរដ្ឋសភា,ឯកឧត្តម ឃួង ស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ, ឯកឧត្តម ឃាង សេង ជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញចូលរួមក្នុងពិធីបើកប្រធានវិញ្ញាសាជានិមិត្តរូប នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ នៅតាមបន្ទប់ប្រឡងសម្រាប់ព្រឹកថ្ងៃទី១ នៃដំណើរការសំណេរ នៅមណ្ឌលប្រឡង វិទ្យាល័យព្រះស៊ីសុវត្ថិ ដែលមានការត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកពាក់ព័ន្ធចូលរួម ដើម្បីពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសា នៅចំពោះមុខបេក្ខជនទាំងអស់។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៤៦ ៧២០ នាក់ ស្រី ៨១ ៤៤២ នាក់ ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ ស្រី ២៤ ៥១៩ នាក់ បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១០៦ ០៤២ នាក់ ស្រី ៥៦ ៩២៣ នាក់។
បេក្ខជន ត្រូវបានរៀបចំ ចំនួន២៥នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្ត លើកលែងតែបន្ទប់ ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជន មកពីវិទ្យាល័យអប់រំពិសេស។
មណ្ឌលសំណេរ មានចំនួនសរុប ២៤១ មណ្ឌល ត្រូវជា ៥ ៩២៤ បន្ទប់ ក្នុងនោះ៖ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៧២ មណ្ឌល ត្រូវជា ១ ៦៥៥ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៦៩ មណ្ឌល ត្រូវជា ៤ ២៦៩ បន្ទប់។ មណ្ឌលកំណែ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ១០ មណ្ឌល នៅរាជធានីភ្នំពេញ។
វិញ្ញាសាទាំងអស់ ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។ វិញ្ញាសាប្រឡង ត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ ថ្នាក់វិទ្យាសាស្ត្រសង្គម ដោយក្នុងថ្នាក់នីមួយៗ មាន៧មុខវិជ្ជា។ ទម្រង់វិញ្ញាសា ត្រូវបានរៀបចំជាពីរ គឺទម្រង់វិញ្ញាសាចម្លងដាក់លើក្តារខៀន និងទម្រង់វិញ្ញាសា ដែលត្រូវចែកជូនបេក្ខជន។
គណៈមេប្រយោគ និងគណៈកម្មការនានា ដែលត្រូវចូលរួម ក្នុងដំណើរការប្រឡងនៅគ្រប់ដំណាក់កាល មានចំនួនសរុប ៣១ ២០៣នាក់ មកពីថ្នាក់ក្រសួង មានចំនួន ៤ ២៥៦ នាក់ និងមកពីថ្នាក់រាជធានី ខេត្ត មានចំនួន ២៦ ៩៤៧ នាក់ ក្នុងនោះ៖ ដំណើរការសំណេរ មានចំនួន ១៩ ៩៤៧ នាក់ មកពីថ្នាក់ក្រសួង ចំនួន ៦៧៧ នាក់ និងមកពីថ្នាក់រាជធានី ខេត្ត មានចំនួន ១៩ ២៧០ នាក់។
ដំណើរការកំណែ មានចំនួន ១០ ៥០០នាក់ មកពីថ្នាក់ក្រសួងចំនួន ២ ៨២៣នាក់ និងមកពីថ្នាក់រាជធានី ខេត្តមានចំនួន ៧ ៦៧៧នាក់។ ដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ មានចំនួន ៧៥៦នាក់ មកពីថ្នាក់ក្រសួងទាំងអស់។
ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ប្រព្រឹត្តទៅដោយឈរលើគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ «អ្នកចេះ គឺជាប់»។
ក្នុងគោលបំណងរក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយតាមមណ្ឌលប្រឡង និងធានាឱ្យបានសុខភាពសម្រាប់គណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជន ក្រសួងអប់រំ យុវជន និងកីឡា បន្តពង្រឹងកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួង ស្ថាប័ន ចំនួន៦ រួមមាន៖ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ អគ្គិសនីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា។
ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិ នៃការប្រឡងឱ្យ បានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួន នូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ឬសំណៅឯកសារផ្សេងៗ ចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ ក្នុងករណី រកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ។
សម្រាប់ការប្រឡងបាក់ឌុបរយៈពេល២ថ្ងៃរួមមាន៖
ថ្ងៃដំបូងត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ រួមមាន៖
* ពេលព្រឹក សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម៖ ម៉ោងទី១ មុខវិជ្ជា៖ ផែនដី និងបរិស្ថានវិទ្យា និង ម៉ោងទី២ មុខវិជ្ជា៖ ប្រវត្តិវិទ្យា។
* ពេលព្រឹក សម្រាប់ថ្នាក់វិទ្យាសាស្ត្រ៖ ម៉ោងទី២ មុខវិជ្ជា៖ ប្រវត្តិវិទ្យា និង ម៉ោងទី២ មុខវិជ្ជា៖ ជីវវិទ្យា។
* ពេលរសៀល ថ្នាក់វិទ្យាសាស្ត្រសង្គម៖ ម៉ោងទី១ មុខវិជ្ជា៖ ភូមិវិទ្យា និងម៉ោងទី២ មុខវិជ្ជា៖ ភាសាបរទេស។
* ពេលរសៀល ថ្នាក់វិទ្យាសាស្ត្រ៖ ម៉ោងទី១មុខវិជ្ជា៖ គីមីវិទ្យា និងម៉ោងទី២ មុខវិជ្ជា៖ ភាសាបរទេស។
ដោយឡែក សម្រាប់ការប្រឡងនៅថ្ងៃទី២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ រួមមាន៖
* ពេលព្រឹក សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម៖ ម៉ោងទី១ មុខវិជ្ជា៖ គណិតវិទ្យា និង ម៉ោងទី២ មុខវិជ្ជា៖ សីលធម៌ ពលរដ្ឋវិជ្ជា។
* ពេលព្រឹក សម្រាប់ថ្នាក់វិទ្យាសាស្ត្រ៖ ម៉ោងទី២ មុខវិជ្ជា៖ អក្សរសាស្ត្រខ្មែរ និង ម៉ោងទី២ មុខវិជ្ជា៖ រូបវិទ្យា។
* ពេលរសៀល ថ្នាក់វិទ្យាសាស្ត្រសង្គម៖ មុខវិជ្ជា៖ អក្សរសាស្ត្រខ្មែរ។
* ពេលរសៀល ថ្នាក់វិទ្យាសាស្ត្រ៖ មុខវិជ្ជា គណិតវិទ្យា៕

-
ព័ត៌មាន1 week ago
ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់លើការទន្រ្ទានដីនៅឧទ្យានជាតិ«គិរីរម្យ»
-
ព័ត៌មាន6 days ago
អ្នកនាំពាក្យក្រសួងការពារជាតិស្នើឱ្យគ្រប់ភាគីទាំងអស់ចៀសវាងសកម្មភាពទាំងឡាយណាដែលអាចនាំទៅដល់ការកើនឡើងនូវភាពតានតឹង និងការពង្រីកតំបន់ជម្លោះព្រំដែនកម្ពុជា និងថៃ
-
ព័ត៌មាន1 week ago
អាមេរិកផ្តល់ជំនួយម៉ាស៊ីនថតសួត ឌីជីថលមានភ្ជាប់បញ្ញាសិប្បនិម្មិតចំនួនបីគ្រឿងដល់កម្ពុជា
-
ព័ត៌មាន5 days ago
ពលរដ្ឋ ព្រះសង្ឃ និងទាហានកម្ពុជារងរបួសកើនឡើងដល់ ២៨ អង្គ/នាក់ អំឡុងពេលទាហានថៃរំលោភលើអធិបតេយ្យភាពថ្ងៃនេះ
-
ព័ត៌មាន2 days ago
ក្រសួងបរិស្ថានប្រកាសរកឃើញសត្វម្រើមព្រះចំនួន៣ប្រភេទ ជាកំណត់ត្រាថ្មីសម្រាប់ពិភពលោក នៅតំបនភ្នំថ្មកំបោរ ក្នុងខេត្តបាត់ដំបង និងខេត្តកំពត
-
ព័ត៌មាន2 days ago
សម្តេចប្រធានរដ្ឋសភាកម្ពុជា អរគុណរដ្ឋាភិបាលនិងសភាម៉ាឡេស៊ី ក្នុងកិច្ចខិតខំសម្របសម្រួល ដោះស្រាយជម្លោះករណីយោធាថៃរំលោភឈ្លានពានលើដែនអធិបតេយ្យកម្ពុជា
-
ព័ត៌មាន1 week ago
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥
-
ព័ត៌មាន1 week ago
តំណាងថ្មីរបស់ UNDP ប្រចាំកម្ពុជា ប្តេជ្ញាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ