ព័ត៌មាន
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ស្នើ ឯកឧត្តម ដូណាល់ ត្រាំ បន្តចូលរួមដោះស្រាយជម្លោះព្រំដែនកម្ពុជា និងថៃដោយសន្តិវិធី ស្របតាមបំណងប្រាថ្នាពលរដ្ឋកម្ពុជាដែលស្រឡាញ់សន្តិភាព
នៅក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ សមាជិកសភាសហរដ្ឋអាមេរិក ដែលដឹកនាំ ដោយលោកជំទាវ បេត វ៉ាន់ ដាញ (Beth Van Duyne) នៅព្រឹកថ្ងៃទី២៨ ខែសីហាឆ្នាំ២០២៥ នៅវិមានរដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា តាមរយៈគណៈប្រតិភូ បានស្នើជូន ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ បន្តចូលរួមលើកកម្ពស់ការអនុវត្តបទឈប់បាញ់ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងចូលរួមស្វែងរកដំណោះស្រាយដោយសន្តិវិធី នៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ស្របតាមបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំនិងពលរដ្ឋកម្ពុជា ដែលស្រឡាញ់សន្តិភាព ចង់ការពារសុខសន្តិភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេសជាតិទំាងអស់ ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិ សម្រេចបានគោលដៅអភិវឌ្ឍន៍របស់ខ្លួននៅឆ្នាំ២០៣០និងឆ្នាំ២០២៥០។

តាមរយៈសមាជិកសភាសហរដ្ឋអាមេរិក សម្តេចប្រធានរដ្ឋសភា ក៏បានថ្លែងអំណរគុណជាថ្មីទៀត ជូន ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ និង ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ក៏ដូចជាសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសជាមិត្តទាំងអស់ ដែលបានផ្តួចផ្តើមនិងសម្របសម្រួលឱ្យមានជំនួបចរចារវាងថ្នាក់ដឹកនាំប្រទេសកម្ពុជានិងថៃ សម្រេចបាននូវបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដាកន្លងមកនេះ បានជួយសង្រ្គោះអាយុជីវិតពលរដ្ឋ រាប់ម៉ឺននាក់ នៅក្នុងប្រទេសទំាងពីរ។

សួមជម្រាបថាគណៈប្រតិភូសភាសហរដ្ឋអាមេរិក ដែលចូលជួបពិភាក្សាការងារជាមួយ សម្តេចប្រធានរដ្ឋសភា នាឱកាសនេះ បានអញ្ជើញមកពីគណបក្សទំាងពីររបស់សហរដ្ឋអាមេរិក គឺគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋ។ លោកជំទាវ បេត វ៉ាន់ ដាញ បានបញ្ជាក់ពីគោលបំណងដំណើរទស្សនកិច្ច មកកាន់កម្ពុជានាពេលនេះ ដើម្បីលើកកម្ពស់ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែរឹងមាំបន្ថែម លើគ្រប់វិស័យ មានទំាងសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ បច្ចេកវិទ្យា សុខសន្តិភាពជាដើម។

លោកជំទាវបានគូសបញ្ជាក់ថាមុនមកបំពេញទស្សនកិច្ចនៅកម្ពុជា លោកជំទាវក៏បានបំពេញទស្សនកិច្ចនៅប្រទេសថៃផងដែរ។ តាមរយៈដំណើរទស្សនកិច្ចនេះ ឃើញថាប្រជាពលរដ្ឋប្រទេសទំាងពីរត្រូវការសន្តិភាព និងស្រឡាញ់សន្តិភាពដូចគ្នា។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា កម្ពុជាបានឆ្លងកាត់សង្រ្គាមជាច្រើនទសវត្សរ៍ បានហែលឆ្លងទុក្ខវេទនា វិនាសកម្មពីសង្រ្គាមច្រើនណាស់មកហើយ ដូច្នេះមិនចង់ឃើញសង្គ្រាមទៀតឡើយ។ ដោយគិតគូរពីអាយុវជីវិតពលរដ្ឋនិងសុខសន្តិភាព ជាអាទិភាព គ្រាន់តែមានការឈ្លានពានពីប្រទេសថៃភ្លាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសរសេរលិខិតសូមអន្តរាគមន៍ពី ឯកឧត្តមប្រធានាធិបតីអាមេរិក ស្វែងរកដំណោះស្រាយដោយសន្តិវិធី បញ្ចៀសការបង្ហូរឈាមដល់ពលរដ្ឋទំាងសងខាង។ ឆ្លើយតបការអន្តរាគមន៍ដ៏មានតម្លៃរបស់ ឯកឧត្តមប្រធានាធិបតី សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើសុំពានរង្វាន់ណូបែលសន្តិភាព ជូនឯកឧត្តមប្រធានាធិបតីអាមេរិក។ នៅក្នុងលិខិតផ្ញើជូនសម្តេចធិបតី វិញ ឯកឧត្តម ដូណាល់ ត្រាំ បានវាយតម្លៃថាសម្តេចធិបតី ហ៊ុន ម៉ាណែត ជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប ដែលផ្តល់តម្លៃលើជីវិតមនុស្ស និងស្រឡាញ់ សន្តិភាព និងបានគូសបញ្ជាក់ពីមោទនភាពរបស់ឯកឧត្តម ដែលបានចូលរួមជាផ្នែកមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់ សំដៅបញ្ចប់នូវសោកនាដកម្មនៃជម្លោះប្រដាប់អាវុធ និងបានសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថាពលរដ្ឋកម្ពុជាបានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិក និងបណ្តាប្រទេសជាមិត្តទំាងអស់ដែលបានចូលរួមស្វែងរកដំណោះស្រាយដោយសន្តិវិធី។ តែបទឈប់បាញ់ស្ថិតនៅក្នុងស្ថានភាពផុយស្រួច នៅឡើយ ដូច្នេះកម្ពុជាស្នើសុំសហរដ្ឋអាមេរិកបន្តចូលរួមនិងសង្កេតការណ៍ ក៏ដូចជាស្វែងរកដោះស្រាយដោយសន្តិវិធី ជូនពលរដ្ឋកម្ពុជា ដែលស្រឡាញ់សន្តិភាព។
សម្តេចប្រធានរដ្ឋសភានិងសមាជិកសភាសហរដ្ឋអាមេរិក បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជានិងសហរដ្ឋអាមេរិក ទំាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។ នៅក្នុងនោះសម្តេចក៏បានថ្លែងអំណរគុណជូនសហរដ្ឋអាមេរិកដែលបានបញ្ចុះពន្ធជូនកម្ពុជាពីចំនួន៤៩%មកនៅត្រឹម១៩%។ ការបញ្ចុះពន្ធនេះមានសារៈសំខាន់នៅក្នុងការចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិនិងជីវភាពរបស់ពលរដ្ឋកម្ពុជា។ បន្ថែមពីនេះ សម្តេចបានស្នើសុំសមាជិកសភាសហរដ្ឋសអាមេរិកបន្តកៀរគរអ្នកវិនិយោគ អ្នកទេសចរ មកកម្ពុជាបន្ថែមទៀត។

ជាការឆ្លើយតប លោកជំទាវ បេត វ៉ាន់ ដាញ បានបង្ហាញសុទិដ្ឋិយម ដោយហេតុថាអ្នកវិនិយោគសហរដ្ឋអាមេរិកជាច្រើនបានចាប់អារម្មណ៍មកបណ្តាក់ទុននៅកម្ពុជា។ ចំណែកអ្នកបានវិនិយោគនៅកម្ពុជាហើយ មានការពេញជាខ្លំាងនៅក្នុងការវិនិយោគនៅកម្ពុជា។ លោកជំទាវ បានគូសបញ្ជាក់ថានៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាពេលនេះ គណៈប្រតិភូសភាសហរដ្ឋអាមេរិកនឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័នជាច្រើន របស់កម្ពុជាក្នុងការជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង លើគ្រប់វិស័យរួមទំាងការវិនិយោគនិងពាណិជ្ជកម្មជាដើម៕



-
PR NEWS7 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoព្រះមហាក្សត្រកម្ពុជា ព្រះអង្គទ្រង់ប្រឈួនពុំអាចបំពេញព្រះរាជកិច្ចបាន ប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី ឱ្យទទួលស្វាគមន៍ឯកឧត្តម ថងលូន ស៊ីសូលីត នៅក្នុងព្រះបរមរាជវាំង
-
ព័ត៌មាន6 days agoសម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជូនឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
-
ព័ត៌មាន1 week agoមន្រី្តជាន់ខ្ពស់សុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗ
-
កីឡា1 week agoMan City ឈ្នះ Newcastle ឡើងជួប Arsenal វគ្គផ្តាច់ព្រ័ត្រ EFL Cup នៅ Wembley
-
ព័ត៌មាន6 days agoឱកាសការងារជិត ១ពាន់កន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ត្រូវបានផ្សព្វផ្សាយដល់អតីតពលករនៅខេត្តប៉ៃលិន
-
ព័ត៌មាន7 days agoក្រោយប្រតិបត្តិការទ្រង់ទ្រាយធំ នគរបាលចាប់ជនបរទេសជាងពីរពាន់នាក់ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ