ព័ត៌មាន
គណៈប្រតិភូសភាអាមេរិកកោតសរសើរចំពោះកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់របស់កម្ពុជា
ភ្នំពេញ៖ នារសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាអាមេរិក ដឹកនាំដោយលោកជំទាវ Beth Van Duyne សមាជិកសភាប្រចាំរដ្ឋ Texas រួមនឹងឯកឧត្តមវេជ្ជបណ្ឌិតRichard McCormick សមាជិកសភាប្រចាំរដ្ឋGeorgia និងឯកឧត្តម Suhas Subraanyam សមាជិកសភាប្រចាំរដ្ឋ Virginia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួបនេះ,លោកជំទាវ Beth Van Duyne បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយ សម្ដេចបវរធិបតី ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ការធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អត្រាអតិផរណាទាប ដែលកម្ពុជាសម្រេចបានក្នុងរយៈពេលប៉ុន្មានទសវត្សនេះ។ លោកជំទាវបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវគោលនយោបាយសំខាន់ៗ ដើម្បីទាក់ទាញវិនិយោគិនបរទេស។ លោកជំទាវបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ជាពិសេសលើវិស័យពាណិជកម្ម និងវិនិយោគ។ ជាមួយគ្នានេះ លោកជំទាវ ក៏បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់លោកជំទាវ ដើម្បីចូលរួមចំណែកដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។
ជាការឆ្លើយតប, សម្ដេចបវរធិបតីបានស្វាគមន៍ចំពោះលោកជំទាវ និងគណៈប្រតិភូដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកជំទាវនឹងកាន់តែជួយជំរុញបន្ថែមទៀតនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរបស់កម្ពុជា-អាមេរិក។ សម្តេចបវរធិបតីបានសង្កត់ធ្ងន់ថា កំណើនសេដ្ឋកិច្ចដែលកម្ពុជាសម្រេចបាននាពេលកន្លងមកគឺដោយសារការរក្សាបានសន្តិភាព និងស្ថិរភាព។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ជូនលោកជំទាវថា កម្ពុជាថ្លែងអំណរគុណចំពោះ ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump ដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃបានឆាប់រហ័ស។ បទឈប់បាញ់នេះបានជួយសង្រ្គោះអាយុជីវិតជាច្រើននាក់។ ហេតុនេះហេីយបានកម្ពុជាស្នេី ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព ដែលស្របតាមសំណូមពររបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និងដើម្បីជាការថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ ក្នុងការផ្ដួចផ្ដើមនិងជំរុញឱ្យមានបទឈប់បាញ់នេះ។ ជាមួយគ្នានេះ សម្ដេចបវរធិបតីក៏បានថ្លែងអំណរគុណរដ្ឋាភិបាលអាមេរិក ដោយបានសម្រេចទម្លាក់អត្រាពន្ធលើការនាំចូលទំនិញកម្ពុជា មកនៅត្រឹម១៩% នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។ សម្ដេចបវរធិបតីក៏បានគូសរំលេចពីគោលនយោបាយ និងការដាក់ចេញកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាការធ្វើសម្រួលនីតិវិធីនៃការចុះបញ្ជីវិនិយោគឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន ការរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់វិស័យឯកជន ការដាក់ចេញនូវគោលនយោបាយការវិនិយោគជាក់ស្ដែង ក៏ដូចជាកញ្ចប់វិធានការលើកទឹកចិត្តនានាសំដៅទាក់ទាញវិនិយោគិនបរទេសមកកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។
សម្ដេចបវរធិបតី និងលោកជំទាវ Beth Van Duyne ក៏បានពិភាក្សាអំពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរវាងប្រទេសទាំងពីរ ដូចជា វិស័យសន្ដិសុខនិងការពារជាតិ ការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន និងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋកម្ពុជាពីសហរដ្ឋអាមេរិកមកកម្ពុជាជាដើម។ ក្នុងឱកាសនោះ សម្តេចធិបតីក៏បានជម្រាបជូនអំពីវឌ្ឍនភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ រួមទាំងការអនុវត្តបទឈប់បាញ់ផងដែរ សំដៅឈានទៅរកការស្តារឡើងវិញនូវនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ គណៈប្រតិភូសភាអាមេរិកក៏បានបញ្ជាក់ពីជំហរបស់សហរដ្ឋអាមេរិកក្នុងការគាំទ្របទឈប់បាញ់ និងវិលទៅរកសន្តិភាព និងស្ថិរភាពឡេីងវិញ ហេីយសហរដ្ឋអាមេរិកនឹងបន្តយកចិត្តទុកដាក់តាមដានលេីការងារនេះ៕







-
PR NEWS7 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន4 days agoក្រសួងពាណិជ្ជម្ម អំពាវនាវដល់អ្នកចែកចាយនិងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ត្រូវគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសុវត្ថិភាពអ្នកប្រើប្រាស់
-
ព័ត៌មាន7 days agoជនភៀសសឹកបង្ហាញក្តីឈឺចាប់ពីការឈ្លានរបស់ថៃស្របពេលអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីចុះសួរសុខទុក្ខ
-
ព័ត៌មាន1 week agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន6 days agoអនុព័ន្ធយោធាបរទេស ១២ប្រទេស ចុះពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ដែលរងការវាយប្រហារ រាយបន្លាលួស និងដាក់ទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ
-
ព័ត៌មាន1 week agoអ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
-
ព័ត៌មាន1 week agoអគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន5 days agoប្រតិភូអនុព័ន្ធយោធាបរទេសបន្តចុះត្រួតពិនិត្យជាក់ស្តែងនូវគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ពីសកម្មភាពវាយប្រហាររបស់យោធាថៃមកលើកម្ពុជាក្នុងភូមិសាស្រ្តខេត្តព្រះវិហារ