ព័ត៌មាន
ប្រធានសភាប្រឹក្សានយោបាយចិន៖ ប្រទេសចិននឹងនៅតែបន្តគាំទ្រកម្ពុជាដោយឥតងាករេ និងគំាទ្របទឈប់បាញ់កម្ពុជានិងថៃ
នៅចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ឯកឧត្តម វ៉ាង ហូនឹង (Wang Huning) ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន បានថ្លែងថាប្រទេសចិននៅតែបន្តគាំទ្រដល់កម្ពុជាដោយឥតងាករេ និងគាំទ្របទឈប់បាញ់រវាងកម្ពុជា និងថៃផងដែរ។
នៅក្នុងកិច្ចជំនួបពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ បូក ដែលប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម វ៉ាង ហូនឹង (Wang Huning) ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេចបវរធិបតី និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមបានចាត់ទុកវត្តមានរបស់សម្តេចបវរធិបតី និងគណៈប្រតិភូថា បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅលើការពង្រឹងទំនាក់ទំនងជាប្រពៃណី និងយូរអង្វែងរវាងប្រទេសទាំងពីរ។ ឯកឧត្តមប្រធានបានថ្លែងថា ទំនាក់ទំនងកម្ពុជា-ចិនបានឆ្លងកាត់ការសាកល្បងនៃការប្រែប្រួលសភាពការណ៍អន្តរជាតិ និងកាន់តែមានភាពរឹងមាំ និងស្ថិតស្ថេយូរអង្វែង។ ឯកឧត្តមប្រធានក៏បានបន្ថែមថា ក្នុងជំនួបការងារទ្វេភាគីនាថ្ងៃទី ៣០ ខែសីហា ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង បានដាក់ចេញទិសដៅសំខាន់ៗ ដើម្បីធ្វើឱ្យទំនាក់ទំនងចិន-កម្ពុជា កាន់តែស៊ីជម្រៅថែមទៀត។ ក្នុងបរិបទនេះ ប្រទេសចិននឹងនៅតែបន្តគាំទ្រកម្ពុជាដោយឥតងាករេ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចបវរធិបតី បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិនត្រូវបានពូនជ្រុំជាយូរមកហើយ និងត្រូវបានថ្នាក់ដឹកនាំជំនាន់ក្រោយជំរុញ និងលើកកម្ពស់ជាបន្តបន្ទាប់។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង នៅកម្ពុជាកាលពីខែមេសាកន្លងទៅ ក៏បានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត។ សម្តេចបវរធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រកម្ពុជាជាពិសេសការពង្រឹងសមត្ថភាពអភិវឌ្ឍន៍ប្រទេស ឈានដល់ការម្ចាស់ការដោយខ្លួនឯង ព្រមទាំងគាំទ្រកម្ពុជាក្នុងការការពារអធិបតេយ្យជាតិរបស់ខ្លួន។
ចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃ សម្ដេចធិបតីបានស្នើមិត្តចិន ជំរុញឱ្យភាគីទាំងពីរជៀសវាងការប្រើប្រាស់កម្លាំងយោធា ដើម្បីដោះស្រាយបញ្ហាព្រំដែនដែលមិនទាន់ដាច់ស្រេច ជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ ព្រមទាំងជំរុញឱ្យភាគីទាំងពីរ ដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការព្រំដែនដែលមានស្រាប់ (គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ JBC) ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃដែលមានជាធរមាន សន្ធិសញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ។
ពាក់ព័ន្ធនឹងជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ប្រទេសចិនគាំទ្រដល់បទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ ក៏ដូចជាគាំទ្រដល់តួនាទីរបស់ម៉ាឡេស៊ីក្នុងការសម្របសម្រួលបទឈប់បាញ់ និងជំរុញឱ្យទំនាក់ទំនងរវាងប្រទេសកម្ពុជានិងថៃឆាប់វិលត្រឡប់ទៅរកប្រក្រតីភាពនាពេលឆាប់ៗខាងមុខ។ មុននឹងបញ្ចប់ ឯកឧត្តមប្រធានបានសង្កត់ធ្ងន់ថា ចិននឹងបន្តតាមដានដោយយកចិត្តទុកដាក់ ចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបន្តធ្វើកិច្ចការ ដើម្បីជួយដោះស្រាយបញ្ហានេះ៕





-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន