Connect with us

ព័ត៌មាន

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១០

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងធម្មការ និងសាសនា បានរៀបចំពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី១០ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការទទួលស្វាគមន៍ពីសំណាក់ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា។

​ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក រដ្ឋសភា ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួងស្ថាប័ន លោក លោកស្រី អភិបាលរងខេត្តទទួលបន្ទុកកិច្ចការសាសនា ឧទ្ទេសាចារ្យ អាចារ្យ អាចារិនី និងស្ថាប័នពាក់ព័ន្ធ សរុបចំនួន ១,២៥០នាក់ នៅសាលវិទ្យាស្ថានជាតិអប់រំ។

ឯកឧត្តមបណ្ឌិត ចាយ បូរិន បានលើកឡើងអំពីការអនុវត្តផែនការសកម្មភាពការងាររបស់ក្រសួងធម្មការ និងសាសនា ដោយពេលកន្លងមក ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ក្រសួង បានខិតខំបំពេញការងារយ៉ាងសកម្ម តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សាសនា វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ជាតិឱ្យកាន់តែរីកចម្រើនរុងរឿង ហើយរក្សាបាននូវអត្តសញ្ញាណដ៏ល្អផូរផង់របស់ជាតិយើង។ ទន្ទឹមនឹងនេះ ក្រសួង បានកំពុងផ្សព្វផ្សាយកម្មវិធី នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ការបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៩ ស្តីពីវិបត្តិអាចារ្យ។ គិតមកដល់បច្ចុប្បន្ននេះក្រសួងបានបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យ អាចារិនីខ្មែរ បានចំនួន៥០វគ្គ សរុបសិក្ខាកាមចំនួន ១៣,៦០៦អង្គ/នាក់ ក្នុងគោលដៅតម្រង់ទិសទៅលើការដឹកនាំរៀបចំសាសនពិធី និងទម្រង់ជើងការនៃពិធីអាពាហ៍ពិពាហ៍ ឱ្យមានលក្ខណៈឯកភាពគ្នា។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹកពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនចំពោះឯកឧត្តម លោកជំទាវ លោកគ្រូឧទ្ទេសាចារ្យ  អាចារ្យ អាចារិនី លោក លោកស្រី និងអង្គពិធីទាំងមូល ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីសំណេះសំណាលនាថ្ងៃនេះ ដែលជានិច្ចកាល សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងតែយកចិត្តទុកដាក់ជាប្រចាំអំពីសុខទុក្ខនិងជីវភាពរបស់បងប្អូនគ្រប់ពេលវេលា ជាពិសេសក្នុងអំឡុងពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានអូសបន្លាយ រយៈពេលជាងមួយខែ កន្លងមកនេះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងធម្មការ និងសាសនា ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ចាយ បូរិន ដែលបានរៀបចំពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេស លើកទី១០ នាឱកាសនេះ និងបានខិតខំពង្រីងតួនាទី ភារកិច្ច និងក្រមសីលធម៌ ដល់អាចារ្យ អាចារិនីខ្មែរ តាមគ្រប់រូបភាព ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឈានឆ្ពោះទៅរកការឯកភាពជាធ្លុងមួយ ទាំងខាងទស្សនៈ ទាំងគោលជំហរ ទាំងការប្រតិបត្តិ ក្នុងការងារដឹកនាំពិធីកម្មសាសនា និងទំនៀមទម្លាប់ប្រពៃណី ជាពិសេសការរៀបចំ ពិធីជួបជុំប្រចាំឆ្នាំនាពេលនេះ ដែលពិតជាបានផ្តល់ឱកាសសម្រាប់ អាចារ្យ អាចារិនីគ្រប់រូប បានជួបប្រាស្រ័យទាក់ទងគ្នា រាប់អានគ្នាកាន់តែជិតស្និទ្ធ ចូលរួមពិភាក្សា ផ្លាស់ប្តូរទស្សនៈ គំនិតយោបល់ និងចែករំលែកបទពិសោធល្អៗរវាងគ្នានឹងគ្នា សំដៅចូលរួមចំណែកដល់ការលើកស្ទួយប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ និងអរិយធម៌ដ៏ល្អផូរផង់របស់ជាតិយើង។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន បានផ្តល់អនុសាសន៍មួយចំនួន ដូចខាងក្រោម៖

១-អាចារ្យ អាចារិនីទាំងអស់ ត្រូវមានសាមគ្គីភាព កិច្ចសហការ និងទំនាក់ទំនងល្អជាមួយនឹងគណៈកម្មការវត្ត ចៅអធិការវត្ត មន្ទីរធម្មការនិងសាសនារាជធានី ខេត្ត ក្រុង និងពុទ្ធបរិស័ទ ដោយមិនត្រូវប្រកាន់បក្សពួក ឬបង្កើតអធិករណ៍នៅក្នុងវត្ត ឬក្នុងមូលដ្ឋានរបស់ខ្លួន។

២-សូមចូលរួមរៀបចំវត្តអារាម ឱ្យមានសោភណភាពល្អ ស័ក្តិសមជាទីកន្លែងគោរពសក្ការៈស្របតាមអភិក្រម ស៣ របស់ក្រសួងធម្មការនិងសាសនា គឺ ១.វត្តស្អាត ២.វត្តស្វាង និង៣.វត្តស្ងប់។

៣-សូមខិតខំថែរក្សានិងអភិរក្សនូវកេរមរតកវប្បធម៌ព្រះពុទ្ធសាសនា និងប្រពៃណី ទំនៀមទម្លាប់ខ្មែរឱ្យស្ថិតស្ថេរគង់វង្ស ធ្វើយ៉ាងណារួមគ្នាលើកស្ទួយវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ឱ្យបានថ្កុំថ្កើងរុងរឿង។

៤-សូមអាចារ្យ អាចារិនីទាំងអស់ត្រូវប្រកាន់នូវសប្បុរសធម៌ទាំង៧ឱ្យបានខ្ជាប់ខ្ជួន។

៥- អាចារ្យ អាចារិនីទាំងអស់ ត្រូវបន្តពង្រឹងចំណេះដឹងខិតខំស្រាវជ្រាវគម្ពីរដីកា ក្បួនច្បាប់ របៀបមង្គល និងពិធីបុណ្យផ្សេងៗ ហើយចងក្រងទុកជាឯកសារ ដើម្បីរួមចំណែកក្នុងការកសាងឯកសារគោលរបស់ក្រសួងធម្មការនិងសាសនា។

៦-អាចារ្យ អាចារិនីទាំងអស់ ត្រូវដើរតួនាទីជាគំរូល្អ ក្នុងការគោរពប្រតិបត្តិព្រះពុទ្ធសាសនា ច្បាប់ទម្លាប់ សីលធម៌ សុជីវធម៌ ចរិយាធម៌ ដើម្បីចូលរួមទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងចូលរួមចំណែកអភិវឌ្ឍសង្គម។

៧-អាចារ្យ អាចារិនី គឺជាមរតកមនុស្សរស់ និងជាអ្នកអភិរក្ស និងអភិវឌ្ឍមរតកវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ឱ្យស្ថិតស្ថេរគង់វង្ស៕

អត្ថបទ រដ្ឋា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia