ព័ត៌មាន
អ្នកនាំពាក្យក្រសួងការងារ អំពាវនាវកុំឱ្យឆ្លងដែនទៅថៃខុសច្បាប់ ដោយគួរតែស្វែងរកការងារក្នុងស្រុកវិញតាមរយៈលេខ ១២៩៧ និងសាកសួរព័ត៌មានការងារពីអាជ្ញាធរមូលដ្ឋាន
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋកុំឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ហើយគួរតែស្វែងរកឱកាសការងារក្នុងស្រុកវិញតាមរយៈលេខ ១២៩៧ និងសាកសួរអាជ្ញាធរមូលដ្ឋានទើបជាការប្រសើរ។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា “បងប្អូនប្រជាពលរដ្ឋ មិនគួរឆ្លងដែនដោយខុសច្បាប់ ដើម្បីស្វែងរកការងារធ្វើនៅប្រទេសថៃនោះទេ ដោយពួកគាត់គួរតែស្វែងរកឱកាសការងារក្នុងស្រុកវិញ តាមរយៈលេខ ១២៩៧ និងសាកសួរអាជ្ញាធរមូលដ្ឋាន ព្រោះការងារក្នុងស្រុកសំបូរបែប សុវត្ថិភាពជាង ចំណាយតិចជាង និងទទួលបានប្រាក់ឈ្នួលសមរម្យ រួមទាំងអត្ថប្រយោជន៍ការថែទាំសុខភាព និងប្រាក់សោធន ដែលនៅប្រទេសថៃ មិនមាននោះឡើយ”។
បន្ថែមលើនេះ បម្រើការងារក្នុងស្រុក ក៏អាចធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ អាចរស់នៅជួបជុំក្រុមគ្រួសារ គ្មានការវាយធ្វើបាប ឬអំពើហិង្សា និងមិនចំណាយច្រើនលើការរស់នៅប្រចាំថ្ងៃបន្ថែមទៀតដែរ។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យដដែល។
ដើម្បីទទួលបានឱកាសការងារក្នុងស្រុកនេះដែរ លោក ស៊ុន មេសា បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាក់ទងទៅកាន់លេខ ១២៩៧ ឬក៏អាចទាក់ទងអាជ្ញាធរមូលដ្ឋាន ដែលកំពុងរង់ចាំសម្របសម្រួល និងស្វែងរកការងារជូន ខណៈដែលឱកាសការងារ កំពុងមានតម្រូវការជាច្រើនម៉ឺនកន្លែង ទាំងវិស័យក្នុងប្រព័ន្ធ និងវិស័យក្រៅប្រព័ន្ធ។ បើតាមទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញថា គិតត្រឹមថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៥នេះ នៅទូទាំងប្រទេសកម្ពុជា មានឱកាសការងារសរុបជាង ៩ម៉ឺននាក់។
ជាមួយគ្នានេះ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដោយគិតត្រឹមខែកក្កដា ឆ្នាំ ២០២៥នេះ ប្រទេសកម្ពុជានៅមានឱកាសការងារប្រមាណជាង ៣០ម៉ឺនកន្លែងបន្ថែមទៀត តាមរយៈគម្រោងវិនិយោគជាង ៤០០ ដែលមាននៅកម្ពុជា។
ដូច្នេះ ចំណុចសំខាន់បំផុត បងប្អូនគួរតែស្វែងរកការងារក្នុងស្រុកវិញតាមរយៈលេខ ១២៩៧ ឬអាជ្ញាធរមូលដ្ឋានដើម្បីទទួលបានប្រាក់ខែសមរម្យ, អត្ថប្រយោជន៍នានាដែលច្រើនជាងនៅក្រៅប្រទេស ខណៈដែលការធ្វើចំណាកស្រុកដោយគ្មានឯកសារ នឹងជួបប្រទះការចំណាយលុយលើមេខ្យល់ បញ្ហាសុវត្ថិភាពដោយសារមានការរើសអើង ការកេងប្រវ័ញ្ច និងអាចប្រឈមនឹងជាប់ពន្ធនាគារ ជាដើម។ នេះបើតាមលោក ស៊ុន មេសា ដដែល៕









-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព