ព័ត៌មាន
«បញ្ហាភាពស៊ាំនៃថ្នាំផ្សះប្រឆាំងមេរោគ គឺផ្តើមពីបុគ្គលម្នាក់ៗ ដែលត្រូវយកចិត្តទុកដាក់ ពិចារណា និងគោរពបទដ្ឋានវេជ្ជសាស្ត្រត្រឹមត្រូវ មុនការសម្រេចប្រើប្រាស់»
ភ្នំពេញ ៖ នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាជាតិ ស្តីពីការពង្រឹងការគ្រប់គ្រង ការប្រើប្រាស់ឱសថប្រឆាំងមេរោគនៅមូលដ្ឋានសុខាភិបាល និងការចាប់ផ្តើមជាផ្លូវការ នៃគម្រោងស្រាវជ្រាវបែបអនុវត្ត នៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃសិក្ខាសាលានាពេលនេះ ដើម្បីធ្វើការរួមគ្នាជាក្រុមពហុជំនាញ ក្នុងការអនុវត្តសកម្មភាពការគ្រប់គ្រង ការប្រើប្រាស់ឱសថប្រឆាំងមេរោគថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលបំណងដោះស្រាយបញ្ហាភាពស៊ាំ ពន្យារភាពស៊ាំរបស់ឱសថប្រឆាំងមេរោគ ការពារផលរំខាន កាត់បន្ថយការចំណាយ និងដើម្បីធានាអំពីលទ្ធផលល្អបំផុតសម្រាប់សុខភាពរបស់អ្នកជំងឺ ដែលព្យាបាលដោយឱសថប្រឆាំងមេរោគ ប្រកបដោយគុណភាព សមធម៌ និងបរិយាប័ន្នសង្គម។ ភាពស៊ាំនៃមេរោគជាមួយឱសថប្រឆាំងមេរោគនេះ បណ្តាលមកពីការប្រើប្រាស់ឱសថប្រឆាំងមេរោគ មិនត្រឹមត្រូវ ឬលើសតម្រូវការចាំបាច់។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួន ដើម្បីឱ្យការអនុវត្តកម្មវិធីគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគនេះ ប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យ៖
– ក្នុងនាមជាមន្រ្តីសុខាភិបាល ត្រូវចាប់ផ្តើមពីការផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន ទៅលើបញ្ហានៃការប្រើប្រាស់ឱសថប្រឆាំងមេរោគឱ្យបានត្រឹមត្រូវ។
– សិក្សាស្វែងយល់បន្ថែម អំពីបញ្ហាជំងឺឆ្លងដែលមាននៅលើសកលលោក ជាពិសេសនៅក្នុងតំបន់ និងពិភាក្សាទៅលើនិយាមការនៃការព្យាបាលដោយប្រើប្រាស់ឱសថប្រឆាំងនឹងមេរោគអង់ទីប៊ីយូទិក (Antibiotics)។
– បន្តពិនិត្យ និងធ្វើបច្ចុប្បន្នភាព ពាក់ព័ន្ធនឹងការបណ្តុះបណ្តាល ទាំងនៅក្នុងសាកលវិទ្យាល័យ និងទាំងក្នុងចំណោមមន្រ្តីសុខាភិបាល ដែលកំពុងបម្រើការងារក្នុងមន្ទីរពេទ្យ។
– បន្តការបណ្តុះបណ្តាលដល់មន្ត្រីសុខាភិបាល អំពីការងារការគ្រប់គ្រង ការប្រើប្រាស់ឱសថប្រឆាំងមេរោគ Antimicrobials Stewardship (AMS) ការបង្ការនិងត្រួតពិនិត្យការចម្លងរោគ Infection Prevention and Control (IPC) និងការធ្វើរោគវិនិច្ឆ័យឱ្យត្រឹមត្រូវដោយផ្អែកលើភ័ស្តុតាងពីមន្ទីរពិសោធន៍ នៅតាមមូលដ្ឋានសុខាភិបាល។
– បន្តកិច្ចសហការឱ្យជិតស្អិតជាមួយផ្នែកមន្ទីរពិសោធន៍ ក្នុងការធ្វើតេស្តរកមេរោគបង្កជំងឺដើម្បីធ្វើរោគវិនិច្ឆ័យ ក៏ដូចជាធ្វើការប្រមូល ការវិភាគ និងការចែករំលែកទិន្នន័យ ដើម្បីជួយដល់ការធ្វើបច្ចុប្បន្នភាពនិយាមនៃការព្យាបាលដោយឱសថប្រឆាំងមេរោគក្នុងប្រទេសកម្ពុជា។
– លើកទឹកចិត្តក្រុមការងារសុខាភិបាល ក្នុងការសហការជាមួយដៃគូពាក់ព័ន្ធនានា បន្តស្រាវជ្រាវរួមគ្នាអំពីបញ្ហាជំងឺឆ្លង និងបញ្ហាភាពស៊ាំនៃមេរោគជាមួយឱសថប្រឆាំងមេរោគ ដើម្បីប្រមូលបានជាធាតុផ្សំបន្ថែមទៀត ជាគុណប្រយោជន៍ទៅដល់ការអនុវត្តន៍កិច្ចការងារប្រចាំថ្ងៃ។
– ក្នុងនាមជាគ្រូពេទ្យ ត្រូវគិតគូឱ្យបានច្បាស់លាស់មុនចេញវេជ្ជបញ្ជាប្រើប្រាស់ឱសថប្រឆាំងមេរោគ ក្នុងនោះអាចទប់ស្កាត់ការរាតត្បាតជំងឺជាសកលមួយ។
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ មជ្ឈមណ្ឌលអន្តរជាតិ ICARS និងកិច្ចសហការគាំទ្ររបស់អង្គការសុខភាពពិភពលោក ព្រមទាំងក្រុមការងារដែលបានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង និងស្របពេលដែលក្រសួងសុខាភិបាលបាន និងកំពុងខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង ទៅនឹងការគម្រាមកំហែងពីការកើនឡើង នៃភាពស៊ាំនៃមេរោគជាមួយនឹងឱសថប្រឆាំងមេរោគ។
សិក្ខាសាលានេះ រៀបចំរយៈពេល២ថ្ងៃ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថា្នក់ដឹកនាំក្រសួង លោក លោកស្រី តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា តំណាងមជ្ឈមណ្ឌលអន្តរជាតិ ICARS អភិបាលរង នៃគណៈអភិបាលរាជធានី ខេត្ត មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ព្រមទាំងមន្ទីរពេទ្យខេត្ត ស្រុក និង ភ្ញៀវជាតិ និងអន្តរជាតិ និងតាមប្រព័ន្ធ Zoom នូវក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្រុក និងក្រុមការងារ AMS៕
អត្ថបទ រដ្ឋា













-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន6 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន3 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន5 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន6 days agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន5 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ