ព័ត៌មាន
រាជធានីភ្នំពេញប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ប្រចាំឆមាសទី១ ឆ្នាំ២០២៥
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី១ ត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” រាជធានីភ្នំពេញ និងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា អាជ្ញាធររាជធានីភ្នំពេញបានរក្សានូវសន្តិសុខ សុវត្ថិភាពយ៉ាងល្អប្រសើរ ដោយមិនធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភឡើយ ខណៈមានការប៉ះទង្គិចគ្នាដោយអាវុធ នៅតាមព្រំដែន។ រដ្ឋបាលរាជធានីភ្នំពេញបាននាំយកអំណោយដូចជា ចង្ក្រានហ្គាស ចានឆ្នាំង និងម៉ូតូ ដែលជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងគ្រឿងឧបភោគ បរិភោគ ព្រមទាំងសម្ភារៈផ្សេងៗ ដែលបានមកពីសប្បុរសជនទៅចែកជូនវីរកងទ័ពជួរមុខ និងជនភៀសសឹកចំនួន ២១លើក។ បន្ថែមពីនេះ អនុវត្តតាមការចង្អុលណែនាំពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចាប់ពីថ្ងៃទី២៦ កក្កដា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីបានរៀបចំរថយន្តក្រុងសម្រាប់ដឹកជញ្ជូនពលករមកពីប្រទេសថៃ ដោយបានប្រើប្រាស់រថយន្តក្រុងរាប់រយគ្រឿង និងបានដឹកពលករមកពីប្រទេសថៃបានចំនួនជាង ៥ម៉ឺននាក់។
ឯកឧត្ដមឃួង ស្រេង បានបន្តថា រដ្ឋបាលរាជធានីភ្នំពេញបានអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពបានល្អ ដោយបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ មានទាំងបទល្មើស លួច ឆក់ ប្លន់ និងល្បែងតាមអនឡាញជាដើម។
ក្នុងឱកាសនោះដែរ ឯកឧត្ដម ឃួង ស្រេង បានឱ្យមន្ត្រីទាំងអស់ជឿជាក់លើការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការដឹកនាំប្រទេសជាតិ និងកិច្ចការពារបូរណភាពទឹកដីកម្ពុជា។
ចំណែក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះបានលើកឡើងពីការអនុវត្តគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព នៅរាជធានីភ្នំពេញបានល្អប្រសើរ ធ្វើឱ្យប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ អ្នកវិនិយោគ និងអ្នកទេសចរណ៍ទទួលបានភាពកក់ក្តៅ។ បានការពារព្រះមហាក្សត្រ និងថ្នាក់ដឹកនាំបាន ២០២លើក ប្រកបដោយសុវត្ថិភាព និងបានធ្វើឱ្យបទល្មើសថយចុះ។ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបន្តថា ដើម្បីឆ្លើយតបបទល្មើសដែលបានកើតឡើង ស្នងការដ្ឋាននគរបាលរាជធានីបានបង្ក្រាបបទល្មើសបាន២២៦ករណី ឃាត់ខ្លួនជនសង្ស័យបាន ២៩៩នាក់។ បង្ក្រាបក្មេងទំនើងបាន ១០៦ករណី ឃាត់ខ្លួនបានជាង ៣០០នាក់ បង្ក្រាបល្បែងស៊ីសងបាន ១៣២ករណី ឃាត់ខ្លួនបាន២៣៤នាក់ បានផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព បានចំនួន ៦២២លើក ដែលមានមនុស្សចូលរួមប្រមាណជាង ៣៦៧ពាន់នាក់។
ឯកឧត្ដម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានថ្លែងនូវការកោតសរសើរចំពោះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដែលបានអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពបានល្អ ដោយមិនមានអ្វីគួរឱ្យកត់សំគាល់ឡើយ។ ទោះបីជាយ៉ាងណាក្តី ឯកឧត្ដម ជំរុញឱ្យអាជ្ញាធររាជធានីភ្នំពេញបន្តពង្រឹងការអនុវត្តវិធានការរដ្ឋបាល ពិសេសនៅតំបន់ស្មុគស្មាញ។ ឯកឧត្ដម ប៊ុន ហុន បានបញ្ជាក់ថា ក្នុងនាមជាអាជ្ញាធរ រដ្ឋមានសិទ្ធិគ្រប់គ្រាន់ ក្នុងការអនុវត្តវិធានការរដ្ឋបាល ទោះក្នុងបុរី ខុនដូ ឬសណ្ឋាគារក៏ដោយ ដើម្បីរក្សាឱ្យបានសន្តិសុខ សុវត្ថិភាព ក្នុងតំបន់ដែលខ្លួនគ្រប់គ្រង។ តែមន្ត្រីអនុវត្ត សូមកុំធ្វើជាត្រីងៀត ឆ្លៀតពង៕





-
ព័ត៌មាន3 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
ព័ត៌មាន2 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន3 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
PR NEWS4 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់លើការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន6 days agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoឧបនាយករដ្ឋមន្ត្រីប្រចាំការ៖ ស្ថានភាពសកលលោកបច្ចុប្បន្ន និងបញ្ហាជម្លោះព្រំដែនបានបង្ហាញច្បាស់ថា «យើងត្រូវចេះប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នេះឯង»