ព័ត៌មាន
គណៈកម្មការជំនាញរដ្ឋសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ
ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា និង ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណ: និងកិច្ចការព្រំដែន នៃរដ្ឋសភា ព្រមទាំងមានការចូលរួមពីតំណាងគណៈកម្មការដែលពាក់ព័ន្ធនៃរដ្ឋសភា នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ បានជួបប្រជុំ ពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេស សហប្រតិបត្តិការអន្តរជាតិ និងសហការី។
ឯកឧត្តម ប្រាក់ សុខុន បានមានប្រសាសន៍ថា សន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ត្រូវបានចុះហត្ថលេខាដោយប្រទេសសមាជិកអាស៊ាន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៥ នៅរាជធានីបាងកក នៃព្រះរាជាណាចក្រថៃ ដែលជាការប្តេជ្ញាចិត្តរួម ក្នុងការរក្សាតំបន់អាស៊ី-អាគ្នេយ៍ជាតំបន់ដែលគ្មានអាវុធនុយក្លេអ៊ែរនិងអាវុធប្រល័យលោកដទៃទៀត។ តាមរយៈសន្ធិសញ្ញានេះ អាស៊ានបញ្ជាក់សាជាថ្មីអំពីសារៈសំខាន់នៃសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយនៃនុយក្លេអ៊ែរ ក្នុងការទប់ស្កាត់ការរីកសាយភាយអាវុធនុយក្លេអ៊ែរ និងក្នុងការរួមចំណែកឆ្ពោះទៅរកសន្តិភាព និងសន្តិសុខអន្តរជាតិ។ នៅឆ្នាំ២០២២ ក្នុងពេលព្រះរាជាណាចក្រកម្ពុជាធ្វើជាប្រធានអាស៊ាន ប្រមុខដឹកនាំអាស៊ានបានឯកភាព ជាគោលការណ៍អនុញ្ញាតឱ្យសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ក្លាយជាប្រទេសសមាជិកទី១១ នៃអាស៊ាន។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ នៃប្រទេសម៉ាឡេស៊ី ប្រមុខដឹកនាំអាស៊ាន បានឯកភាពប្រកាសបញ្ចូលសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ជាសមាជិកពេញសិទ្ធិរបស់អាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគួឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា ស្របជាមួយនឹងផែនទីបង្ហាញផ្លូវសម្រាប់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ប្រមុខដឹកនាំអាស៊ាន ក៏បានឯកភាពឱ្យសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេចូលជារដ្ឋភាគីនៃសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ នៅត្រឹមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧នេះ ផងដែរ ដោយអនុញ្ញាតឱ្យបន្តបំពេញលក្ខខណ្ឌដែលនៅសេសសល់តាមក្រោយ។ មួយវិញទៀត ដើម្បីបំពេញនីតិវិធីក្នុងដំណើរការរៀបចំឱ្យសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចូលជារដ្ឋភាគីនៃសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរជាផ្លូវការ រដ្ឋភាគីទាំង១០ ដែលជាប្រទេសសមាជិកអាស៊ានបច្ចុប្បន្ន បានអនុម័តកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែ ដែលតទៅនេះហៅកាត់ថា “កិច្ចព្រមព្រៀងបន្ថែម” នៅក្នុងកិច្ចប្រជុំគណៈកម្មការសន្ធិសញ្ញាស្តីពីតំបន់អាស៊ីអាគ្នេយ គ្មានអាវុធនុយក្លេអ៊ែរ ដែលមានសមាសភាពជារដ្ឋមន្ត្រីការបរទេស កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងគួឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដើម្បីធ្វើវិសោធនកម្មមាត្រា១(ក) នៃសន្ធិសញ្ញានេះ។
ឯកឧត្តម សួស យ៉ារ៉ា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សេចក្តីព្រាងច្បាប់ខាងលើ ត្រូវបានគណៈកម្មការជំនាញនៃរដ្ឋសភា សម្រេចឯកភាពជាមួយតំណាងរាជរដ្ឋាភិបាលហើយនឹងត្រូវធ្វើសេចក្តីរាយការណ៍ជូនសម្តេចប្រធានរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីគោរពស្នើសុំដាក់បញ្ចូលសេចក្តីព្រាងច្បាប់នេះ ទៅក្នុងរបៀបវារៈសម័យប្រជុំវិសមញ្ញរដ្ឋសភា នាពេលខាងមុខនេះ៕







-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន3 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន2 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន3 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)