ព័ត៌មាន
កម្ពុជានឹងបញ្ជូនគ្រាប់ស្វាយចន្ទីចំនួន១កុងតឺនឺរថែមទៀតទៅកាន់ម៉ាឡេស៊ីនិងសិង្ហបុរី ខណៈ១៤តោនបាននាំចេញទៅអ៊ីតាលី
ភ្នំពេញ៖ ខណៈដែលកម្ពុជាទើបសម្រេចបានជោគជ័យក្នុងការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃចំនួន ១៤តោន ទៅកាន់ប្រទេសអ៊ីតាលី។ នៅខែតុលាខាងមុខនេះ កម្ពុជាក៏គ្រោងនឹងនាំចេញបន្ថែមទៀតចំនួនមួយកុងតឺនឺរ ទៅកាន់ប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី។
លោកស្រី សម្បតិ កល្យាណ នាយិកាប្រតិបត្តិក្រុមហ៊ុន អ៊ែមភល អាហ្រ្គោប្រដាក់ ឯ.ក បានមានប្រសាសន៍ឱ្យដឹងថា ដោយសារមានការជួយជ្រោមជ្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាមានដៃគូអភិវឌ្ឍន៍នានា ការនាំចេញគ្រាប់ស្វាយចន្ទីនេះ បន្ទាប់ពីប្រទេសអ៊ីតាលី នឹងមានគម្រោងនាំចេញទៅកាន់ប្រទេសម៉ាឡេស៊ី និងសិង្ហបុរីក្នុងខែតុលា។ លោកស្រីបានបន្ថែមថា ការនាំចេញទៅកាន់ចក្រភពអង់គ្លេស ក៏គ្រោងធ្វើនៅខែវិច្ឆិកាផងដែរ។
លោកស្រី បានឱ្យដឹងទៀតថា ការនាំចេញទៅកាន់ទីផ្សារអ៊ឺរ៉ុបបានលើសពី ១០០តោនរួចទៅហើយ ខណៈដែលជាច្រើនរយតោនត្រូវបាននាំចេញទៅកាន់ប្រទេសអាស៊ីផ្សេងទៀត។ បច្ចុប្បន្ន ការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានសក្ដានុពលខ្លាំងក្នុងការបង្កើតប្រាក់ចំណូលដ៏ច្រើនសម្រាប់សេដ្ឋកិច្ចជាតិ។ ប៉ុន្តែបញ្ហាប្រឈមចំពោះមុខ គឺកង្វះសមត្ថភាពកែច្នៃ។ លោកស្រី បានបញ្ជាក់ថា ការជំរុញការកែច្នៃក្នុងស្រុកកាន់តែច្រើន នឹងជួយដល់កសិករ និងវិស័យកសិកម្មកម្ពុជាតាមរយៈការបន្ថែមតម្លៃដល់ផលិតផលរបស់ពួកគេ ព្រមទាំងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ ខណៈគោលដៅរបស់រដ្ឋាភិបាល គឺបង្កើនការកែច្នៃក្នុងស្រុកដល់ ២៥% នៅឆ្នាំ២០២៧ និង ៥០% នៅឆ្នាំ២០៣២ បើធៀបនឹងកែច្នៃនាពេលបច្ចុប្បន្នបានត្រឹមតែ ៥%។
លោក អាន តារា ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៥ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង ៩១០,០០០ តោន ដែលមានតម្លៃជាង ១ ប៊ីលានដុល្លារ ដោយមិនរាប់បញ្ចូលការកែច្នៃក្នុងស្រុក និងការនាំចេញទៅកាន់ប្រទេសដទៃទៀត។
លោកបានកត់សម្គាល់ថា ស្វាយចន្ទីជាដំណាំយុទ្ធសាស្ត្រអាទិភាពដែលមានសក្ដានុពលខ្លាំងក្នុងការចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍន៍សង្គម និងចីរភាពបរិស្ថានរបស់កម្ពុជា។ បច្ចុប្បន្ននេះ គ្រាប់ស្វាយចន្ទីកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោកសម្រាប់គុណភាព និងលេខ២ លើការផលិត។
យោងតាមក្រសួងពាណិជ្ជកម្ម គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥ កម្ពុជារកចំណូលបានជាង ៧៥៣ លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ៦០ ម៉ឺនតោន កើនឡើង ៥៦,៦៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលមានទឹកប្រាក់ ៤៨០ លានដុល្លារ៕
អត្ថបទ៖ ឈិត បូរ៉ាវី













-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន3 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន2 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន3 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)