ព័ត៌មាន
វិទ្យាស្ថានជាតិការងារ បើកវគ្គបណ្តុះបណ្តាលពិសេស សម្រាប់បុគ្គលទទួលបន្ទុកផ្នែករដ្ឋបាល និងធនធានមនុស្ស នៃសហគ្រាស ក្រុមហ៊ុន រោងចក្រ សម្រាប់ឆ្នាំ២០២៥
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ វិទ្យាស្ថានជាតិការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកវគ្គបណ្តុះបណ្តាលពិសេស សម្រាប់បុគ្គលទទួលបន្ទុកផ្នែករដ្ឋបាល និងធនធានមនុស្ស នៃសហគ្រាស ក្រុមហ៊ុន រោងចក្រ សម្រាប់ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម អ៊ិន ខេមរា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការចូលរួមពីសិក្ខាកាមជាបុគ្គលទទួលបន្ទុកផ្នែករដ្ឋបាល និងធនធានមនុស្ស សរុបចំនួន ២៥៨នាក់។
វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងចំណេះដឹងពាក់ព័ន្ធនឹងការអនុវត្តបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គម ដល់បុគ្គលទទួលបន្ទុកផ្នែករដ្ឋបាល និងធនធានមនុស្ស ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងវិជ្ជាជីវៈ សំដៅលើកកម្ពស់អនុលោមភាពនៃការអនុវត្តច្បាប់ការងារ សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងផលិតភាពការងារនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ិន ខេមរា មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយក្នុងការចូលរួមចំណែកអភិវឌ្ឍមូលធនមនុស្ស ដែលជាកត្តាអាទិភាព និងចាំបាច់មិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ព្រមទាំងចូលរួមអនុវត្តនូវយុទ្ធនាការរបស់រាជរដ្ឋាភិបាល ស្តីពី “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ដែលជាកម្មវិធីថ្នាក់ជាតិ សំដៅបន្តពង្រឹង និងលើកកម្ពស់សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ បង្កើតនូវវប្បធម៌អនុលោមភាពតាមច្បាប់ ពង្រឹងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ពង្រឹងការអនុវត្តរបបសន្តិសុខសង្គម និងបង្កើនផលិតភាពការងារឱ្យកាន់តែប្រសើរឡើង ចៀសវាងបាននូវវិវាទការងារ ដែលអាចបង្កទៅជាកូដកម្ម បាតុកម្មតវ៉ាពីបងប្អូនកម្មករនិយោជិត ដោយសារតែការយល់ដឹង និងការបកស្រាយបទប្បញ្ញត្តិច្បាប់ការងារមិនទាន់មានសង្គតិភាព។
ទន្ទឹមនោះឯកឧត្តម ក៏បានផ្តល់អនុសាសន៍ដល់សិក្ខាកាមឱ្យយកចិត្តទុកដាក់ស្វែងយល់លើមេរៀន លើកជាសំណួរបញ្ជាក់ជាមួយគ្រូឧទ្ទេស ដែលសុទ្ធតែជាមន្រ្តីមានចំណេះដឹងនិងបទពិសោធក្នុងវិស័យការងារ ហើយពេលត្រឡប់ទៅបម្រើការងារវិញ ត្រូវបន្តសហការជិតស្និទ្ធជាមួយមន្រ្តីជំនាញក្រសួង ដើម្បីដោះស្រាយរាល់បញ្ហាដែលកើតមានឡើងនៅកន្លែងធ្វើការ។
សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ ពិតជាមានសារៈសំខាន់ និងចាំបាច់សម្រាប់បុគ្គលទទួលបន្ទុកផ្នែករដ្ឋបាល និងធនធានមនុស្ស ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីលើកកម្ពស់អនុលោមភាពតាមច្បាប់ និងធានាបាននូវសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ នៅកន្លែងធ្វើការងារ ដោយផ្តោតលើប្រធានបទចំនួន ៨ រួមមាន៖ (១) លក្ខខណ្ឌទូទៅនៃការងារ, (២) ការអនុវត្តកិច្ចសន្យាការងារ, (៣) ការទូទាត់ប្រាក់បំណាច់ និងអត្ថប្រយោជន៍ផ្សេងៗ ,(៤) លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ (៥), សេរីភាពអង្គការវិជ្ជាជីវៈ, (៦) ការដោះស្រាយវិវាទការងារ ការធ្វើកូដកម្ម និងឡុកអៅ (៧), ប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងវិស័យការងារ និង (៨) របបសន្តិសុខសង្គម៕






-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន6 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន5 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ
-
ព័ត៌មាន7 days agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព