ព័ត៌មាន
កម្ពុជា-ហ្វីលីពីន ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥, នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងគណៈប្រតិភូជាន់ខ្ពស់ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ។
ជាកិច្ចចាប់ផ្ដើម, សម្តេចបវរធិបតីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះឯកឧត្តមប្រធានាធិបតី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចបវរធិបតីមានប្រសាសន៍ថា ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចកម្រិតខ្ពស់រវាងប្រទេសទាំងពីរ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីមិត្តភាពដ៏រឹងមាំ, ការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញ និងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត។ សម្តេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងកម្ពុជា និង ហ្វីលីពីន ព្រមទាំងបានគូសបញ្ជាក់ថា កម្ពុជាផ្តល់សារៈសំខាន់ចំពោះទំនាក់ទំនងយូរអង្វែងជាមួយហ្វីលីពីន ដែលឈរលើមូលដ្ឋាននៃគោលការណ៍គោរពគ្នាទៅវិញទៅមក និងឧត្តមប្រយោជន៍រួម។
ជាការឆ្លើយតប, ឯកឧត្តមប្រធានាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និង សម្តេចបវរធិបតី ដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងស្និទ្ធស្នាល។ ឯកឧត្តមប្រធានាធិបតីបានឯកភាពចំពោះការលើកឡើងរបស់សម្តេចបវរធិបតី អំពីភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ដោយឯកឧត្តមបានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា៖ ការពង្រឹងទំនាក់ទំនងរវាងកងទ័ព និងកងទ័ព, ពាណិជ្ជកម្ម និងការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ឯកឧត្តមប្រធានាធិបតីបានបន្ថែមថា ប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនទៀត ដែលជាកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងយូរអង្វែង។
ក្នុងជំនួបនោះ, ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់អំពីការជំរុញនិងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទ្វេភាគីលើវិស័យអាទិភាពមួយចំនួន រួមមាន៖ សន្តិសុខ និងការពារជាតិ, ពាណិជ្ជកម្ម និងវិនិយោគ, កសិកម្ម, ទេសចរណ៍, ថាមពល និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ជាដើម។
ទន្ទឹមនឹងនេះ, ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្ដូរយោបល់អំពីការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត តាមរយៈយន្តការពហុភាគី ទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងអន្តរជាតិ ដើម្បីរួមចំណែកដល់សន្ដិភាព ស្ថិរភាព និងវិបុលភាព។
ពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ ឯកឧត្តមប្រធានាធិបតីបានបង្ហាញនូវការគាំទ្រចំពោះបទឈប់បាញ់ និងបានបញ្ជាក់ពីការត្រៀមលក្ខណៈរបស់ហ្វីលីពីន ដើម្បីចូលរួមជួយជំរុញឱ្យមានបទឈប់បាញ់មួយជាអចិន្ត្រៃយ៍ សំដៅធានាដល់សន្ដិភាព និងស្ថិរភាព នៃប្រទេសទាំងពីរ។
ជាមួយគ្នានោះ សម្ដេចបវរធិបតីបានថ្លែងអំណរគុណដល់ឯកឧត្តមប្រធានាធិបតីដែលបានគាំទ្របទឈប់បាញ់រវាងកម្ពុជា-ថៃ ព្រមទាំងអរគុណហ្វីលីពីន ដែលចូលរួមក្នុងក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នៅកម្ពុជា ក៏ដូចជាការបង្កើនក្រុមអ្នកសង្កេតការណ៍អន្តរកាលនៅកម្ពុជា ផងដែរ។
បន្ទាប់ពីកិច្ចពិភាក្សាគ្នាប្រកបដោយលទ្ធផលជាផ្លែផ្កា, ថ្នាក់ដឹកនាំទាំងពីរបានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួនបី គឺ ១. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីសេវាអាកាសចរណ៍, ២. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ, និង ៣. លិខិតប្តូរសារ ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន៕










-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
PR NEWS6 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ