Connect with us

ព័ត៌មាន

ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល

ក្រសួងមុខងារសាធារណៈ បានរៀបចំសិក្ខាសាលាមួយនៅសាលាភូមិន្ទរដ្ឋបាល ដើម្បីពង្រឹងសមត្ថភាពមន្ត្រីជំនាញរបស់ខ្លួន ឱ្យយល់កាន់តែច្បាស់ពីលក្ខន្តិកៈ និងការកំណត់មុខតំណែងរបស់គ្រូបង្រៀន និងបុគ្គលិកសុខាភិបាល។ ការងារនេះធ្វើឡើងដើម្បីចូលរួមចំណែកកែលម្អប្រព័ន្ធគ្រប់គ្រងក្នុងវិស័យអប់រំ និងសុខាភិបាលនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។

សិក្ខាសាលាស្តីពី «លក្ខន្តិកៈនៃអង្គគ្រូបង្រៀន និងអង្គសុខាភិបាល និងការពិពណ៌នាមុខតំណែង និងការកំណត់មុខតំណែង» រយៈពេល២ថ្ងៃនេះ (២៥-២៦ មិថុនា) ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ពេជ្រ វិជ្ជាគន្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងតំណាងមន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទាំង២៥ សរុបប្រមាណ ២០០នាក់ ទាំងការចូលរួមផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។

សិក្ខាកាមទទួលបានការពន្យល់យ៉ាងក្បោះក្បាយពីគ្រូឧទ្ទេស ដែលជាថ្នាក់ដឹកនាំក្រសួងផ្ទាល់ និងជាអ្នកចូលរួមតាក់តែងលិខិតបទដ្ឋានគតិយុត្តទាំងនេះតែម្តង។ ដើម្បីធានាថាមន្ត្រីទាំងអស់អាចយកចំណេះដឹងទៅអនុវត្តការងារជាក់ស្តែងបានប្រកបដោយប្រសិទ្ធភាព កម្មវិធីក៏មានរួមបញ្ចូលនូវការសួរ-ឆ្លើយ ការពិភាក្សាជាក្រុម និងការអនុវត្តផ្ទាល់ភ្លាមៗផងដែរ។

តាមរយៈការបណ្តុះបណ្តាលនេះ ក្រសួងមុខងារសាធារណៈរំពឹងថា មន្ត្រីជំនាញនៅទូទាំងប្រទេស នឹងមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការគ្រប់គ្រង និងអនុវត្តការងារពាក់ព័ន្ធនឹងបុគ្គលិកអប់រំ និងសុខាភិបាល ប្រកបដោយភាពច្បាស់លាស់ និងត្រឹមត្រូវ។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia