ព័ត៌មាន
សិប្បកម្មមួយនៅកំពង់ធំ គ្រោងពង្រីកការកែច្នៃផលនេសាទពីត្រឹម៤តោនក្នុង១ឆ្នាំ ទៅ៣០តោន ស្របនឹងសម្ទុះគាំទ្រសព្វថ្ងៃ
កំពង់ធំ៖ សិប្បកម្មកែច្នៃផលនេសាទ ចាវ សួស្តី ស្ថិតនៅភូមិជីមាស ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលផលិតប្រហុកម្សៅ គ្រោងពង្រីកការកៃច្នៃផលនេសាទ ដែលមួយឆ្នាំត្រឹម ៣ ទៅ៤តោន ឈានទៅដល់ ២០ ទៅ៣០តោន ស្របនឹងសម្ទុះគាំទ្រយ៉ាងខ្លាំង ពីប្រជាពលរដ្ឋខ្មែរនាពេលបច្ចុប្បន្ន ហើយបានពហិការមិនប្រើប្រាស់ផលិតផលមកពីប្រទេសថៃនោះ។
ការពង្រីកទំហំនៃផលិតកម្មនេះ ព្រោះមានការជួយជ្រោមជ្រែង ពីគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) របស់សហភាពអ៊ឺរ៉ុប (EU) អនុវត្តដោយអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និងកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) នេះបើតាមការឲ្យដឹងរបស់លោក ចាវ សួស្ដី ស្ថាបនិកសិប្បកម្មកែច្នៃផលនេសាទ ។
លោកបានឲ្យដឹងថា សិប្បកម្មកែច្នៃជលផល ចាវ សួស្តី បានចាប់ផ្តើមនៅក្នុងឆ្នាំ២០២១ ដោយផលិតប្រហុកម្សៅ ប្រើប្រាស់ផលិតផលក្នុងស្រុក ទាំងគ្រឿងផ្សំ និងរសជាតិធានានូវអនាម័យ និងគុណភាពសុវត្ថិភាព ដោយទទួលបានការគាំទ្រសម្ភារបរិក្ខា តាមរយៈកម្មវិធី ISFហើយ CAPFISH-Capture គាំទ្រជំនួយបច្ចេកទេស លើការរៀបចំផែនការអាជីវកម្ម ការបណ្តុះបណ្តាលស្តីពីមូលដ្ឋានសុវត្ថិភាពម្ហូបអាហារ ការបង្វឹកដល់សហគ្រាស និងបុគ្គលិករបស់សិប្បកម្ម រួមទាំងដៃគូអាជីវកម្ម។
លោកបានបន្តថា ផលិតកម្មប្រហុកម្សៅ បានប្រើប្រាស់ផលិតផលក្នុងស្រុក ផលិតពីត្រីឆ្តោផ្អាប់ជាមួយអំបិល ម្សៅអង្ករលីង ឬអង្ករលីងបន្ទំទុកក្នុងពាងខាប់ជាច្រើនខែ ដោយប្រហុកម្សៅនេះ មានក្លិនឈួលមុត រសជាតិឆ្ងាញ់ដិតជាប់អណ្តាត។ វត្ថុធាតុដើមសម្រាប់ផលិត គឺបានប្រមូលទិញត្រីពីអ្នកនេសាទ និងវារីវប្បករក្នុងស្រុក ហើយប្រហុកម្សៅមណ្ឌល មានម្សៅត្រីប្រម៉ា និងផលិតផលប្រហុក ជាផលិតផលស្នូលរបស់សិប្បកម្មកែច្នៃផលនេសាទ ។
លោក ចាវ សួស្តី បានបន្ថែមថា ប្រហុកចាវសួស្តី បានកែច្នៃពីត្រីរ៉ស់ ត្រីឆ្តោ ត្រីប្រម៉ា និងកូនត្រីតូចៗ ចែកចាយតាមទីផ្សារមានតម្លៃទាប និងមធ្យមក្នុងស្រុក ហើយមានដៃគូចែកចាយតាមបណ្តាខេត្តចំនួន ៣០កន្លែង និងកំពុងរៀបចំចុះបញ្ជី ដើម្បីផ្គត់ផ្គង់ចូលទីផ្សារទំនើប និងអតិថិជននៅក្រៅប្រទេស ហើយមួយខែៗអាចរកចំណូលបាន ៣ទៅ៤ពាន់ដុល្លារផងដែរ។ តែទន្ទឹមនិងមានការគាំទ្រខ្លាំងនេះ សិប្បកម្មក៏បាននិងកំពុងប្រឈម ចំពោះការខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ ដើម្បីកែលម្អ និងពង្រីកចង្វាក់ផលិតកម្ម ដូចជាកន្លែងហាលសម្ងួត ម៉ាស៊ីនវេចខ្ចប់ ម៉ាស៊ីនច្រកផលិតផល ការផ្សព្វផ្សាយទីផ្សារ និងវិញ្ញាបនបត្រគុណភាព ផលិតផលជលផល (CQS) ដើម្បីឆ្ពោះការនាំចេញទៅទីផ្សារអន្តរជាតិ។
លោកបានបញ្ជាក់ថា ទោះបីជានៅមានការខ្វះខាតមួយចំនួន ប៉ុន្តែសិប្បកម្មនេះ កំពុងជួយបណ្ដុះបណ្ដាលដល់សិស្សជិត២០នាក់ មកពីខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង លើការងារកែច្នៃផលនេសាទនេះ ជាមួយនឹងការស្នាក់នៅ និងហូបចុកដោយឥតគិតថ្លៃ ។
លោកស្រី សាន សុខរិណា មន្ត្រីជាន់ខ្ពស់ ប្រធានការិយាល័យអភិវឌ្ឍផលិតផល និងសហប្រតិបត្តិការ នៃសាជីវកម្មធានាឥណទានកម្ពុជា កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) មានគោលបំណងចម្បង ក្នុងការជំរុញ និងគាំទ្រទៅដល់សហគ្រាស ឬដៃគូអាជីវកម្មស្ថិតក្នុងវិស័យជលផល ក្រោយប្រមូលផល ដើម្បីបង្កើននូវផលិតភាពផលផលរបស់ពួកគេ ក្នុងការលើកកម្ពស់ផលិតផលឲ្យមានស្ដង់ដារ គុណភាព មានលក្ខណៈប្រកួតប្រជែង ក្នុងការត្រៀមខ្លួនចាប់យកទីផ្សារថ្មីៗ ទាំងក្នុងស្រុក និងក្រៅស្រុក ខណៈអាជីវកម្មទទួលបានផលពីកម្មវិធីនេះ ផលិតផលរបស់ពួកគេ បាននាំទៅកាន់ផ្សារទំនើប និងទៅផ្សារអន្តរជាតិ មាននៅអ៊ឺរ៉ុប អាស៊ី និងអាមេរិកជាដើម។
លោកស្រីបានបញ្ជាក់ថា សម្រាប់អ្នកចង់បានកម្ចីនេះ ជាដំបូងគឺជាជនជាតិខ្មែរ ជាអាជីវកម្មជលផលក្រោយប្រមូលផល ឬអ្នកពាក់ព័ន្ធនឹងវិស័យជលផលក្រោយប្រមូលផល ការផលិតរបស់អាជីវកម្មទាំងអស់នោះ មានលក្ខណៈសុវត្ថិភាព និងមានបុគ្គលិកបម្រើការងារដោយច្រើនជាស្ត្រីជាដើម៕ អត្ថបទ បាន សុខរិទ្ធិ








-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
PR NEWS7 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ