ព័ត៌មាន
សម្ដេចប្រធានរដ្ឋសភាកម្ពុជានឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អាយប៉ា លើកទី៤៦ នៅប្រទេសម៉ាឡេស៊ី សប្តាហ៍ក្រោយ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៦ នៅប្រទេសម៉ាឡេស៊ី ពីថ្ងៃទី១៦ដល់ថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ឯកឧត្តមបណ្ឌិត តាន់ស៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Bin Abdul) ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី និងជាប្រធាន AIPA លើកទី៤៦ ។
មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ ដែលសភាប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ នឹងប្រារព្ធធ្វើឡើងក្រោមប្រធានបទ “សភាដើរតួនាទីនាំមុខដើម្បីអាស៊ានមានកំណើនប្រកបដោយចីរភាព និងបរិយាបន្ន”។
អំឡុងពេលអញ្ជើញចូលរួមមហាសន្និបាតនេះ សម្តេចរដ្ឋសភាធិបតី នឹងអញ្ជើញចូលរួមកិច្ចប្រជុំសំខាន់ៗ រួមមាន៖ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិដើម្បីកំណត់របៀបវារៈនិងដំណើរការនៃមហាសន្និបាត និងការពិភាក្សាអនុម័តលើការងារសំខាន់ៗ របស់អគ្គលេខា ធិការដ្ឋានអាយប៉ាផងដែរ។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភានឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះនៅក្នុងវេទិកាអ្នកនយោបាយស្រ្តីលើកទី២ ព្រមទាំងអញ្ជើញថ្លែងបទអន្តរាគមន៍នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាត ជាដើម។
ទន្ទឹមនឹងនេះ សមាជិកគណៈប្រតិភូសភាកម្ពុជាផ្សេងទៀតក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំតាមគណៈកម្មាធិការនានារបស់អាយប៉ា រួមមាន កិច្ចប្រជុំគណៈកម្មាធិការស្រ្តី (WAIPA) កិច្ចប្រជុំគណៈកម្មាធិការនយោបាយ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំគណៈ កម្មាធិការសង្គមកិច្ច កិច្ចប្រជុំគណៈកម្មាធិការបូកសរុប កិច្ចប្រជុំសមាជិកសភាវ័យក្មេង (YPA) និងកិច្ចសន្ទនាជាមួយសភាសង្កេតការណ៍អាយប៉ាប្រមាណ១៦ ប្រទេសផងដែរ។
អាយប៉ា ជាវេទិកាស្ថាប័ននីតិប្បញ្ញត្តិនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ មហាសន្និបាតអាយប៉ាតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ គឺជាវេទិកាសភាសំខាន់នៅក្នុងតំបន់ដែលផ្តល់ ឱកាសដល់តំណាងរាស្រ្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជួបជុំគ្នាដើម្បីពិភាក្សា ផ្លាស់ប្តូរមតិ យោបល់ ទស្សនៈ និងស្វែងរកយុទ្ធសាស្រ្ត និងគន្លឹះនានាដើម្បីរួមចំណែកដល់ការលើកកម្ពស់វប្បធម៌សន្ទនា ការចរចា និងការដោះស្រាយបញ្ហាប្រឈមដោយសន្តិវិធី ក៏ដូចជារួមចំណែកជាមួយអាស៊ាន ដែលជាស្ថាប័ននីតិប្រតិបត្តិក្នុងការឈានទៅសម្រេចបានសហគមន៍អាស៊ានឆ្នាំ២០៤៥ ប្រកបដោយចីរភាព បរិយាបន្ន និងវិបុលភាព ដោយយកប្រជាពលរដ្ឋជាស្នូល ។
វត្តមានគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជានៅក្នុងមហាសន្និបាតនេះមិនត្រឹមជាការរួមចំណែកពង្រឹងយន្តការសភា និងលើកកម្ពស់គោលការណ៍ពហុនិយមប៉ុណ្ណោះទេ តែក៏ជាឱកាសដែលសភាកម្ពុជាពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី ជាមួយបណ្តាប្រទេស និងដៃគូអភិវឌ្ឍន៍នានា ដើម្បីនាំមកនូវផលប្រយោជន៍ជូនពលរដ្ឋទំាងខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម វប្បធម៌ និងទេសចរណ៍ ជាពិសេសការភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ទំាងក្នុងតំបន់និងសកលលោក។
ក្នុងអំឡុងពេលស្នាក់នៅក្នុងទីក្រុងគូឡាឡំាពួ សម្តេចរដ្ឋសភាធិបតី គ្រោងនឹងជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំគណៈប្រតិភូសភាបណ្តាប្រទសមួយចំនួន ដែលជាសមាជិកអាយប៉ា សភាសង្កេតការណ៍អាយប៉ា និងដៃគូអភិវឌ្ឍន៍នានា ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជាជាមួយសកលលោក ឱ្យកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយ ដោយតម្កល់នូវផលប្រយោជន៍ពលរដ្ឋជាអាទិភាព៕

-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
PR NEWS8 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ