ព័ត៌មាន
ក្រោយជំនួបជាមួយរដ្ឋមន្រ្ដីការពារជាតិ, ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) បន្តដំណើរពីភ្នំពេញឆ្ពោះទៅខេត្តព្រះវិហារ និងបន្ទាយមានជ័យដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែនក្រោយបទឈប់បាញ់
ភ្នំពេញ៖ ក្រោយជំនួបជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, នៅរសៀលថ្ងៃទី១១ ខែកញ្ញានេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី Dato’ Pahlawan Asri bin Shukor ប្រធានបេសកកម្ម IOT (HOM) និងសមាជិក ធ្វើដំណើរពីរាជធានីភ្នំពេញឆ្ពោះទៅទីស្នាក់ការប្រចាំនៅខេត្តព្រះវិហារ និងខេត្តបន្ទាយមានជ័យ ដើម្បីចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែនក្រោយបទឈប់បាញ់។

នៅព្រឹកថ្ងៃទី១១ ខែកញ្ញានេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានទទួលស្វាគមន៍ ឯកឧត្តម ឧត្តមសេនីយ៍ត្រី DATO’ PAHLAWAN SHRI BIN SHUKOR មេបញ្ជាការបេសកកម្ម IOT (HOD) ប្រទេសម៉ាឡេស៊ី និងគណៈប្រតិភូក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងការពារជាតិ។

សូមជម្រាបថា នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលទទួលដំណើរអញ្ជើញដល់របស់ក្រុមអ្នកសង្កេតកាណ៍អន្តរកាល (IOT) ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី Dato’ Pahlawan Asri bin Shukor នាយក នាយកដ្ឋានបណ្តុះបណ្តាលនៃបញ្ជាការដ្ឋានកងទ័ពជើងគោកម៉ាឡេស៊ី និងជាប្រធានបេសកកម្ម IOT (HOM) និងតំណាងមកពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន នៅអាកាសយាន្តដ្ឋានអន្តរជាតិតេជោ។

ក្រសួងការពារជាតិកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅបំផុតនូវវត្តមានរបស់ក្រុមអ្នកសង្កេតការណ៍ (IOT) ដែលបានអញ្ជើញដល់កម្ពុជានេះ គឺជាការចូលរួមយ៉ាងសកម្មរបស់បណ្តាប្រទេសជាសមាជិកក្នុងសមាគមអាស៊ាន ជាពិសេសមានប្រទេសម៉ាឡេស៊ី ជាប្រធានដឹកនាំសម្របសម្រួល ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី សម្រាប់ប្រជាជាតិទាំងពីរប្រទេស កម្ពុជា និងថៃ។ ទាំងនេះគឺជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីបំណងប្រាថ្នារួម ក្នុងការធ្វើឱ្យបទឈប់បាញ់ទទួលបានជោគជ័យ និងយូរអង្វែងជាមួយនឹងគោលដៅនាំមកវិញនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃ។
ក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថា សកម្មភាពនេះកើតចេញពីលទ្ធផលដែលបន្តពីកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC Meeting) នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ដែលបាននាំទៅដល់ការឯកភាពគ្នាលើបទឈប់បាញ់។

សូមបញ្ជាក់ថា តាមរយៈកិច្ចប្រជុំ ពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញាម្សិលមិញនេះ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ភាគីទាំងពីរបានព្រមព្រៀងគ្នាលើភាពចាំបាច់បន្ទាន់ ដើម្បីកាត់បន្ថយភាពតានតឹង តាមរយៈការកែសម្រួលនូវយុទ្ធោបករណ៍ និងសម្ភារៈយោធា។ ដើម្បីសម្រេចគោលបំណងខាងលើក្រុមការងារទាំងពីរនឹងជួបគ្នាក្នុងរយៈពេល៣សប្តាហ៍ បន្ទាប់ពីកិច្ចប្រជុំនេះដើម្បីចាប់ផ្តើមពិភាក្សាផែនការសកម្មភាពដែលមានលក្ខណៈជាក់ស្តែង និងជាជំហានៗដោយការអនុវត្តផែនការនេះនឹងត្រូវធ្វើឡើងក្រោមការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ ជាមួយគ្នានេះភាគីទាំងពីរក៏បានឯកភាពគ្នាជាគោលការណ៍ទៅលើលក្ខខណ្ឌប្រតិបត្តិ (TOR) សម្រាប់ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដោយរង់ចាំការអនុម័ត ពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានបញ្ជាក់ថា ក្នុងអំឡុងពេលរង់ចាំការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ភាគីទាំងពីរបានទទួលស្គាល់នូវតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (IOT) និងបានឯកភាពគ្នាក្នុងការបន្តប្រើប្រាស់ យន្តការនេះ ដើម្បីធានាការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព៕

-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
PR NEWS8 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ