ព័ត៌មាន
កម្ពុជាទទួលបានការវិនិយោគពីបារាំងសរុប ៤៤ គម្រោង មានទុនវិនិយោគ ៣៨០ លានដុល្លារ ខណៈពាណិជ្ជកម្មទ្វេភាគីត្រឹម៨ខែឆ្នាំនេះមានទឹកប្រាក់ជាង ៣៨៤ លានដុល្លារកើន១១%
គិតមកដល់បច្ចុប្បន្ននេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគមកពីប្រទេសបារាំងសរុបចំនួន ៤៤ មានទុន វិនិយោគប្រមាណ ៣៨០ លានដុល្លារអាម៉េរិក ដែលសកម្មភាពវិនិយោគទាំងនោះបាននាំមកនូវបច្ចេកវិទ្យា, ការផ្ទេរនូវចំណេះដឹង ជំនាញ និងនវានុវត្តន៍ និងស្មារតីសហគ្រិនភាពដល់កម្ពុជា។

ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី១២ ខែកញ្ញា នៃចុងសប្តាហ៍កន្លងមក នេះ បានទទួលជួបពិភាក្សាការងារជាមួយ លោក François Corbin ប្រធានក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-បារាំង នៃសហព័ន្ធនិយោជក បារាំងអន្តរជាតិ និងជាប្រេសិតពិសេសរបស់រដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំង សម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយបណ្តាប្រទេសអាស៊ាន ក្នុងគោលបំណងពិភាក្សាអំពីលទ្ធភាពនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគរវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋបារាំង។

ឯកឧត្តមអគ្គលេខាធិការរង បានសម្តែងនូវការស្វាគមន៍ចំពោះគណៈប្រតិភូ ដែលបានធ្វើដំណើរមកកាន់កម្ពុជា ដើម្បីស្វែង យល់អំពីបច្ចុប្បន្នភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបានរំលឹកឡើងវិញ អំពីផ្លែផ្កានៃវេទិកាធុរកិច្ចកម្ពុជា-បារាំង ដែលបានរៀបចំ ឡើង នាឱកាសដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសបារាំង របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីខែមករា ឆ្នាំ២០២៤ និងលទ្ធផលនៃជំនួបទ្វេភាគីរវាងឯកឧត្តម ស៊ុន ចាន់ថុល ជាមួយលោក François Corbin ប្រធានក្រុមប្រឹក្សា ធុរកិច្ចកម្ពុជា-បារាំង។ ឯកឧត្តមបានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពឥតឈប់ឈរនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងបារាំងនិងកម្ពុជាលើគ្រប់វិស័យ ជាពិសេសការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ និងបានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងវិស័យឯកជនបារាំង ដែលជានិច្ចកាលតែងតែផ្តល់ការគាំទ្រក្នុងដំណើរបើកទំព័រថ្មីនៃសហសម័យកម្ពុជា។

ទាក់ទងការវិនិយោគវិញ, បើគិតពីឆ្នាំ១៩៩៤ មកដល់បច្ចុប្បន្ន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ មកពីប្រទេសបារាំងសរុបចំនួន ៤៤ គម្រោងរួចហើយមានទុនវិនិយោគប្រមាណ ៣៨០ លានដុល្លារអាម៉េរិក។ ឯកឧត្តមបាន បង្ហាញសុទិដ្ឋិនិយមថា សមភាគីនឹងបន្តរួមចំណែកជាមួយកម្ពុជា ក្នុងការលើកកម្ពស់ ការឈ្វេងយល់អំពីបរិយាកាសយោគ និងឧត្តម- ភាពប្រកួតប្រជែង ព្រមទាំងបន្តជំរុញសហគមន៍ធុរកិច្ចបារាំង ឱ្យមកសិក្សាសមិទ្ធិលទ្ធភាពបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត។

ជាការឆ្លើយតប, លោក François Corbin បានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា និងបានកោត សរសើរ ចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។ លោកបន្ថែមថា នៅឆ្នាំ២០២៦ កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលតាមរយៈនេះ ជាការបង្ហាញពីកិត្តិនាម និងការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការនយោបាយ, សេដ្ឋកិច្ច និងសង្គម វប្បធម៌ក្នុងក្របខ័ណ្ឌ ពហុភាគីផងដែរ។

សូមបញ្ជាក់ថា នៅក្នុងរយៈពេល៨ ខែ ឆ្នាំ២០២៥នេះ, បើយោងតាមរបាយការណ៍គយ និងរដ្ឋាករកម្ពុជា, ការធ្វើពាណិជ្ជកម្មទ្វេភាគី កម្ពុជា-បារាំង មានទំហំទឹកប្រាក់ជាង ៣៨៤ លានដុល្លារ កើនជាង ១១% ក្នុងនោះកម្ពុជាមាននាំចេញ មានទឹកប្រាក់ជាង ៣០៥ លានដុល្លារ កើន ១២%, ខណៈការនំាចូល មានទឹកប្រាក់ជិត ៨០ លានដុល្លារ កើន ៩% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី


-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
PR NEWS11 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ