ព័ត៌មាន
ឯកឧត្តម ស៊ុន ចាន់ថុល ស្នើសុំគណៈកម្មាធិការជាតិអភិវឌ្ឍន៍ចិន ជំរុញវិនិយោគិនមានសក្ដានុពល បណ្ដាក់ទុននៅកម្ពុជា
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើសុំគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន ជួយជំរុញវិនិយោគិនចិនដែលមានសក្ដានុពលចូលមកបណ្ដាក់ទុនបន្ថែមទៀតនៅប្រទេសកម្ពុជា។
ការស្នើសុំនេះ ធ្វើឡើងនៅនាថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាស ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ត្រីជំនាញរបស់កម្ពុជាជាច្រើនរូប ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចូវ ហៃពីង (Zhou Haibing) អនុប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន (National Development Reform Commission of China – NDRC) នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
តាមរយៈកិច្ចប្រជុំនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើសុំគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន ជួយជំរុញវិនិយោគិនចិនដែលមានសក្ដានុពលចូលមកបណ្ដាក់ទុនបន្ថែមទៀតនៅប្រទេសកម្ពុជា ពិសេសលើគម្រោងវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងភស្ដុភារកម្ម មានជាអាទិ៍គម្រោងទាំង១៧៤ ក្នុងផែនការមេគ្រប់ជ្រុងជ្រោយ ស្ដីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣។ គម្រោងទាំង១៧៤ នេះ មានការសំយោគបញ្ចូលគ្នាទាំងគម្រោងផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក កំពង់ផែ ភស្តុភារកម្ម ផ្លូវអាកាស និងដឹកជញ្ជូនអន្តរមធ្យោបាយ ដែលមានតម្រូវការទឹកប្រាក់វិនិយោគប្រមាណ ៣៦,៦ពាន់លានដុល្លារអាមេរិក។
ជំនួបនាឱកាសនេះត្រូវបានរៀបចំឡើងដើម្បីពិភាក្សា អំពី វឌ្ឍនភាព នៃគម្រោងវិនិយោគនៅកម្ពុជាលើវិស័យមួយចំនួន ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម វិនិយោគ សេដ្ឋកិច្ចឌីជីថល បច្ចេកវិទ្យា កសិកម្ម វប្បធម៌ និងសុខាភិបាលជាដើម ក្រោមក្របខណ្ឌអនុស្សរណៈ នៃការយោគយល់គ្នានាពេលកន្លងមករវាងកម្ពុជា-ចិន ជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយូរអង្វែង ប្រកបដោយប្រសិទ្ធភាព ស្ថិរភាព និងផលប្រយោជន៍ទៅវិញទៅមក។
តាមរយៈទំនាក់ទំនងទ្វេភាគីយ៉ាងជិតស្និតរវាងប្រទេសទាំងពីរ កម្ពុជាទទួលបានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ពិសេសលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក ដែលបានតភ្ជាប់ពីតំបន់មួយទៅតំបន់មួយទៀត សម្រួលពាណិជ្ជកម្ម ការដឹកជញ្ជូន និងជំរុញកំណើនសេដ្ឋកិច្ចសង្គម។
ជាការឆ្លើយតប ឯកឧត្តម ចូវ ហៃពីង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញទស្សនកិច្ច និងជួបពិភាក្សាការងារនៅ NDRC នាឱកាសនេះ។ ពិសេសជាងនេះ ឯកឧត្តមក៏បានលើកឡើងអំពីទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរបស់កម្ពុជា-ចិន និងការគាំទ្ររបស់កម្ពុជាលើគោលនយោបាយចិនតែមួយ។ ឯកឧត្តមអនុប្រធាន NDRC បានកោតសរសើរចំពោះក្រុមការងារបច្ចេកទេសរបស់ប្រទេសកម្ពុជា និងចិន ដែលបានធ្វើការរួមគ្នាយ៉ាងសស្រាក់សស្រាំប្រកបដោយប្រសិទ្ធភាព និងបានបញ្ចប់ជាស្ថាពរនូវការពិនិត្យ ផ្ទៀងផ្ទាត់ និងវាយតម្លៃលើការសិក្សាសមិទ្ធិលទ្ធភាពរបស់គម្រោង និងរៀបចំប្លង់បច្ចេកទេស រហូតឈានដល់ការចុះហត្ថលេខាលើគម្រោងព្រែកជីកហ្វូណនតេជោបានដោយជោគជ័យ។ ឯកឧត្តមនឹងបន្តជំរុញកិច្ចការងារនេះជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀតរបស់ប្រទេសចិន ដើម្បីធានាវឌ្ឍនភាព និងនិរន្តរភាពនៃគម្រោងអាចបិទបញ្ចប់ការសាងសង់តាមការគ្រោងទុកនៅឆ្នាំ២០២៨៕







-
ព័ត៌មាន6 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន6 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត