ព័ត៌មាន
ពីបិណ្ឌ១ដល់បិណ្ឌ៧ គ្រោះថ្នាក់ចរាចរណ៍ផ្ដាច់ជីវិតមនុស្ស៣៣នាក់ របួសជាង៥០នាក់
ក្នុងរយៈពេល៧ថ្ងៃ គិតចាប់តាំងពីថ្ងៃបុណ្យកាន់បិណ្ឌទី១ ដល់បិណ្ឌទី៧ ពោលគឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទូទាំងប្រទេសកម្ពុជាមានគ្រោះថ្នាក់ចរាចរណ៍ បន្តកើតឡើងសរុបចំនួន៤៥ករណី បណ្តាលឱ្យមានមនុស្សស្លាប់៣៣នាក់ និងរងរបួសធ្ងន់ស្រាលចំនួន៥៤នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង រួមមាន នៅថ្ងៃបិណ្ឌ១ មាន៨ករណី ស្លាប់៦នាក់ របួស១១នាក់ ថ្ងៃបិណ្ឌ២ មាន៧ករណី ស្លាប់៨នាក់ របួស៩នាក់ ថ្ងៃបិណ្ឌ៣ មាន៦ករណី ស្លាប់២នាក់ របួស១០នាក់ ថ្ងៃបិណ្ឌ៤ មាន៧ករណី ស្លាប់៦នាក់ របួស៩នាក់ ថ្ងៃបិណ្ឌ៥ មាន៧ករណី ស្លាប់២នាក់ របួស១០នាក់ ថ្ងៃបិណ្ឌ៦ មាន៥ករណី ស្លាប់៥នាក់ របសួស៤នាក់ និងថ្ងៃកាន់បិណ្ឌទី៧ មាន៥ករណី ស្លាប់៤នាក់ និងរបួស១នាក់។
ក្នុងចំណោមករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នារយៈពេល៧ថ្ងៃនៃពិធីបុណ្យកាន់បិណ្ឌឆ្នាំ២០២៥នោះ លោក ទូច សុឃៈ បានលម្អិតបន្ថែមថា រាជធានីខេត្តដែលមានករណីគ្រោះថ្នាក់ច្រើនរួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ព្រះសីហនុ កំពង់ឆ្នាំង បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប ព្រះវិហារ ក្រចេះ ស្ទឹងត្រែង ស្វាយរៀង និងខេត្តព្រៃវែង។ លោកបង្ហាញក្ដីព្រួយបារម្ភថាចំនួនគ្រោះថ្នាក់នឹងបន្តហក់ឡើងទៀត។
គួរកត់សម្គាល់ថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់បទបញ្ជាដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ណែនាំមន្ត្រីនគរបាលចរាចរណ៍ផ្អាកអនុវត្តច្បាប់ចាប់តាំងពីអំឡុងពេលនៃការប្រយុទ្ធទប់ទល់អំពើឃ្លានពានពីកងទ័ពថៃមក។ ក្នុងស្ថានភាពនេះ ក្រសួងមហាផ្ទៃបានកត់សម្គាល់ពីកំណើនករណីគ្រោះថ្នាក់ចរាចរណ៍ ករណីស្លាប់ និងរបួស ធៀបនិងអំឡុងពេលអនុវត្តច្បាប់ជាធម្មតា។ ផ្អែកលើស្ថានភាព និងបទពិសោធជាក់ស្ដែងនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបង្ហាញការកត់សម្គាល់ថា ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ដែលមួយចំនួនមានទម្លាប់មិនគោរពច្បាប់ស្រាប់មកហើយនោះ កាន់តែបង្ហាញឥរិយាបថនៃការបើកបរមិនគោរពច្បាប់ និងគ្មានរបៀបរៀបរយ ដែលធ្វើឱ្យស្ថានភាពចរាចរណ៍មានភាពស្មុគស្មាញ គ្រោះថ្នាក់កើតឡើងកាន់តែច្រើន ឬនិយាយមួយបែបទៀត គឺពួកគាត់កាន់តែបានដៃ ដោយសារមន្ត្រីនគរបាលចរាចរណ៍មិនអនុវត្តច្បាប់។
លោក ទូច សុឃៈ បានអះអាងថាប្រជាពលរដ្ឋកាន់តែច្រើន បានបញ្ចេញមតិយោបល់ និងទស្សនៈ ទទូចសុំឱ្យសមត្ថកិច្ចរឹតបន្តឹងច្បាប់ចរាចរណ៍ឡើងវិញ ជាពិសេសអនុវត្តឱ្យបានសកម្មនិងប្រកបដោយវិជ្ជាជីវៈ ទាំងយប់ទាំងថ្ងៃ ដើម្បីប្រែក្លាយស្ថានភាពចរាចរណ៍ឱ្យវិលទៅរកភាពធូរស្រាល និងកាន់តែប្រសើរដូចអំឡុងពេលនៃការអនុវត្តច្បាប់កន្លងមក។ ប្រមុខក្រសួងមហាផ្ទៃ បានដាក់ចេញគោលការណ៍ណែនាំមួយចំនួន រួចជាស្រេច។
បើតាមលោក ទូច សុឃៈ ក្នុងអំឡុងពេលនេះ មន្ត្រីនគរបាលចរាចរណ៍ នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត កំពុងយកចិត្តទុកដាក់លើកិច្ចការសំខាន់២ បន្ថែមលើការងារសម្រួលចរាចរណ៍តាមដងផ្លូវ។ ការងារទាំងពីរនោះ គឺការធ្វើកំណត់សម្គាល់ចំពោះឥរិយាបថនៃការបើកបររបស់ពលរដ្ឋ ផ្ដោតលើការគោរពភ្លើងសញ្ញាចរាចរណ៍ និងផ្លាកសញ្ញាចរាចរណ៍ និងការងារមួយទៀតនៅតាមបណ្ដាខេត្ត គឺផ្ដោតលើការធ្វើកំណត់សម្គាល់អំពីការគោរពល្បឿន និងសិទ្ធិអាទិភាពរបស់អ្នកបើកបរ។ ការងារនេះគឺដើម្បីដឹងថា នៅពេលសមត្ថកិច្ចមិនអនុវត្តច្បាប់ តើអ្នកបើកបរគោរពច្បាប់បានកម្រិតណា។
អ្នកនាំពាក្យបានអះអាងទៀតថា ការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ត្រូវធ្វើឡើងនាពេលខាងមុខ ហើយក្នុងកាលៈទេសៈនេះ ជាពិសេសក្នុងអំឡុងនៃពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះ សូមបងប្អូនប្រជាពលរដ្ឋអ្នកបើកបរទាំងអស់ បង្កើនការគោរពច្បាប់ ប្រុងប្រយ័ត្ន និងមានការយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ហើយជាមួយគ្នានេះ ម្ចាស់រោងចក្រសហគ្រាសអាជីវកម្ម និងក្រុមហ៊ុនទាំងឡាយ ត្រូវបង្កើនការអប់រំណែនាំដល់អ្នកបើកបររបស់ខ្លួន ជាពិសេសរថយន្តធុនធ្ងន់ ត្រូវប្រុងប្រយ័ត្ន និងគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងសម្របសម្រួលដឹកជញ្ជូនទំនិញរបស់ខ្លួនឱ្យបានមុន និងក្រោយពិធីបុណ្យភ្ជុំបិណ្ឌ ដែលចរាចរណ៍តាមដងផ្លូវមានភាពមមាញឹក៕

-
ព័ត៌មាន6 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន6 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត