ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញដាក់វេនកាន់បិណ្ឌទី៩ នៅវត្តទួលអណ្តែត ខេត្តព្រះវិហារ
ព្រះវិហារ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងាសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញដាក់វេនកាន់បិណ្ឌទី៩ នៅក្នុងវត្តទួលអណ្តែត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រួមទាំងប្រគេនទេយ្យវត្ថុ ចំពោះព្រះសង្ឃចំនួន ២៦វត្ត នៅក្នុងស្រុកជាំក្សាន្តទាំងមូល ដែលជាតំបន់ជិតព្រំដែនកម្ពុជា-ថៃ និងក្បែរតំបន់មានជម្លោះព្រំដែន ។

ការធ្វើពិធីដាក់វេនកាន់បិណ្ឌនេះ គឺបានបង្ហាញពីទឹកចិត្តដ៏ល្អផូរផង់ នៃប្រជាជាតិខ្មែរ ដែលកាន់ព្រះពុទ្ធសាសនា ហើយបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ក្នុងការប្រារព្ធពិធីបុណ្យរបស់សាសនា និងបានឧទ្ទិសបុណ្យកុសលដល់វិញ្ញាណក្ខន្ធ របស់បុព្វការីជន សាច់ញាតិ និងបានជាបុណ្យកុសល និងអំពើល្អទៅកាន់លោកខាងមុខ ។

ក្នុងពិធីកាន់បិណ្ឌវេនទី៩នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលមានការចូលរួមពីប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងមន្ត្រីរាជការ សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ប្រជាពុទ្ធបរិស័ទ បាននិមន្តព្រះសង្ឃសមាទានសីល បន្ទាប់មកមានពិធីរាប់បាត្រព្រះសង្ឃ ។ ក្រោយកម្មវិធីនេះ មានពិធីវេរចង្ហាន់ និងទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃ ហើយព្រះសង្ឃបានធ្វើចម្រើនព្រះបរិត្ត និងបង្សុកូល។

ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានឧទ្ទិសបុណ្យកុសល ជូនវិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ជាជីតា និងជីដូនបង្កើតរបស់ឯកឧត្តមខាងឪពុក គឺបិតាមាតាបង្កើតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, វិញ្ញាណក្ខន្ធមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជីតា ជីដូនបង្កើតរបស់ឯកឧត្តមខាងម្ដាយ គឺជាបិតាមាតាបង្កើតសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងវិញ្ញាណក្ខន្ធកុមារា ហ៊ុន កំសត់ ត្រូវជាបងប្រុសបង្កើតរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រួមទាំងញាតិការទាំង៧សណ្ដាន និងវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលី នៅក្នុងបុព្វហេតុការពារបូរណភាពទឹកដី ។

ព្រះសង្ឃនៃវត្តអារាមនានា ក្នុងស្រុកជាំក្សាន្ត ដែលទទួលទេយ្យវត្ថុ ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានសង្ឃដីកាថា បរិក្ខាទាំងអស់នេះ គឺពិតជាបានឆ្លើយតប ទៅនឹងតម្រូវការចាំបាច់របស់ព្រះសង្ឃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ហើយព្រះសង្ឃមួយចំនួន ក្នុងស្រុកជាំក្សាន្តនេះ ក៏បានភៀសសឹក ក្នុងជម្លោះព្រំដែនរវាងកងទ័ពកម្ពុជា-ថៃ កាលពីខែកក្កដា ឆ្នាំ២០២៥កន្លងទៅផងដែរ ។
ជាមួយនេះ ព្រះសង្ឃមានសង្ឃដីកាបន្តថា សម្រាប់ទាននេះទៀតសោត ក៏នឹងបានដល់ញាតិការរបស់ឯកឧត្តម រួមទាំងថ្នាក់ដឹកនាំខេត្ត ក្រុមការងារ និងប្រជាពុទ្ធបរិស័ទ ។ ហើយមួយទៀត ក៏ជាចំណែកបុណ្យ ដើម្បីឧទ្ទិសជូនវិញ្ញាណក្ខន្ធរបស់វីរជនពលីរបស់យើង ក្នុងការជម្លោះព្រំដែន និងបុព្វហេតុការពារទឹកដី ។

ព្រះសង្ឃ និងពុទ្ធបរិស័ទ ក៏បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែង ក្នុងការបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃ ហើយសង្ឃឹមជឿជាក់ថា រាជរដ្ឋាភិបាលនឹងស្ដារ និងពង្រឹងសន្តិភាពកម្ពុជាឡើងវិញ ហើយស្ថិតស្ថេរជានិរន្ត។

សម្រាប់វត្តចំនួន ២៦ ដែលនៅក្នុងតំបន់ដែលប៉ះពាល់ដោយស្ថានការព្រំដែនក្នុងខេត្តព្រះវិហារក្នុងនោះក៏មានវត្តកែវសិក្ខាគិរីស្វារៈផងដែរ ។ កម្មវិធីនេះជាការផ្តួចផ្តើមគំនិតរួមគ្នា របស់ក្រុមបាល់ទាត់ ស.ស.យ.ក អលស្ការ ក្រុមបាល់ទាត់សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព ក្រុមបាល់ទាត់ Vlogger All Star ក្រុមបាល់ទាត់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ក្រុមបាល់ទាត់តារាកម្ពុជា និងក្រុមបាល់ទាត់នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ៕ អត្ថបទ៖ បាន សុខរិទ្ធិ







-
ព័ត៌មាន6 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន6 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត