ព័ត៌មាន
ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នាំយកកញ្ចប់ជំនួយបន្ទាន់ ប្រគល់ជូនជនភៀសសឹក ២០០គ្រួសារ ដែលកំពុង់ស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តកំពង់សង្កែ ក្នុងស្រុកឆែប
នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បាននាំយកកញ្ចប់ជំនួយបន្ទាន់ ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ទៅប្រគល់ជូនដល់ជនភៀសខ្លួនចំនួន ២០០គ្រួសារ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តកំពង់សង្កែ ស្ថិតនៅស្រុកឆែប ខេត្តព្រះវិហារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់នានា និងជួយសម្រួលដល់ការស្ដារជីវភាពឡើងវិញបន្ទាប់ពីវិលត្រឡប់ទៅលំនៅដ្ឋានវិញ ក្រោមវត្តមានឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោក ណាហ្គាសិ កេនស៊ូកិ (Nagashe Kensuke) ឧបទូត និងជាអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា រួមជាមួយតំណាងអង្គការយូនីសេហ្វ (UNICEF) និងអង្គការ IOM ប្រចាំនៅកម្ពុជា។
ថ្លែងក្នុងឱកាសនោះលោក ណាហ្គាសិ កេនស៊ូកិ បានបញ្ជាក់អំពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលជប៉ុនចំពោះស្ថានភាពរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជម្លោះតាមព្រំដែន។ ដោយការមើលឃើញពីការផ្លាស់ទីលំនៅរបស់គ្រួសារ និងកុមាររាប់ពាន់នាក់ ជប៉ុនបានសម្រេចផ្ដល់ជំនួយបន្ទាន់តាមរយៈអង្គការយូនីសេហ្វ និង IOM ដើម្បីផ្ដល់សម្ភារៈចាំបាច់ ទីជម្រកបណ្ដោះអាសន្ន ទឹកស្អាត និងការគាំទ្រផ្នែកផ្លូវចិត្ត។
ជាមួយនេះ លោកក៏បានសម្តែងក្តីសង្ឃឹមថា ជំនួយទាំងនេះនឹងក្លាយជាកម្លាំងចលករដ៏មានន័យ ជួយឱ្យជនភៀសខ្លួនអាចកសាង សន្តិភាព និងស្ថិរភាព ក្នុងជីវិតរបស់ពួកគេឡើងវិញ បានយ៉ាងឆាប់រហ័ស។
ជាការឆ្លើយតបឯកឧត្តម គីម រិទ្ធី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែជាមិត្តល្អ និងជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា ដោយបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការយូរអង្វែងរបស់ជប៉ុន ក្នុងវិស័យជាច្រើនដូចជា ជំនួយមនុស្សធម៌ ការអប់រំ សុខាភិបាល ការស្ដារហេដ្ឋារចនាសម្ព័ន្ធក្រោយសង្គ្រាម និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
បន្ថែមពីនេះ ឯកឧត្តមអភិបាលខេត្តក៏បានលើកឡើងពីស្ថានភាពបច្ចុប្បន្នថា បន្ទាប់ពីការអនុវត្តបទឈប់បាញ់ ស្ថានការណ៍បានប្រសើរឡើងគួរឱ្យកត់សម្គាល់ ដោយប្រជាពលរដ្ឋប្រមាណជាង ៧៧% បានវិលត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគេវិញ។ គិតត្រឹមថ្ងៃនេះ នៅសល់ជនភៀសខ្លួនប្រមាណ ២,៧៧០គ្រួសារ ស្មើនឹង ៩,១២២នាក់ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពចំនួន ៦ទីតាំង។ ក្នុងនោះ នៅមណ្ឌលវត្តកំពង់សង្កែតែមួយ មានប្រជាពលរដ្ឋស្នាក់នៅប្រមាណ ៤២៥គ្រួសារ ស្មើនឹង ១,១៨៨នាក់។
ទន្ទឹមនេះ ការវិលត្រឡប់ទៅផ្ទះវិញនៅតែប្រឈមនឹងបញ្ហាផ្សេងៗ ជាពិសេសនៅតាមភូមិសាស្ត្រមួយចំនួនក្នុងស្រុកជាំក្សាន្ត ដែលនៅសល់ អាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាច្រើន។ លើសពីនេះ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក៏កំពុងស្ថិតក្នុងការលំបាកក្នុងដំណើរការស្ដារមុខរបរ និងស្ថិរភាពជីវិតឡើងវិញ ហើយការផ្ដល់ជំនួយពីជប៉ុននាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយសម្រាលបន្ទុកទាំងនេះ មុននឹងជីវភាពរបស់ពួកគាត់អាចឈានដល់ភាពប្រក្រតីពេញលេញ៕














-
ព័ត៌មាន6 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន6 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត