ព័ត៌មាន
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចាកចេញពីមាតុប្រទេសទៅចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន(អាយប៉ា/AIPA)លើកទី៤៦ នៅទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី តបតាមការអញ្ជើញរបស់ ឯកឧត្តមបណ្ឌិតតាន់ស៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Bin Abdul) ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី និងជាប្រធានអាយប៉ាលើកទី៤៦។

មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ ប្រារព្ធធ្វើពីថ្ងៃទី១៧ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សភាដើរតួនាទីនាំមុខដើម្បីអាស៊ានមានកំណើនប្រកបដោយចីរភាព និងបរិយាបន្ន”។ វត្តមានគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជានៅក្នុងមហាសន្និបាតនេះ មិនត្រឹមជាការរួមចំណែកពង្រឹងយន្តការសភា និងលើកកម្ពស់គោលការណ៍ពហុនិយមប៉ុណ្ណោះទេ តែក៏ជាឱកាសដែលសភាកម្ពុជាពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី ជាមួយបណ្តាប្រទេសនិងដៃគូអភិវឌ្ឍន៍នានា ដើម្បីនាំមកនូវផលប្រយោជន៍ជូនពលរដ្ឋទំាងខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម វប្បធម៌ និងទេសចរណ៍ ជាពិសេសការភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនទំាងក្នុងតំបន់និងសកលលោក។

អំឡុងពេលស្នាក់នៅក្នុងទីក្រុងគូឡាឡំាពួ សម្តេចរដ្ឋសភាធិបតី គ្រោងនឹងជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំគណៈប្រតិភូសភាបណ្តាប្រទសមួយចំនួន ដែលជាសមាជិកអាយប៉ា និងជាសភាសង្កេតការណ៍អាយប៉ា ដៃគូអភិវឌ្ឍន៍នានា ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងកម្ពុជាជាមួយសកលលោក ឱ្យកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយឡើង ដោយតម្កល់នូវផលប្រយោជន៍ពលរដ្ឋជាអាទិភាព។
សូមជម្រាបថា អាយប៉ា ជាវេទិកាស្ថាប័ននីតិប្បញ្ញត្តិនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលមានសភាទំាង១០របស់សមាជិកអាស៊ាន ជាសមាជិកអាយប៉ាផងដែរ។ មហាសន្និបាតអាយប៉ាតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ គឺជាវេទិកាសភាសំខាន់នៅក្នុងតំបន់ដែលផ្តល់ឱកាសដល់តំណាងរាស្រ្តនៅក្នុងសហគមន៍អាស៊ាន ជួបជុំគ្នាដើម្បីពិភាក្សា ផ្លាស់ប្តូរមតិ យោបល់ ទស្សនៈ និងស្វែងរកយុទ្ធសាស្រ្តនិងគន្លឹះថ្មីៗដើម្បីរួមចំណែកដល់ការលើកកម្ពស់វប្បធម៌សន្ទនា ការចរចានិងការដោះស្រាយបញ្ហាប្រឈមដោយសន្តិវិធី រួមចំណែកជាមួយអាស៊ាន ដែលជាស្ថាប័ននីតិប្រតិបត្តិក្នុងការឈានទៅសម្រេចឱ្យបានសហគមន៍អាស៊ានឆ្នាំ២០៤៥ សំដៅជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព បរិយាបន្ន និងវិបុលភាព ដោយយកប្រជាពលរដ្ឋជាស្នូល។
អញ្ជើញជូនដំណើរគណៈប្រតិភូដល់អាកាសយានដ្ឋានអន្តរជាតិតេជោ នាពេលនេះ មាន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងឯកឧត្តម លោកជំទាវ សមាជិកសមាជិការដ្ឋសភា ព្រមទំាងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាជាច្រើនទៀត៕





-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
PR NEWS11 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ