ព័ត៌មាន
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជម្រាបប្រធានគណៈប្រតិភូសភាសមាជិកអាស៊ានពីការចង់បានសន្តិភាពក្នុងសហគមន៍អាស៊ានរបស់កម្ពុជា
នៅចំពោះមុខថ្នាក់ដឹកនាំគណៈប្រតិភូសមាជិកអន្តរសភាអាស៊ាន(អាយប៉ា) ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ាយ លើកទី៤៦ នៅទីក្រុងគូឡាឡាំពួ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានិងជាប្រធានគណៈប្រតិភូសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីជំហរនិងឆន្ទៈរបស់កម្ពុជាក្នុងការលើក កម្ពស់សន្តិភាព សុខដុមនីយកម្មនៅក្នុងអាស៊ាន តាមរយៈការដោះស្រាយជម្លោះព្រំដែនកម្ពុជានិងថៃដោយសន្តិវិធី។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងបន្តថា កម្ពុជាគោរពបទឈប់បាញ់យ៉ាងម៉ឹងម៉ាត់ គោរពធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិនានា។ កម្ពុជាដោះស្រាយបញ្ហាតាមរយៈការចរចាដោយសន្តិវិធីឈរលើយន្តការដែលមានស្រាប់ដើម្បីធ្វើយ៉ាងណាឱ្យស្ថានភាពព្រំដែនកម្ពុជានិងថៃវិលទៅរកភាពប្រក្រតីឡើងវិញ។ សុខសន្តិភាពតាមបន្ទាត់ព្រំដែនកម្ពុជានិងថៃ ក៏ជាសុខសន្តិភាពរបស់សហគមន៍អាស៊ាន ឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥ ក្នុងការកសាងសហគមន៍រួម ប្រកបដោយចីរភាពនិងបរិយាបន្នដោយយកពលរដ្ឋជាស្នូល។
កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ាលើកទី៤៦ បានប្រារព្ធធ្វើឡើងនៅព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នេះ ដើម្បីពិភាក្សា អនុម័តកម្មវិធីនិងរបៀបវារៈនៃមហាសន្និបាតលើកទី៤៦ និងសកម្មភាពការងារមួយចំនួនទៀតរបស់លេខាធិការដ្ឋានអាយប៉ា។
ក្នុងនាមសភាប្រទេសដែលបានផ្តួចផ្តើមសេចក្តីព្រាងសេចក្តីសម្រេចមួយចំនួន សម្រាប់ដាក់ជូនមហាសន្និបាតពិភាក្សាអនុម័តនោះ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថាសេចក្តីព្រាងសេចក្តីសម្រេចរបស់កម្ពុជាមានគោលបំណងលើកកម្ពស់សុខសន្តិភាព ការអភិវឌ្ឍនិងសុខដុមនីយកម្មដូចជាសេចក្តីព្រាងសេចក្តីសម្រេច ស្ដីពីការបង្កើតវេទិកាថ្នាក់ដឹកនាំអាយប៉ា មានគោលបំណងលើកកម្ពស់កិច្ចសន្ទនាប្រកបដោយបរិយាបន្ន និងពហុភាគីលើបញ្ហាថ្មីៗក្នុងតំបន់ និងអន្តរជាតិ ក្នុងគោលបំណងកសាងការយល់ដឹងរួមគ្នា និងបង្កើតដំណោះស្រាយប្រកបដោយនវានុវត្តន៍។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានប្រសាសន៍បន្តថា អាយប៉ាចាំបាច់ត្រូវមានភាពរហ័សរហួន សម្របខ្លួន និងមានគំនិតច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាប្រឈមថ្មីៗទាំងនេះប្រកបដោយប្រសិទ្ធភាព។ សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការបង្កើតភាពជាដៃគូអាយប៉ាដើម្បីពង្រឹងការចូលរួមរបស់សភាអាយប៉ា ជាមួយដៃគូខាងក្រៅសម្រាប់អាស៊ានប្រកបដោយបរិយាបន្ន និងចីរភាព មានគោលបំណងចម្បងដើម្បីពង្រឹងការចូលរួមជាមួយសភាសង្កេតការណ៍ ដែលរួមចំណែកដល់បេសកកម្មរបស់អាយប៉ា ក្នុងការបង្កើតក្របខ័ណ្ឌរួម និងឆ្ពោះទៅអនាគត ដើម្បីលើកកម្ពស់ការទូតសភា ធ្វើឱ្យការចូលរួមជាមួយសភាសង្កេតការណ៍ និងអង្គការដៃគូកាន់តែស៊ីជម្រៅ និងដើម្បីពង្រឹងមជ្ឈភាពអាស៊ាន ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពស្របតាមទស្សនវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ព្រមទាំងមូលបទអាស៊ានឆ្នាំ២០២៥ របស់ប្រទេសម្ចាស់ផ្ទះម៉ាឡេស៊ី គឺ “បរិយាបន្ន និងចីរភាព”។
សូមជម្រាបថា កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ា ប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត តាន់ស៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Bin Abdul) ប្រធានរដ្ឋសភាប្រទេសម៉ាឡេស៊ី និងជាប្រធានអន្តរសភាអាស៊ាន(អាយប៉ា/AIPA) លើកទី៤៦ ដោយមានការអញ្ជើញចូលរួមពីប្រធានគណៈប្រតិភូសភាសមាជិកអាយប៉ា រួមមាន ព្រុយណេដារូស្សាឡាម ព្រះរាជាណាចក្រកម្ពុជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន សឹង្ហបូរី ថៃ វៀតណាម និងឡាវ។
ក្រៅពីការពិភាក្សានិងអនុម័តលើកម្មវិធីនិងរបៀបវារៈមហាសន្និបាតលើកទី៤៦ហើយ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ា បានស្តាប់របាយការណ៍សកម្មភាពការងាររបស់អគ្គលេខាធិកាដ្ឋានអាយប៉ាប្រចំាឆ្នាំ២០២៤-ឆ្នាំ២០២៥ និងពិភាក្សានិងអនុម័តផែនការបន្តរបស់អាយប៉ាផងដែរ។ គណៈកម្មាធិការប្រតិបត្តិអាយប៉ាបានអនុម័តជូនសភាប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះមហាសន្និបាតអាយប៉ាលើកទី៤៧ នៅឆ្នាំ២០២៦ និងប្រទេសសឹង្ហបុរី ត្រៀមធ្វើជាម្ចាស់ផ្ទះអាយប៉ាលើកទី៤៨ នៅឆ្នាំ២០២៧។ ចំណែកកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ា (AIPA Caucus)លើកទី១៧ ក្នុងឆ្នាំ២០២៦ នៅប្រទេសឥណ្ឌូណេស៊ី។
សូមជម្រាបថា អន្តរសភាអាស៊ាន ហៅកាត់ (អាយប៉ា/AIPA) ជាវេទិកាសភានៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលតំណាងឱ្យប្រជាពលរដ្ឋប្រមាណជិត៧០០លាននាក់ ។ ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ មហាសន្និបាតប្រចាំឆ្នាំរបស់អាយប៉ា រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់យន្តការសភា បង្កើនកិច្ចសហប្រតិបត្តិការជាមួយអាស៊ានដើម្បីសម្រេចបានចក្ខុវិស័យសហគមន៍មួយ ដែលយកប្រជាពលរដ្ឋជាស្នូល។
មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ ឆ្នាំ២០២៥ ដែលសភាប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ “សភាទៅមុខសម្រាប់កំណើនប្រកបដោយបរិយាបន្ន និងអាស៊ានប្រកបដោយចីរភាព” ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ ខែកញ្ញា៕
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន2 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន2 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ