ព័ត៌មាន
ឯកឧត្តម ហេង សួរ៖ ជប៉ុនជាដៃគូដ៏សំខាន់មិនអាចកាត់ផ្តាច់បានលើការអភិវឌ្ឍការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញចូលរួមជាសហអធិបតីក្នុងពិធីប្រគល់-ទទួលឧបករណ៍ សម្ភារៈ និងបរិក្ខារបច្ចេកទេសសម្រាប់បណ្តុះបណ្តាលជំនាញអគ្គិសនី ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុនជូនដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស។
ថ្លែងក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់រាជរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុនចំពោះការផ្តល់ជំនួយឥតសំណងដ៏មានសារៈសំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា និងលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។
ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានលើកឡើងបន្ថែមថា ជំនួយរបស់ជប៉ុននៅក្នុងវិស័យអប់រំរបស់កម្ពុជានាពេលកន្លងមក បានរួមចំណែកកសាងសមត្ថភាពធនធានមនុស្សកម្ពុជា និងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍ និងស្តារកម្ពុជាឡើងវិញ។ ប្រទេសជប៉ុន ជាដៃគូដ៏សំខាន់មិនអាចកាត់ផ្តាច់បានលើការអភិវឌ្ឍ ជាពិសេស លើការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ឧបករណ៍ សម្ភារៈ និងបរិក្ខារបច្ចេកទេស ដែលបានផ្តល់មកកម្ពុជា នឹងក្លាយជាវត្ថុទិព្វបន្ថែមទៀតដល់សិស្ស និសិ្សត TVET កម្ពុជាឱ្យមានឱកាសប្រើប្រាស់បច្ចេកវិទ្យារបស់ជប៉ុន ដើម្បីអនុវត្តលើទ្រឹស្តីដែលបានសិក្សា។
ជាមួយគ្នានេះ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា នៅក្នុងវិស័យផលិតកម្មនៅកម្ពុជា ត្រូវការកម្លាំងពលកម្មជំនាញ។ ដូចនេះ ជំនួយនេះ នឹងជួយឱ្យយុវជនកម្ពុជាបង្កើននូវសមត្ថភាពជំនាញចាំបាច់ ដើម្បីចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
ឯកឧត្តមឯកអគ្គរាជទូតបានបញ្ជាក់ អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលជប៉ុនលើការពង្រឹងនូវទំនាក់ទំនងមិត្តភាពជាមួយកម្ពុជា និងបន្តផ្តល់ការគាំទ្រ ដើម្បីធានាដល់ការអភិវឌ្ឍទៅវិញទៅមកនៃប្រទេសទាំងពីរ។
ការផ្តល់ឧបករណ៍ សម្ភារៈ និងបរិក្ខារបច្ចេកទេសក្នុងជំនាញអគ្គិសនី ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន មានតម្លៃសរុប ៤០០លានយ៉េន ស្មើនឹងប្រមាណ ៣,៦៣លានដុល្លារអាម៉េរិក បានប្រគល់ជូនវិទ្យាស្ថានចំនួន ៣ គឺវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC), វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI), និង វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI)៕













-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន7 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន6 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន2 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន4 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន7 days agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា