ព័ត៌មាន
កម្មករកាត់ដេរ អរគុណរាជរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធ ក្នុងការគិតគូរដំឡើងប្រាក់ឈ្នួលបន្តថែមទៀត
ខណៈលទ្ធផលប្រាក់ឈ្នួលអប្បរមារបស់កម្មករនិយោជិតវិស័យកាត់ដេរត្រូវបានប្រកាសជាផ្លូវការ ដែលបានសម្រេចដំឡើងចំនួន ២ដុល្លារបន្ថែមទៀត នៅឆ្នាំ២០២៦ខាងមុខ។ កម្មករ កម្មការិនី បានសម្តែងការអរគុណជូនចំពោះរាជរដ្ឋាភិបាល ក៏ដូចគ្រប់ភាគីពាក់ព័ន្ធ ដែលតែងតែគិតគូរ និងយោគយល់ជានិច្ចក្នុងការដំឡើងប្រាក់ឈ្នួលនេះ បើទោះបីជាការដំឡើងក្នុងចំនួនមិនសមបំណង ប៉ុន្តែមើលឃើញថា កើនឡើងជារៀងរាល់ឆ្នាំ។
លោក ដិប សុភា កម្មកររោងចក្រ ហ៊ី លីតូ ផ្នែកជាងម៉ាស៊ីន ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ បាននិយាយប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងថា រហូតមកដល់ពេលនេះលោកធ្វើការងារក្នុងវិស័យរោងចក្របានរយៈពេល១៥ឆ្នាំមកហើយ ដោយកត់សម្គាល់ឃើញថា ប្រាក់ឈ្នួលអប្បបរមាពិតជាមានការដំឡើងជារៀងរាល់ឆ្នាំ ដែលធ្វើឲ្យពួកគាត់នឹកស្មានមិនដល់ ដោយសារការចូលធ្វើការងារដំបូង ប្រាក់ឈ្នួលដែលទទួលបានមានចំនួនជាង ១០០ដុល្លារ ប៉ុន្តែមកដល់ពេលនេះ មានការកើនឡើងចំនួន ២០៨ដុល្លារ គិតត្រឹមឆ្នាំ២០២៥នេះ។ លោកបានបន្ថែមថា ជាមធ្យម គិតទាំងប្រាក់ឈ្នួលគោល និងប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដូចជា ថ្លៃស្នាក់នៅ ថ្លៃអាហារ និងប្រាក់ថែមម៉ោងជាដើម លោកទទួលបានចំនួនចន្លោះពីជាង ៣០០ ទៅ៤០០ដុល្លារ ឬច្រើនជាងនេះ ទៅតាមស្ថានភាពការងារជាក់ស្តែងក្នុងខែនីមួយៗ។
ក្រុមកម្មករ កម្មការនីនៅរោងចក្រនេះដែរ បានឱ្យដឹងស្រដៀងគ្នាដែរថា ចំពោះការដំឡើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំកន្លងមកនេះ បើទោះបីជាការដំឡើងប្រាក់ឈ្នួលត្រូវបានអ្នកផ្សេងគិតថាមិនច្រើន ប៉ុន្តែសម្រាប់ពួកគាត់ អាចនិយាយបានថា ពិតជាអស្ចារ្យណាស់ ជាពិសេសក្នុងពេលដែលប្រទេសជាច្រើនលើសកលលោកកំពុងជួបប្រទះបញ្ហាវិបត្តិសេដ្ឋកិច្ច ហើយកម្ពុជានៅតែអាចបន្តដំឡើងប្រាក់ឈ្នួលដល់កម្មករបានជានិច្ច។ ពួកគាត់ សង្ឃឹមថា ទៅថ្ងៃអនាគត ប្រសិនបើមិនមានបញ្ហាប្រឈមនានាដូចដែលឃើញចំពោះមុខ ពួកគាត់នឹងកាន់តែសប្បាយរីករាយ ដោយសារមានការងារធ្វើ និងមានចំណូលទៀងទាត់សម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារដូចសព្វថ្ងៃនេះ។
ទន្ទឹមនេះ កម្មករ កម្មការិនី បានលើកឡើងស្រដៀងគ្នាទៀតថា តាមរយៈការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អាណត្តិទី៧នេះ នឹងជួយឲ្យកម្មកររោងចក្រទាំងអស់ បន្តមានការងារធ្វើច្រើន ប្រាក់ខែខ្ពស់ និងការរស់នៅប្រកបដោយភាពសម្បូរសប្បាយក្រោមម្លប់សុខសន្តិភាពទៅមុខបន្តទៀត។
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃម្សិលមិញ បានមានប្រសាសន៍បញ្ជាក់ថា នៅឆ្នាំនេះ កិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមាមិនមានការបោះឆ្នោតដូចឆ្នាំកន្លងៗទៅនោះទេ ដោយសារភាគីនិយោជក និងភាគីសហជីពតំណាងកម្មករនិយោជិត បានសម្រេចឯកភាពប្រគល់ជូនរាជរដ្ឋាភិបាលជាកំណត់ ដោយសារភាគីទាំងពីរបានយល់ច្បាស់ពីស្ថានភាពជាក់ស្តែងនៃសេដ្ឋកិច្ច ជាពិសេសស្ថានភាពទីផ្សារការងារ និងភាពប្រកួតប្រជែងនៃប្រទេសជាដើម។
សូមបញ្ជាក់ថា ក្រោយឆ្លងកាត់ការពិភាក្សាគ្នាក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានសម្រេចលទ្ធផលផ្លូវការចំនួន ២០៨ដុល្លារ ដោយមានការបន្ថែមពីលើ ២ដុល្លារទៀត សរុបគឺចំនួន ២១០ដុល្លារ ដែលដាក់ឲ្យអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៦តទៅ។ ក្រៅពីការតម្លើងប្រាក់ឈ្នួលអប្បបរមា ចំពោះប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ដែលកម្មករនិយោជិតធ្លាប់ទទួលបានកន្លងមក ត្រូវបានរក្សាទុកនៅដដែល មានដូចជា រង្វាន់ធ្វើការទៀងទាត់ , ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ , ប្រាក់រង្វាន់អតីតភាពការងារ , ប្រាក់ថ្លៃបាយធ្វើការថែមម៉ោង និងប្រាក់ឈ្នួលធ្វើការថែមម៉ោងជាមធ្យម។ ក្រៅពីនេះ កម្មករនិយោជិតក៏ទទួលបានផលប្រយោជន៍ពីកម្មវិធីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ផងដែរក្នុងករណីជាសមាជិក ប.ស.ស ដូចជា ផ្នែកថែទាំសុខភាពនិងគ្រោះថ្នាក់ការងារ និងរបបប្រាក់សោធនជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី







-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន7 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
PR NEWS15 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ