ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ស្នើ UNDP បន្តគាំទ្រលើវិស័យអាទិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចបៃតងនៅកម្ពុជា
ភ្នំពេញ ៖រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើដល់ អង្គការសហប្រជាជាតិ UNDP បន្តចូលរួមចំណែកគាំទ្រកម្ពុជាលើការអនុវត្តកម្មវិធីកែទម្រង់ ហិរញ្ញវត្ថុសាធារណៈ និងការកៀរគរហិរញ្ញប្បទានបន្ថែម ឆ្លើយតបនឹងតម្រូវការអាទិភាពរបស់រាជរដ្ឋាភិបាល ជាពិសេសការ អភិវឌ្ឍសេដ្ឋកិច្ចបៃតង។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុង ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក អេនរីកូ ហ្គាវលីយ៉ា (Enrico Gaveglia) តំណាងកម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ (UNDP) ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ, ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យបានស្វាគមន៍យ៉ាងកក់ក្ដៅ និងបានសម្តែងនូវការអបអរសាទរ ចំពោះលោកអេនរីកូ ហ្គាលីយ៉ា (Enrico Gaveglia) ដែលបានចូលកាន់តំណែងជាតំណាង UNDP ប្រចាំកម្ពុជា កាលពីពេលថ្មីៗនេះ និងបានត្រឡប់មកបំពេញ ការងារជាថ្មីម្តង ទៀតនៅកម្ពុជា។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ លើកឡើងថា UNDP គឺជាដៃគូយុទ្ធសាស្ត្រសំខាន់មួយរបស់កម្ពុជា ដែលបានរួម ចំណែកក្នុងការអភិវឌ្ឍវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ជាពិសេសតាមរយៈការផ្តល់ជំនួយបច្ចេកទេស និងការកសាង សមត្ថភាពស្ថាប័ន លើការរៀបចំក្របខ័ណ្ឌគោលនយោបាយ, ការសម្របសម្រួលការអនុវត្តគោលនយោបាយ, ការរៀបចំយន្ត ការតាមដាននិងត្រួតពិនិត្យ, និងការងារកំណែទម្រង់ថ្មីៗដូចជា ការធ្វើពិពិធកម្មប្រភពហិរញ្ញប្បទាន, ការអភិវឌ្ឍមូលបត្ររដ្ឋ, ការកៀរគរហិរញ្ញវត្ថុបៃតង, ការរៀបចំក្របខ័ណ្ឌគោលនយោបាយហិរញ្ញប្បទានជាតិ, និងការគាំពារសង្គមជាដើម និងបានស្នើ ឲ្យ UNDP បន្តចូលរួមចំណែកគាំទ្រកម្ពុជាលើការអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងការកៀរគរហិរញ្ញប្បទាន បន្ថែមឆ្លើយតបនឹងតម្រូវការអាទិភាពរបស់រាជរដ្ឋាភិបាល ជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ក៏ដូចជា គាំទ្រកម្ពុជាក្នុងការ រៀបចំយុទ្ធសាស្ត្រសម្រាប់ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួចផងដែរ ។
លោក អេនរីកូ ហ្គាវលីយ៉ា (Enrico Gaveglia) បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិ- ការដ៏រឹងមាំរវាងរាជរដ្ឋាភិបាលកម្ពុជា និង UNDP កន្លងមក និងបានគូសរំលេចថា ក្រោមអាណត្តិបេសកកម្មថ្មីនេះ, UNDP នឹងផ្តល់អាទិភាពលើកិច្ចការសំខាន់មួយចំនួនដូចជា៖ ការរៀបចំក្របខ័ណ្ឌហិរញ្ញប្បទានជាតិ ដើម្បីឆ្លើយតបនឹងគោលដៅ អភិវឌ្ឍប្រកបដោយចីរភាព និងការសម្រេចនូវផែនការជាតិរួមចំណែកឆ្លើយតបការប្រែប្រួលអាកាសធាតុរបស់កម្ពុជា ដំណាក់ កាលទី៣, ការជំរុញការកៀរគរហិរញ្ញប្បទាន ជាពិសេសហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអាកាសធាតុ, ការគាំទ្រដល់ កម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ, កិច្ចគាំពារសង្គមដើម្បីចាកចេញពីភាពក្រីក្រ, ការវាយតម្លៃវិស័យសេដ្ឋកិច្ចឌីជីថល, និង Strategic Foresight Roadmap របស់ UNDP សម្រាប់កម្ពុជា៕
អត្ថបទ៖ សុន រ៉ាឌី










-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន7 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
PR NEWS15 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ