ព័ត៌មាន
រដ្ឋមន្រ្តីសុខាភិបាល «ថ្ងៃនេះ គឺជាការបើកទ្វារថ្មីមួយបន្ថែមទៀតនៃសេចក្តីសង្ឃឹម សម្រាប់ប្រជាពលរដ្ឋកម្ពុជា ក្នុងការមកទទួលសេវាថែទាំព្យាបាល ប្រកបដោយប្រសិទ្ធភាព គុណភាព និងសុវត្ថិភាព»
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធបិតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារពិគ្រោះជំងឺ (ប.ស.ស.) នៅមន្ទីរពេទ្យកាល់ម៉ែត។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរដល់មន្ទីរពេទ្យកាល់ម៉ែត ដែលបានសម្រេចសមិទ្ធផលថ្មីមួយបន្ថែមលើសមិទ្ធផលជាច្រើនរបស់មន្ទីរពេទ្យ ជាមួយនឹងការយកចិត្តទុកដាក់ក្នុងការអនុវត្តតាមគោលនយោបាយ និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា។ ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារពិគ្រោះជំងឺ (ប.ស.ស.) នឹងពង្រឹងការបម្រើសេវាជូនប្រជាពលរដ្ឋកម្ពុជា ស្របតាមអទិភាពរបស់រាជរដ្ឋាភិបាល។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំដល់អង្គភាពក្រោមឱវាទក្រសួងសុខាភិបាល ដោយ៖
១- បន្តអភិវឌ្ឍសមត្ថភាពជំនាញបច្ចេកទេសព្យាបាលអ្នកជំងឺតាមបែបទំនើបៗ និងមានប្រសិទ្ធភាពខ្ពស់
២- បង្កើនសកម្មភាពផ្នែកពិគ្រោះជំងឺក្រៅជូនអ្នកជំងឺឱ្យបានកាន់តែច្រើន និងធ្វើរោគវិនិច្ឆ័យឱ្យបានកាន់តែសុក្រិត
៣- លើកកម្ពស់គុណតម្លៃក្រមសីលធម៌វិជ្ជាជីវៈ ការប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ និងក្រុមគ្រួសារ កសាងទំនុកចិត្តជូនអ្នកជំងឺធ្វើឱ្យអ្នកជំងឺមានការពេញចិត្ត និងវាយតម្លៃល្អកាន់តែច្រើន
៤- បង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ ដែលមកទទួលសេវាឱ្យអស់លទ្ធភាព និងធានាការបម្រើសេវាពេញលេញ ២៤ម៉ោង លើ២៤ម៉ោង ដោយបម្រើសេវាជូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាព
៥- ជួយផ្សព្វផ្សាយ និងផ្តល់ការអប់រំជូនអ្នកជំងឺ និងក្រុមគ្រួសារ ពីវិធីសាស្រ្តបង្ការ និងថែទាំសុខភាពក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសការចូលរួមប្រយុទ្ធនឹងជំងឺមិនឆ្លង ជំងឺរ៉ាំរ៉ៃជាដើម សំដៅធ្វើឱ្យអត្រាឈឺ និងស្លាប់កាន់តែទាប អាយុកាលរំពឹងរស់កាន់តែវែង និងគុណភាពជីវិតរស់នៅកាន់តែប្រសើរឡើង
៦- បន្តការបណ្តុះបណ្តាលដល់អ្នកបន្តវេនប្រកបដោយសមត្ថភាព និងគុណវុឌ្ឍគ្រប់គ្រាន់ដើម្បីនិរន្តរភាព និងភាពរឹងមាំនៃកម្ពុជា។
ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យថ្នាក់ជាតិ មជ្ឈមណ្ឌលជាតិ និងមន្រ្តីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត និងប្រាជ្ញា ចូលរួមបំពេញបេសកកម្មយ៉ាងអង់អាចក្លាហាន ក្នុងនាមជាកងទ័ពអាវស ទទួលថែទាំ ព្យាបាល និងសង្គ្រោះអាយុជីវិតជូនកងទ័ពនៅសមរភូមិមុខ និងជនភៀសសឹក ក្នុងបញ្ហាជម្លោះព្រំដែន កម្ពុជា-ថៃ។ ឯកឧត្តមសាស្ត្រាចារ្យ ជម្រុញឱ្យបន្តខិតខំបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ប្រព័ន្ធគាំពារសង្គម រួមមានការប្រើប្រាស់បណ្ណ ប.ស.ស. បណ្ណមូលនិធិសមធម៌ បណ្ណក្រីក្រជាដើម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា អគ្គនាយកមនី្ទរពេទ្យកាល់ម៉ែត បានលើកឡើងថា អគារពិគ្រោះជំងឺ ប.ស.ស. នៅមន្ទីរពេទ្យកាល់ម៉ែតនេះ មានកម្ពស់០២ជាន់ បណ្តោយប្រវែង៣០,៣៦ម៉ែត្រ ទទឹង៦,២៥ម៉ែត្រ ផ្ទៃក្រឡាសរុប ៥៦៩,០៤ម៉ែត្រក្រឡា គ្រោងអគារធ្វើអំពីដែក សរុបចំនួន២០បន្ទប់៖ ជាន់ផ្ទាល់ដី៖ កន្លែងរង់ចាំ បញ្ជរចុះឈ្មោះពិគ្រោះជំងឺ ០៨បញ្ជរ បញ្ជរផ្តល់សេវា ០១បញ្ជរ បញ្ជរចុះឈ្មោះសមាជិក ប.ស.ស. ចំនួន ០៩បញ្ជរ និងបន្ទប់ប្តូរសម្លៀកបំពាក់របស់បុគ្គលិក ចំនួន ១បន្ទប់។ ជាន់ទី១៖ បន្ទប់ពិគ្រោះជំងឺចំនួន 0៧បន្ទប់ បន្ទប់បូមឈាមចំនួន 0២បន្ទប់ និងបន្ទប់អាហារបុគ្គលិក ០១បន្ទប់។ ជាន់ទី២៖ បន្ទប់ពិគ្រោះជំងឺចំនួន ០៩បន្ទប់ បន្ទប់អេកូ ០១បន្ទប់ ដែលបានរៀបចំស្រាប់សម្រាប់ទទួលអ្នកជំងឺក្នុងលក្ខខណ្ឌល្អប្រសើរ។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបំពាក់គ្រឿងឥស្សរិយយស ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ដែលមានស្នាដៃល្អ ដើម្បីជាការលើកទឹកចិត្តបន្ថែមទៀត ក្នុងការបំពេញការងារឱ្យកាន់តែប្រសើរឡើង។
ពិធីសម្ពោធនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកបេឡាជាតិសន្តិសុខសង្គម និងថ្នាក់ដឹកនាំក្រសួង នាយកមន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ មន្ទីរពេទ្យស្រុក មន្ទីរសុខាភិបាល និងថ្នាក់ដឹកនាំ មន្ត្រីរាជការបុគ្គលិកនៃមន្ទីរពេទ្យកាល់ម៉ែត ព្រមទាំងសិស្សនិស្សិត៕
អត្ថបទ រដ្ឋា















-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន7 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
PR NEWS17 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ