ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ បច្ចេកវិទ្យាឌីជីថល គឺជាកម្លាំងចលករថ្មីមួយសម្រាប់កំណើនសេដ្ឋកិច្ចសកល
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា បច្ចេកវិទ្យាឌីជីថល គឺជាកម្លាំងចលករថ្មីមួយសម្រាប់កំណើនសេដ្ឋកិច្ចសកល ហើយនឹងក្លាយជាកាតាលីករជំរុញឱ្យមានការផ្លាស់ប្ដូរដល់វិស័យទេសចរណ៍ ដោយធ្វើឱ្យដំណើរកម្សាន្តរបស់ភ្ញៀវទេសចរកាន់តែមានភាពរលូន និងការទទួលបានការបដិសណ្ឋារកិច្ចកាន់តែពេញចិត្ត និងបំភ្លេចមិនបាន។
ការថ្លែងនេះ ធ្វើឡើងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នេះ ក្នុងឱកាសឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្ដីពី ទេសចរណ៍ឌីជីថល ក្នុងគោលបំណងផ្សព្វផ្សាយអំពីនិរន្តរភាពនៃការអភិវឌ្ឍទេសចរណ៍តាមប្រព័ន្ធឌីជីថល ផ្តល់ឱកាសសម្រាប់ការពិភាក្សាផ្ទាល់រវាងអ្នកជំនាញ និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ព្រមទាំងបង្កើនការយល់ដឹងអំពីឧបករណ៍ និងបច្ចេកវិទ្យាឌីជីថលសម្រាប់គាំទ្រអាជីវកម្មទេសចរណ៍។
ឆ្លៀងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ចរន្តសកលភាវូបនីយកម្ម និងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ជាពិសេសការរីកចម្រើននៃបញ្ញាសប្បនិម្មិត ឬហៅកាត់ថា «AI» បានក្លាយជាផ្នែកមួយដ៏សំខាន់នៅក្នុងការរស់នៅ,ការសិក្សា, ការប្រកបអាជីវកម្ម, វិទ្យាសាស្ត្រសុខាភិបាល, យោធា ការផ្ដល់សេវាសាធារណៈ, ការធ្វើធុរកិច្ច និង ទេសចរណ៍ ជាដើម។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា បច្ចេកវិទ្យាឌីជីថល ក៏បានក្លាយជាកាលីករដ៏សំខាន់ក្នុងការជំរុញកំណើន និងពង្រឹងភាពធន់នៃចង្វាក់សេដ្ឋកិច្ចដែលមិនអាចខ្វះបាន។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា សម្រាប់វិស័យឯកជន បច្ចេកវិទ្យាឌីជីថលត្រូវបានគេប្រើប្រាស់សម្រាប់ការចាប់យកកាលានុវត្តភាព និងឧត្ដមភាពប្រកួតប្រជែងថ្មីៗ មានជាអាទិ៍ ការលើកកម្ពស់ប្រសិទ្ធភាពការងារ ការកាត់បន្ថយថ្លៃដើមក្នុងចង្វាក់ផលិតកម្ម ការតភ្ជាប់ខ្សែច្រវ៉ាក់ផលិតកម្ម និងការធានានូវឧត្ដមភាពប្រកួតប្រជែងក្នុងទីផ្សារ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចបន្ថែមថា ចំណែកនៅក្នុងវិស័យសាធារណៈ បច្ចេកវិទ្យាឌីជីថលបានជួយជំរុញចរន្តការ នៃការកែទម្រង់ក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈ ជាពិសេស ការផ្ដល់សេវាសាធារណៈ សម្រាប់ធុរកិច្ច ដោយបានកាត់បន្ថយនូវនីតិវិធីស្មុគស្មាញនិងការិយាធិបតេយ្យ, បង្កើនប្រសិទ្ធភាពនៃរដ្ឋបាលសាធារណៈ, ពង្រឹងអនុលោមភាព, និងកែលម្អបរិយាកាសធុរកិច្ចឱ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ សំណូមពរ និងបំណងប្រាថ្នារបស់ធុរជន និងប្រជាជនទូទាំងប្រទេស។
គួរបញ្ជាក់ថា សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, និងសិក្ខាកាមមកពីអាជ្ញាធរជាតិ អប្សរា, គ្រឹះស្ថានអង្គរ, មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ,រដ្ឋបាលក្រុង/ស្រុក, សមាគមទេសចរណ៍, សហគមន៍ទេសចរណ៍, វាគ្មិនកិត្តិយស ប្រតិបត្តិករទេសចរណ៍ និងសិស្សនិស្សិតប្រមាណ ៣១២នាក់៕

-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន7 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
PR NEWS16 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ