ព័ត៌មាន
មន្រ្ដីនាំពាក្យក្រសួងព័ត៌មាន៖អ្នកសារព័ត៌មានត្រូវស្គាល់តួនាទី និងកាតព្វកិច្ចខ្លួនឱ្យច្បាស់ដើម្បីធានាសុវត្ថិភាពក្នុងការចុះយក ផលិត និងផ្សព្វផ្សាយព័ត៌មាន
បាត់ដំបង៖ អ្នកសារព័ត៌មានត្រូវតែស្វែងយល់ឱ្យបានច្បាស់ស៊ីជម្រៅអំពីសិទិ្ធ ករណីយកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនជាអ្នកសារព័ត៌មាន និងត្រូវបន្តដុសខាត់ជំនាញនិងពង្រឹងសមត្ថភាព បទពិសោធន៍វិជ្ជាជីវៈសារព័ត៌មាន ដើម្បីបំពេញតួនាទីដោយក្រមសីលធម៌ពេញលេញ បម្រើដល់ប្រយោជន៍សាធារណៈ រួមចំណែកលើកកម្ពស់សិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ។ នេះជាប្រសាសន៍ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ដែលបានថ្លែងក្នុងឱកាសឯកឧត្តមផ្តល់បទអន្តរាគមន៍ក្នុងវគ្គបំពាក់បំប៉នស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាននិងសាធារណមតិ នៅសាលាខេត្តបាត់ដំបង កាលព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ។ ឯកឧត្តមបានមានប្រសាសន៍ក្រើនរំលឹកដល់អ្នកសារព័ត៌មានឱ្យស្វែងយល់ឱ្យច្បាស់ពីច្បាប់ និងព្រំដែននៃសេរីភាព ហើយត្រូវអនុវត្តសិទ្ធិចុះយកព័ត៌មាន ផលិត និង រាយការណ៍ព័ត៌មានដោយ អនុលោមតាមក្របខណ្ឌច្បាប់កំណត់។
ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា៖ «អ្នកសារព័ត៌មានមានតួនាទីសំខាន់ក្នុងការចូលរួមធានាការផ្សព្វផ្សាយប្រកបដោយភាពសុក្រឹត មានគុណភាព ផ្តល់ព័ត៌មានពិតជូនសាធារណៈជន និងរួមចំណែករក្សាទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើប្រព័ន្ធផ្សព្វផ្សាយ។ ហេតុដូច្នេះ អ្នកសារព័ត៌មានត្រូវសិក្សា ស្វែងយល់ និងធ្វើការស្រាវជ្រាវឱ្យបានច្រើនអំពីប្រធានបទនីមួយៗ ពិសេសពេលចុះយក និងរាយការណ៍ព័ត៌មានស្តីពីប្រធានបទពិបាក ឬរសើប និងដោយត្រូវស្វែងរកការសហការពីជំនាញ អាជ្ញាធរពាក់ព័ន្ធ ដើម្បីធ្វើឱ្យសេចក្តីរាយការណ៍ និងការផ្សព្វផ្សាយព័ត៌មាននោះមានភាពគ្រប់ជ្រុងជ្រោយ ដោយយោងប្រភពច្បាស់លាស់ ផ្លូវការ ហើយបានផ្តល់សំឡេងដល់ភាគីពាក់ព័ន្ធក្នុងសាច់រឿង ឬប្រធានបទនោះ»។
កន្លងទៅក្រសួងបានកត់សម្គាល់មានអ្នកសារព័ត៌មានខ្លះបានប្រព្រឹត្តផ្ទុយទៅនឹងនិយាមប្រតិបត្តិវិជ្ជាជីវៈ ផ្ទុយនឹងក្រមសីលធម៌ និងការដើរហួសគន្លងនៃច្បាប់។ ឯកឧត្តមបានគូសបញ្ជាក់ថាការអនុវត្តច្បាប់ពុំមែនជាការរិតត្បិតសិទ្ធិសេរីភាពឡើយ ប៉ុន្តែជាការអនុវត្តនៅក្នុងក្របខណ្ឌសង្គមដែលមានលទ្ធិប្រជាធិបតេយ្យនីតិរដ្ឋ ចំពោះទង្វើប្រាសចាកក្រមសីលធម៌ ឬការបំពានច្បាប់ លិខិតបទដ្ឋានជាធរមាន។ នៅពេលអ្នកសារព័ត៌មានបានផ្សាយប្រាសចាកការពិត ក្រមសីលធម៌វិជ្ជាជីវៈ បំពានសិទ្ធិ និងករណីយកិច្ចរបស់ខ្លួនជាអ្នកសារព័ត៌មាន ក្រសួងតែងតែធ្វើការណែនាំ និងតម្រង់ទិស ដើម្បីឱ្យអនុវត្តដោយគោរពតាមនិយាមវិជ្ជាជីវៈ និងក្រមសីលធម៌វិញ ព្រមទាំងបានឱ្យអ្នកសារព័ត៌មាននោះផ្សាយអត្ថបទកែតម្រូវជាមួយព័ត៌មានត្រឹមត្រូវវិញ ហើយបើនៅតែបន្តសកម្មភាពបំពានលើវិជ្ជាជីវៈ និងក្រមសីលធម៌ធ្ងន់ធ្ងរ ក្រសួងនឹងអាចឈានទៅសម្រេចលុបអាជ្ញាបណ្ណ ដែលទាំងនេះជាការអនុវត្តនីតិវិធីក្នុងក្របខណ្ឌច្បាប់ និងដោយអនុលោមតាមច្បាប់ស្តីពីរបបសារព័ត៌មាន។ ឯកឧត្តម ទេព អស្នារិទ្ធ បានបន្ថែមទៀតថាសេរីភាពខាងសារព័ត៌មាន មិនផ្តល់អភ័យឯកសិទ្ធិឱ្យអ្នកអនុវត្ត រួចផុតពីការទទួលខុសត្រូវចំពោះទង្វើបំពានច្បាប់ឡើយ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអ្នកនាំពាក្យបានសង្កត់ធ្ងន់ថាអ្នកសារព័ត៌មានត្រូវប្រតិបត្តិតាមក្រមសីលធម៌ និងនិយាមវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ និងត្រូវមានមនសិការ និងចូលរួមការពារឧត្តមប្រយោជន៍របស់ជាតិ។ អ្នកសារព័ត៌មានត្រូវចៀសវាងការផ្សាយព័ត៌មាន ដែលបង្កមហន្តរាយដល់សន្តិសុខជាតិ ឬប៉ះពាល់ដល់ស្ថិរភាពនយោបាយ សង្គម។
ឯកឧត្តមបានរំលឹកដល់អ្នកសារព័ត៌មានថា ត្រូវបែងចែកឱ្យច្បាស់រវាងការផ្ដល់ព័ត៌មាន និងការបញ្ចេញមតិផ្ទាល់ខ្លួន ព្រមទាំងធានារាល់ការបញ្ចេញមតិ ឬការរិះគន់ ត្រូវធ្វើឡើងដោយភាពថ្លៃថ្នូរ និងគោរពសិទ្ធិអ្នកដទៃ។ ជាងនេះទៀតអ្នកសារព័ត៌មាន ត្រូវមានកាតព្វកិច្ចរាយការណ៍ព័ត៌មាន ដោយមានប្រភពច្បាស់លាស់ ត្រូវផ្ទៀងផ្ទាត់ព័ត៌មាន និងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ និងព័ត៌មានភាន់ច្រឡំ។
ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានអំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអាជីព និងមិនមែនអាជីព ត្រូវមានទំនួលខុសត្រូវខ្ពស់ចំពោះការផ្សព្វផ្សាយព័ត៌មាន ដោយចៀសវាងការបំផ្លើស បំភ្លៃ ឬការកាឡៃព័ត៌មានប្រាសចាកពីការពិត ដើម្បីចូលរួមក្នុងការធានាសណ្តាប់ធ្នាប់ ស្ថិរភាព និងសន្តិសុខសង្គម ព្រមទាំងតម្កល់ លើកតម្កើងឧត្តមប្រយោជន៍ជាតិជាធំ។ សូមបញ្ជាក់ថា គិតត្រឹមខែសីហា ឆ្នាំ២០២៥នេះ ក្រសួងព័ត៌មានបានចេញបណ្ណសារព័ត៌មានជាង ៨៧០០បណ្ណ ដែលមានអង្គភាពចំនួន ១៦២០ អង្គភាព ទាំងប្រពៃណី និងទំនើប៕
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន2 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន2 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ