ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងអប់រំ៖ ទិវាគ្រូបង្រៀនប្រារព្ធឡើងជាការរំឭកគុណគ្រូបង្រៀនគ្រប់ជំនាន់
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាមានប្រសាសន៍ថា យើងទាំងអស់គ្នាប្រារព្ធទិវាគ្រូបង្រៀនដែលជាការរំឭកគុណគ្រូបង្រៀនគ្រប់ជំនាន់ ដែលបានខិតខំប្រឹងប្រែង តស៊ូលះបង់ក្នុងការបង្ហាត់ បង្រៀន និងការផ្ទេរចំណេះដឹងតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយដល់ក្មួយៗសិស្ស និស្សិត និងយុវជនគ្រប់ៗរូប។
ឯកឧត្ដមបណ្ឌិតសភាចារ្យ មានប្រសាសន៍បែបនេះក្នុងឱកាសដែលឯកឧត្ដមអញ្ជើញជាអធិបតីក្នុងពិធីទិវាគ្រូបង្រៀន ៥ តុលា ២០២៥ ក្រោមប្រធានបទ “គ្រូបង្រៀនជាតួអង្គសំខាន់ នៃបរិវត្តកម្មបញ្ញាសិប្បនិម្មិត” ដែលប្រារព្ធនៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី Esther McFarlane ប្រធានផ្នែកអប់រំ នៃអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម លោកជំទាវ មន្ត្រីមកពីអង្គភាពពាក់ព័ន្ធ តំណាងមន្ទីរអប់រំរាជធានី-ខេត្តទាំង២៥ នាយក នាយិកា លោកគ្រូ អ្នកគ្រូ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងគរុនិស្សិត។
ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បានបន្តថា តាំងពីដើមរៀងមក ការរំឭកគុណគ្រូ និងការដឹងគុណគ្រូបានក្លាយទៅជាចលនាជាតិដ៏ផុសផុលមួយ ត្រូវបានស្តែងឡើង តាមរយៈការជួបជុំសិស្ស ឬអតីតសិស្សជាមួយគ្រូបង្រៀន ឬគ្រូបង្រៀនចូលនិវត្តន៍ ដើម្បីប្រារព្ធទិវារំឭកគុណគ្រូនៅតាមសាលារៀន ក៏ដូចជាការបង្កើតឱកាសនានា ដើម្បីសួរសុខទុក្ខ និងជួបជុំជាមួយគ្រូបង្រៀនតាមគ្រប់រូបភាព។
ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង អនុវត្តបេសកកម្មរបស់ខ្លួនដោយជោគជ័យគួរឱ្យកត់សម្គាល់ ក្នុងការបិទបញ្ចប់ដំណើរការឆ្នាំសិក្សា ២០២៤-២០២៥ ប្រកបដោយប្រសិទ្ធភាព និងគុណភាព។ ជាក់ស្តែង បេក្ខជននិទ្ទេស A បានកើនឡើងរហូតដល់ ៣០២០ នាក់ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្រអប់រំបច្ចេកទេស ដែលទើបបញ្ចប់ថ្មីៗនេះ។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលបានគាំទ្រ និងសម្រេចដំឡើងប្រាក់បៀវត្ស និងលើកកម្ពស់ជីវភាពគ្រូបង្រៀន និងថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តអនុវត្ត និងពង្រឹងគោលនយោបាយនេះយ៉ាងម៉ឺងម៉ាត់ក្នុងការគាំទ្រវិស័យអប់រំ តាមរយៈការដាក់ចេញនូវកម្មវិធីអាទិភាព និងការវិនិយោគលើមូលធនមនុស្ស ដើម្បីធានាថាគ្រូបង្រៀននៅតែជាតួអង្គសំខាន់ ក្នុងការធ្វើបរិវត្តកម្មឌីជីថល និងAI សម្រាប់អនាគតកម្ពុជា៕

-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព