ព័ត៌មាន
បំបែកសំណុំរឿងករណីបាញ់ប្រហារនៅខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ ២នាក់
ភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបំបែកសំណុំរឿងករណីបាញ់ប្រហារ នៅខណ្ឌច្បារអំពៅ ឃាត់ខ្លួនបានជនសង្ស័យ ចំនួន ២នាក់ គឺអ្នកបញ្ជា និងអ្នកបាញ់ ក្នុងតម្លៃ ជាង ២ ០០០ ដុល្លារ។
តាមរយៈការបង្ហោះលើបណ្ដាញសង្គម នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០៤៖៥០នាទី មានករណី ប៉ុនប៉ងឃាតកម្ម កើតឡើងនៅចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈ LPG ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បង្កដោយជនសង្ស័យ ២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ១គ្រឿង ម៉ាក Wave ពណ៌ខ្មៅ បានធ្វើសកម្មភាពប្រើអាវុធខ្លី ១ដើម មិនស្គាល់ម៉ាកបាញ់ទៅលើជនរងគ្រោះឈ្មោះ ស៊ឺ ហួត ភេទប្រុស អាយុ៧៥ឆ្នាំ ជនជាតិខ្មែរ បណ្តាលឱ្យរងរបួសធ្ងន់ ខណៈពេលកំពុងជិះម៉ូតូចេញពីផ្ទះ ដើម្បីទៅហូបកាហ្វេ។
ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកោះកុង ខេត្តកំពង់ឆ្នាំង អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងខណ្ឌបឹងកេងកង ធ្វើការស្រាវជ្រាវតាមនីតិវិធី និងចាត់ការតាមវិធានការងារជំនាញឈានដល់កំណត់បានអត្តសញ្ញាណ និងទីកន្លែងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។
នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៣៖៣០នាទី កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ អួង សំណាង ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ ត្រឡាច ខេត្តកំពង់ឆ្នាំង នាំយកមកនាយកដ្ឋានដើម្បីធ្វើការសាកសួរ។
ក្រោយពីសាកសួរជនសង្ស័យខាងលើបាន ឆ្លើយសារភាពថា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ខ្លួនពិតជាបានធ្វើសកម្មភាពបាញ់ទៅលើជនគ្រោះប្រាកដមែន ដោយមានការបញ្ជាពីឈ្មោះ ឡូ ឡាគាវ ភេទស្រី អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ និងទទួលបានថ្លៃឈ្នួល ២ ៣០០ ដុល្លារ។ ក្រោយពីទទួលបានចម្លើយពីជនសង្ស័យខាងលើភ្លាម នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ កម្លាំងជំនាញនាំខ្លួន ឈ្មោះ ឡូ ឡាគាវ ភេទស្រី អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរតាមនីតិវិធី។ ដកហូតបានវត្ថុតាងធ្វើសកម្មភាព អាវុធខ្លី ១ដើម ម៉ាក K59។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើ កំពុងធ្វើការសាកសួរនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ៕












-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន5 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន5 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន4 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប