ព័ត៌មាន
អង្គការអន្តរជាតិ IOM ប្តេជ្ញាជួយផ្តល់កិច្ចគាំពារពលករទេសន្តរប្រវេសន៍កម្ពុជាត្រឡប់ពីថៃ
នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោកស្រី Nellie Ghusayni ប្រធានបេសកកម្មរបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំនៅកម្ពុជា ជួបពិភាក្សាការងារ ដោយជំនួបនេះផ្តោតលើការគ្រប់គ្រង និងការផ្តល់ការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការជួយគាំពារដល់ពលករទេសន្តរប្រវេសន៍ ជាពិសេសអតីតពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អង្គការ IOM ដែលបានផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការយកចិត្តទុកដាក់លើអតីតពលករដែលត្រឡប់មកពីប្រទេសថៃ លើកកម្ពស់ក្នុងការបណ្តុះបណ្តាលជំនាញ ការទទួលស្គាល់ជំនាញ ក៏ដូចជាកិច្ចអន្តរាគមន៍នានា ដើម្បីគាំពារផ្ដល់អត្ថប្រយោជន៍ និងលើកកម្ពស់ការគោរពសិទ្ធិពលករទេសន្តរប្រវេសន៍នៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកពីបញ្ហាប្រឈមដែលក្រសួងបានខិតខំដោះស្រាយតាមយន្តការផ្សេងៗឱ្យស្របទៅនឹងស្ថានភាពពិត និងសំណូមពរជាក់ស្តែង ខណៈពេលដែលជំនាញខ្លះពលករទទួលបាននៅប្រទេសថៃមិនស៊ីគ្នាទាំងស្រុងជាមួយតម្រូវការទីផ្សារការងារក្នុងស្រុក ដែលតម្រូវឱ្យមានការបណ្តុះបណ្តាលជំនាញឡើងវិញ និងការទទួលស្គាល់ជំនាញតាមរយៈការវាយតម្លៃផ្អែកលើសមត្ថភាពរបស់អតីតពលករ ដែលត្រឡប់មកពីប្រទេសថៃ។ ទន្ទឹមនឹងនេះ ក្រសួងក៏នឹងពិចារណាលើលក្ខខណ្ឌការងារសំខាន់ៗមួយចំនួនក្នុងការបើកឱកាសទីផ្សារការងារក្រៅប្រទេសថ្មីៗជូនពលករបន្ថែមទៀត។
ឯកឧត្តម ហេង សួរ បានបញ្ជាក់ជូនភាគីអង្គការ IOM ពីស្ថានភាពជាក់ស្តែងដែលកម្ពុជាកំពុងយកចិត្តទុកដាក់ដោះស្រាយនិងផ្តល់ឱកាសការងារ និងបណ្តុះបណ្តាលជំនាញ ជូនពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃវិញជាទ្រង់ទ្រាយធំ និងស្នើសុំភាគីអង្គការ IOM ផ្ដល់កិច្ចសហការលើការអនុវត្តការធ្វើតេស្តវាយតម្លៃផ្អែកលើសមត្ថភាពទទួលស្គាល់ការសិក្សាដែលមានពីមុន (RPL), ជំរុញការផ្សព្វផ្សាយការធ្វើតេស្តវាយតម្លៃផ្អែកលើសមត្ថភាពទទួលស្គាល់ការសិក្សាដែលមានពីមុន (RPL), កៀរគរដៃគូអភិវឌ្ឍន៍សម្រាប់ចូលរួមគាំទ្រផ្នែកហិរញ្ញវត្ថុដល់អតីតពលករដែលចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលខ្លីៗ, កិច្ចសហការក្នុងការបើកទីផ្សារការងារថ្មីបន្ថែមទៀត, និង បង្កើនកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ IOM ក្នុងការសហការជាមួយអាជ្ញាធរនានា ក្នុងការផ្ដល់កិច្ចគាំពារជូនពលករទេសន្តរប្រវេសន៍កម្ពុជា។
ជាការឆ្លើយតប លោកស្រីប្រធានរបស់អង្គការ IOM ប្រចាំកម្ពុជា បានឯកភាពតាមសំណូមពរឯកឧត្តមរដ្ឋមន្រ្តី ស្នើសុំជួយពង្រីកការគាំទ្រសម្រាប់កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេលខ្លី ការពង្រីកវេទិកាការងារ និងសិក្សាលទ្ធភាពផ្ដល់ការជួយឧបត្ថម្ភជាកញ្ចប់ថវិកា ឬសម្ភារៈប្រើប្រាស់ជូនដល់បងប្អូនពលករដែលវិលត្រឡប់ពីប្រទេសថៃ និងជនភៀសសឹកដែលបង្កដោយសង្គ្រាមព្រំដែនកម្ពុជា-ថៃ និងគាំទ្រលើការប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដោះស្រាយបញ្ហាឱ្យមានប្រសិទ្ធភាព ហើយនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ IOM ក្នុងការសហការជាមួយអាជ្ញាធរនានា ក្នុងការផ្ដល់កិច្ចគាំពារជូនពលករទេសន្តរប្រវេសន៍កម្ពុជា៕








-
ព័ត៌មាន4 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន6 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន6 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន3 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន3 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន6 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន6 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត