ព័ត៌មាន
សហភាពពលកម្មជាតិកម្ពុជា ផ្តួចផ្តើមរៃអង្គាសថវិកាជួយវីរកងទ័ព និងជនភៀសសឹក និងអំពាវនាវឱ្យម្ចាស់រោងចក្រ និងកម្មករទូទាំងប្រទេសចូលរួម
(ភ្នំពេញ)៖ សហភាពពលកម្មជាតិកម្ពុជា (NLC) ដែលមានសមាជិកជាកម្មករ-និយោជិតជាង ៧ម៉ឺននាក់ បានអំពាវនាវដល់សាធារណជន ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ជាពិសេសបងប្អូនកម្មករ-និយោជិត ចូលរួមក្នុងមូលនិធិសហភាពពលកម្មជាតិកម្ពុជា ដើម្បីជួយសម្រួលការលំបាកដល់បងប្អូនជនភៀសសឹក និងជួយឧបត្ថម្ភគាំទ្រដល់វីរកងទ័ព។
សេចក្ដីអំពាវនាវរបស់សហភាពពលកម្មជាតិកម្ពុជា នៅថ្ងៃទី១១ ខែធ្នូ បានឱ្យដឹងថា ដើម្បីបង្ហាញអំពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ក្នុងការចូលរួមគាំទ្រស្មារតីស្នេហាជាតិមាតុភូមិ របស់បងប្អូនវីរកងទ័ពកម្ពុជា ដែលបាននិងកំពុងឈរជើងការពារទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន និងបងប្អូនប្រជាពលរដ្ឋដែលជម្លៀសពីតំបន់ព្រំដែន (ជនភៀសសឹក) “មូលនិធិសហភាពពលកម្មជាតិកម្ពុជា (NLC)” នឹងចុះទៅសួរសុខទុក្ខដល់បងប្អូនវីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋដែលជម្លៀសខ្លួនចេញពីតំបន់ព្រំដែន នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ខាងមុខ។
ក្នុងស្មារតីនេះ សហភាពពលកម្មជាតិកម្ពុជា បានអំពាវនាវដល់សាធារណជន ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ជាពិសេសបងប្អូនកម្មករ-និយោជិត ជួយឧបត្ថម្ភជាថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគនានាតាមសទ្ធាជ្រះថ្លា និងគាំទ្រសកម្មភាពនេះឱ្យបានច្រើនកុះករ ដើម្បីចូលរួមចំណែកក្នុងការការពារបូរណភាពទឹកដី ដែលបង្ហាញពីភាពរួបរួមជាធ្លុងមួយនៃខឿនការពារជាតិរបស់កម្ពុជា។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានមានប្រសាសន៍ថា ដោយមើលឃើញអំពីការលំបាករបស់បងប្អូនជនភៀសសឹក ពីការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជានោះ, សហជីពរបស់លោក ក៏បានសម្រេចបង្កើត “មូលនិធិសហភាពពលកម្មជាតិកម្ពុជា (NLC)” នេះឡើង ដើម្បីជួយរួមចំណែកសម្រួលការលំបាកខ្លះរបស់ពួកគាត់ ហើយម្យ៉ាងទៀត ក៏ដើម្បីជួយឧបត្ថម្ភគាំទ្របន្ថែមដល់វីរកងទ័ព ដែលបាននិងកំពុងឈរជើងការពារទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន។
លោកបន្ថែមថា «ដូចនេះ ក្នុងនាមសហជីព ក៏សូមអំពាវនាវដល់បងប្អូនជនរួមជាតិ បងប្អូនកម្មករ-និយោជិត សូមមេត្តាចូលរួមឧបត្ថម្ភគាំទ្រជាមួយមូលនិធិសហភាពពលកម្មជាតិកម្ពុជា ដើម្បីទ្រទ្រង់ជួយឧបត្ថម្ភដល់បងប្អូនជនភៀសសឹក ក៏ដូចចូលរួមឧបត្ថម្ភគាំទ្រដល់វីរកងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងការពារដែនអធិបតេយ្យភាព ការពារទឹកដីកម្ពុជាយ៉ាងរឹងមាំរបស់យើង»។
ជាមួយគ្នានេះ លោក សំ សឿន បានបន្តថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះអំពើដ៏ឃោរឃៅរបស់យោធាថៃ ដែលបានបើកការវាយប្រហារមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាជាថ្មី ដោយបានបណ្ដាលឱ្យប្រជាជនស៊ីវិលស្លូតត្រង់ស្លាប់ និងរបួសជាច្រើននាក់ ហើយប្រជាជនរាប់សែននាក់ផ្សេងទៀត ត្រូវបានជម្លៀសចេញពីលំនៅឋានទៅកាន់ទីកន្លែងមានសុវត្ថិភាព។
នៅក្នុងសេចក្ដីអំពាវនាវដដែល សហភាពពលកម្មជាតិកម្ពុជា (NLC) សង្ឃឹមជឿថា សាធារណជន ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ជាពិសេសបងប្អូនកម្មករ-និយោជិត នឹងគាំទ្រសកម្មភាពនេះ ដើម្បីរួមចំណែកក្នុងការជួយឧបត្ថម្ភគាំទ្រដល់បងប្អូនវីរកងទ័ពដ៏អង់អាចក្លាហាន និងបងប្អូនប្រជាពលរដ្ឋដែលជម្លៀសខ្លួនពីតំបន់ព្រំដែន៕









-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន7 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
PR NEWS17 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ